ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទូកខ្វះការឧបត្ថម្ភ ប្រឈមអវត្តមានឆ្នាំក្រោយ តែក្រុមអ្នកប្រណាំងមិនចង់ខកខានឡើយ
13, Nov 2019 ,
9:29 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ ទូកងមួយចំនួនដែលមិនមានការជួយឧបត្ថម្ភគ្រប់គ្រាន់ អាចនឹងអវត្តមាននៅឆ្នាំក្រោយៗ ប្រសិនបើនៅតែជួបស្ថានភាពបែបនេះ។ ចំណុះទូកភាគច្រើនមកចូលរួមប្រណាំង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដោយទូកខ្លះខ្វះខាតអាហារទទួលទាន។
ឈរក្នុងរោងដែលសង់ឱ្យកីឡាករស្នាក់នៅ លោក ឃុត កែវ វ័យ៣៦ឆ្នាំ ជាគណៈកម្មការទូង “សុវណ្ណកុមារ” មកពីវត្តជ្រៃមាស ស្រុកបាធាយ ខេត្តកំពង់ចាម។ គណៈកម្មការទូករូបនេះ ថាទូករបស់ខ្លួនមានថ្នាក់ខេត្តនិងស្រុកជួយឧបត្ថម្ភខ្លះដែរ ប៉ុន្តែនៅតែមិនគ្រប់ខ្ទង់ចំណាយ។ យ៉ាងហោចណាស់ត្រូវការប្រាក់២ពាន់ដុល្លារអាមេរិកដើម្បីចំណាយ ប៉ុន្តែទូក “សុវណ្ណកុមារ” ទទួលបានការជួយឧបត្ថម្ភតែប្រមាណ២លានរៀលតែប៉ុណ្ណោះ។ មាឌធំដំបងលោក ឃុត កែវ ថាការចំណាយលើអាហារសម្រាប់ចំណុះទូកក្នុងមួយពេល អស់ប្រមាណ៦០ម៉ឺនរៀល ដោយចំអិនបានម្ហូប២មុខ។
«ស្រុកជួយ១លានរៀល ហើយខាងខេត្តជួយអង្ករ១០០គីឡូក្រាមនិងប្រាក់៥០ម៉ឺនរៀល ហើយយើងរៃពីអ្នកភូមិបានប្រហែល៥០ម៉ឺនរៀលដែរ។ តែទោះជាយ៉ាងណា ប្រាក់នេះមិនគ្រប់ទេ។ យើងត្រូវការអង្ករប្រហែលជា២០០គីឡូក្រាម ប្រាក់ប្រហែល២ពាន់ដុល្លារ ទើបយើងអាចចំណាយគ្រប់។ យើងមកប្រណាំង៥ឆ្នាំហើយ។ រាល់ឆ្នាំគឺខ្វះខាតបែបនេះ។ ឆ្នាំមុនមានព្រះសង្ឃជួយ តែឆ្នាំនេះមិនមានទេ ដូច្នេះជំហរគឺនៅលើខ្ញុំ។ បើឆ្នាំក្រោយនៅតែបែបនេះ ប្រហែលយើងមិនមកទៀតទេ។ ចំណុះទូកទាំងអស់គាត់មកដើម្បីអបអរបុណ្យជាតិ ប៉ុន្តែបើខ្វះខាតពេក ក៏គាត់មិនសូវមានទឹកចិត្តដែរ»។
ប្រាក់ដែលប្រមូលបានពីអ្នកភូមិប្រមាណ១លានរៀលទូក ”សារាយក្រពុំឈូក" ត្រូវផ្គត់ផ្គង់មនុស្ស៦២នាក់ដែលមានទាំងកីឡាករនិងអ្នកចំអិនអាហារព្រមទាំងចាស់ទុំមកជាមួយទូកផង។ មួយថ្ងៃត្រូវចម្អិនអាហារ៤ពេល ដោយត្រូវចំណាយប្រាក់ប្រហែល៥០ម៉ឺនរៀល ហើយមួយពេលអាចធ្វើម្ហូបបានតែមួយមុខប៉ុណ្ណោះ។ ថ្វីដ្បិតទទួលបានជំនួយពីមេភូមិនិងគណៈពង្រឹងបក្សខ្លះក្ដី ប៉ុន្តែទូកនេះនៅតែខ្វះខាត។ លោក សៀវ ផល្លី អាយុ៥២ឆ្នាំ ជាគណៈកម្មការទូកថាទូករបស់លោករំពឹងការជួយឧបត្ថម្ភពីរដ្ឋ ប៉ុន្តែបើមិនបានគ្រប់ទេ គាត់ត្រូវខ្ចីប្រាក់ពីអ្នកភូមិដើម្បីឱ្យរួចមួយពេលប្រណាំងសិន។
មានស្ថានភាពប្រសើរជាងទូកទាំងពីរខាងលើបន្តិច បើទោះបីជាចំណូលមិនគ្រប់ តែទោះជាយ៉ាងណាទូកងឈ្មោះ “ព្រះទីន័ងសារាយអណ្ដែតចង្ហាន់ហុយ” មកពីខេត្តកំពង់ឆ្នាំង អាចមានប្រាក់ឧបត្ថម្ភដល់ចំណុះទូកត្រឡប់ទៅស្រុកវិញ។ ជាប្រភេទទូកចែវបុរសចំណុះ៤៩នាក់ ហើយបូកសរុបទាំងកម្លាំងបម្រុងមានចំនួន៦២នាក់ ដែលមានលោក សេង ប៊ុនហេង ជាគណៈកម្មការទូក។
មានសម្ដីមួយៗច្បាស់ៗលោក ប៊ុនហេង ថាទូករបស់លោកមានក្រុមការងារពង្រឹងបក្សជួយឧបត្ថម្ភខ្លះ អ្នកភូមិដែលទៅធ្វើការនៅប្រទេសកូរ៉េនិងថៃ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តខ្លះផង បានប្រមាណ១០លានរៀល។
លោក សេង ប៊ុនហេង ថាប្រាក់ដែលចំណាយលើសចំណូល ព្រះសង្ឃនៅក្នុងវត្តខំបិណ្ឌបាតពីពុទ្ធបរិស័ទនៅទីជិតឆ្ងាយយកមកបំពេញបន្ថែម។ លោកពន្យល់ដូច្នេះ៖« ខ្វះខាតយើងចេះតែក្បិតក្បៀតខ្លះទៅ។ មួយថ្ងៃយើងចំអិនអាហារ៤ពេល។ បើមិនធ្វើបែបនេះចំណុះទូកមិនមានកម្លាំងចែវ។ ព្រោះតែចង់ជួយវត្តអ្នកខ្លះត្រូវខាតការងារផ្ទះខ្លះដែរ។ ពេលទៅស្រុកវិញយើងជួយកីឡាករក្នុងម្នាក់១៨ម៉ឺនរៀលនិងអង្ករ២០គីឡូ កុំឱ្យពួកគាត់មកមិនបានអ្វីសោះ។ ខ្ញុំសំណូមពរដល់សប្បុរសជន សូមជួយតាមលទ្ធភាពផង»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
3 ថ្ងៃ
«ហ៊ីង» មានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
4 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
5 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម