ជាតិ
នយោបាយជាតិ
នៅថ្ងៃនេះ លោក កឹម សុខា បន្តជួបទូតសហភាពអឺរ៉ុប និងទូតជប៉ុន លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ទទួលជួបភ្ញៀវទូតជាបន្តបន្ទាប់ ក្រោយទទួលបានសិទ្ធិច្រើនជាងមុនពីតុលាការ។ រូបថត សៅ សុខអេង
× ក្រោយទទួលជួបការសាកសួរសុខទុក្ខពីសំណាក់ឯកអគ្គរដ្ឋទូតបារាំង អាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលី នារយៈពេលពីរថ្ងៃកន្លងមក លោក កឹម សុខា បន្តស្វាគមន៍ភ្ញៀវពីររូបទៀតនៅគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកនារសៀលនេះ។
តាមដំណឹងដែលផ្តល់ដោយលោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា អតីតប្រធានបក្សប្រឆាំងរូបនេះ នឹងស្វាគមន៍ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Carmen Moreno នាវេលាម៉ោង៩ និង៣០នាទីព្រឹក។
ដល់រសៀលម៉ោង៤ ឯកអគ្គរាជទូតជប៉ុន លោក Mikami Masahiro ក្លាយជាភ្ញៀវទូតទី៦ របស់លោក កឹម សុខា បើគិតចាប់តាំងពីគាត់ទទួលបានការបើកទូលាយសិទ្ធិច្រើនជាងមុនពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។
ក្រោយជំនួបជាមួយអង្គទូត៤ប្រទេសកន្លងមក លោក កឹម សុខា មិនបានថ្លែងសារអ្វីឡើយ ដោយលោកបញ្ជាក់ លោកស្ថិតក្រោមការហាមប្រាមនយោបាយ។ រីឯអង្គទូតឯណោះវិញ បានស្នើឲ្យមានការចរចានយោបាយ និងការទម្លាក់បទចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងរូបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com