ក្រោយសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសអនុញ្ញាតឲ្យមានសិទ្ធិដើរគ្រប់ទីកន្លែងនៅក្នុងប្រទេស លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានទទួលជួបភ្ញៀវទូតជាបន្តបន្ទាប់នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក ក្នុងនោះមានទូតបារាំង អាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលី។
មួយថ្ងៃក្រោយការប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា លោកស្រីឯកអគ្គរដ្ឋទូតបារាំង Eva Nguyen Binh គឺជាភ្ញៀវដំបូងគេបំផុតរបស់លោក កឹម សុខា។ ក្រោយជំនួបជាង១ម៉ោង ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «អំណឹះតទៅ លោក [កឹម សុខា] មានសេរីភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ នេះគឺជាកាយវិការវិជ្ជមានមួយ។ ប្រទេសបារាំងសង្ឃឹមថា លោកកឹម សុខានឹងទទួលបាននីតិសម្បទាឡើងវិញក្នុងពេលឆាប់ៗខាងមុខ»។
នារសៀលថ្ងៃដដែល អតីតមេដឹកនាំបក្សប្រឆាំង បានទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy។ ដូចគ្នាផងដែរ អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យស្តាប់ការនិយាយឆ្លើយឆ្លងគ្នាក្នុងជំនួបនោះឡើយ។ ក្រៅពីដើរចេញទាំងមុខញញឹមជាមួយមន្ត្រីទូត លោក កឹម សុខា មិនហ៊ានឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មាននោះទេ ដោយលោកបានពន្យល់ថា៖ «ទម្លាប់ខ្ញុំ ខ្ញុំចូលចិត្តអ្នកសារព័ត៌មាន។ ខ្ញុំចូលចិត្តជួបប្រជាពលរដ្ឋ ប៉ុន្តែជាអកុសលគួរឱ្យសោកស្ដាយ ដោយសារគេហាមខ្ញុំមិនឱ្យធ្វើនយោបាយ»។
លោក កឹម សុខា បានសុំការយោគយល់ពីអ្នកសារព័ត៌មាន ហើយពន្យល់បន្ថែមថា៖«គេហាមខ្ញុំមិនឱ្យធ្វើនយោបាយ មិនឱ្យនិយាយរឿងនយោបាយ ហើយខ្ញុំមិនដឹងភាសាអ្វី ដែលថាមិនមែនរឿងនយោបាយទេ។ ខ្ញុំអត់ទាន់ដឹងទេ។ ពីព្រោះកាលណាយើងនិយាយទៅ (យើងអត់ដឹង) គេកំណត់ប៉ុណ្ណា ដូច្នេះខ្ញុំអត់ទាន់ច្បាស់ដែរ។ ដូច្នេះខ្ញុំសុំអាធ្យាស្រ័យពីអ្នកសារព័ត៌មានទាំងអស់ ដោយខ្ញុំមិនអាចនិយាយឆ្លើយឆ្លងគ្នាបាន»។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាមេរិក លោក Murphy បានបង្ហាញពីបំណងរបស់លោកប្រាប់អ្នកសារព័ត៌មានថា លោកចង់ឃើញលោក កឹម សុខា មានសេរីភាពពេញលេញ និងស្នើឲ្យទម្លាក់បទចោទប្រកាន់លើប្រធានអតីតបក្សប្រឆាំងរូបនេះ ។ លោកក៏ឆ្លៀតស្នើឱ្យលើកលែងការចោទប្រកាន់នានា លើសមាជិកគណបក្សនយោបាយទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដែលជាប់ចោទកន្លងមកផងដែរ។
ឈានដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក លោក កឹម សុខា បានទទួលស្វាគមន៍តំណាងការទូតពីររូបទៀត គឺ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Christian Berger និងឯកអគ្គរាជទូតអូស្ត្រាលី លោកស្រី Angela Corcora។
លោក Christian Berger មិនបាននិយាយអ្វីឡើយក្រោយជំនួប ហើយបើតាមការលើកឡើងរបស់លោក មុត ចន្ថា ដែលជាមនុស្សស្និទ្ធិរបស់លោក កឹម សុខា លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានសាកសួរសុខទុក្ខជាធម្មតា ជាពិសេសទាក់ទងនឹងបញ្ហាសុខភាពរបស់អតីតមេបក្សប្រឆាំង។
នារសៀលថ្ងៃទី១២ ខែវិច្ឆិកានេះផងដែរ លោក កឹម សុខា បានចេញទៅអរគុណក្រុមអ្នកសារព័ត៌មានហើយលោកបានផ្តល់ឱកាសដល់លោកស្រី Angela Corcora ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ មិនមានសារអ្វីប្លែកនោះឡើយ អូស្ត្រាលីទទួលស្គាល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកថា នេះគឺជាការអភិវឌ្ឍន៍ជាវិជ្ជមានមួយ។
ទោះបីជាយ៉ាងណា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្ថានទូតអូស្ត្រាលី ជំរុញរដ្ឋាភិបាលឲ្យមានដំណើរការឆ្ពោះទៅរកដំណោះស្រាយនៃករណីនេះដោយយុត្តិធម៌ និងឆាប់រហ័ស។ ជាមួយគ្នានេះ អូស្ត្រាលីនៅតែមានការព្រួយបារម្ភអំពីចំនួនប្រជាពលរដ្ឋមួយចំនួនដែលប្រឈមនឹងការចោទប្រកាន់ ឬត្រូវបានចាប់ខ្លួនក្នុងប៉ុន្មានខែចុងក្រោយនេះ និងរបាយការណ៍ដែលថាសមាជិកបក្សប្រឆាំងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងការបញ្ចេញទស្សនៈនយោបាយតាមបណ្តាញអ៊ីនធឺណិត។
ម្យ៉ាងទៀត បម្រាម ដែលមិនឲ្យលោក កឹម សុខា ធ្វើសកម្មភាពនយោបាយ ក៏តុលាការនៅរក្សាទុកដែរ ដូច្នេះលោក មិនទាន់អាចធ្វើសកម្មភាពនយោបាយបានឡើយ ទោះបីជាលោក មានសេរីភាពក្នុងការដើរហើរក៏ដោយ។ លើសពីនេះ តុលាការ ប្រាប់លោកថា ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ពីព្រោះលោក នៅតែជាជនត្រូវចោទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោក លួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ។
ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដឹកលោក កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃុំ (ជិតព្រំដែនវៀតណាម)។ ជាប់ឃុំនៅទីនោះបានមួយឆ្នាំ ពោលគឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានតុលាការ អនុញាតឲ្យវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ តែមិនត្រូវបានទម្លាក់បទចោទចេញឡើយ ហើយលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា សហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បានមើលឃើញពីដំណើរវិជ្ជមានដំណាក់កាលដំបូងនៅកម្ពុជា ក្រោយការផ្តល់សិទ្ធិផ្លូវច្បាប់ច្រើនជាងមុនដល់ លោក កឹម សុខា ប៉ុន្តែស្ថាប័នអន្តរជាតិទាំងពីរ សម្តែងការសោកស្តាយ ដោយសារអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ នៅតែមិនមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយ ហើយបន្តស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែល៕