ជាតិ
សេដ្ឋកិច្ច
របាយការណ៍​ព័ត៌មាន​៖ ពលរដ្ឋ​កោះកុង ព្រួយបារម្ភ​អំពី​តម្លៃ​ដី​ឡើងថ្លៃ ដោយសារ​ផ្លូវ​យន្តហោះ​ដែល​ចិន​សាងសង់​
13, Nov 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ បដា​បង្ហាញ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨។ (Reuters)
រូបឯកសារ៖ បដា​បង្ហាញ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨។ (Reuters)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ប្រជាពលរដ្ឋនៅក្នុង​ខេត្តកោះកុង សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​សាយភាយ​កាន់តែ​ច្រើនឡើង​របស់​ចិន​នៅក្នុង​ខេត្ត​របស់​ពួកគេ ដោយសារតែ​ការសាងសង់​ផ្លូវ​យន្តហោះ​ថ្មី​មួយ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជាមួយនេះ​។ នេះ​បើ​ផ្អែក​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​កាសែត​ជប៉ុន Nikkei Asian Review ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​១១​ខែវិច្ឆិកា​។​

 
​ផ្លូវ​យន្តហោះ​ដែលមាន​ប្រវែង​៣២០០​ម៉ែត្រ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ដែល​ចិន កំពុង​សាងសង់ គឺ​វែង​ល្មម​អនុញ្ញាតឱ្យ​យន្តហោះ​ខ្នាត​ធំ​ដូចជា Airbus A380 អាច​ចុះចត​និង​ហោះ​ឡើង​បាន​។ ផ្លូវ​យន្តហោះ​ថ្មី​នេះ វែង​ជាង​ផ្លូវ​យន្តហោះ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅទៀត​។​
 
​កសិករ​វ័យ​៣៩​ឆ្នាំ​ម្នាក់​នៅក្នុង​ខេត្តកោះកុង បាន​ប្រាប់​កាសែត​ជប៉ុន Nikkei Asian Review ថា តម្លៃ​ដី​នៅ​ទីនោះ បាន​ឡើង​១០​ដង ច្រើនជាង​ពីរ​បី​ឆ្នាំមុន​។​
 
​កោះកុង​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​មួយទៀត​របស់​កម្ពុជា ដែល​ចិន​បាន​បោះទុន​វិនិយោគ ក្នុង​ទ្រង់ទ្រាយ​ធំ ក្រោយពី​ពលរដ្ឋ​ចិន​បាន​ចូលកាន់​កាប់​ជំនួញ​កាស៊ីណូ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ស្ទើរតែ​ទាំងស្រុង​ក្នុង​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះសីហនុ ដែល​នៅជាប់​គ្នា​នោះ​។ នេះ បើ​យោងតាម​កាសែត​ជប៉ុន​ដដែល​។​
 
​សហរដ្ឋអាមេរិក បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​លទ្ធភាព ដែល​ចិន​អាច​នឹង​ប្រើប្រាស់​ផ្លូវ​យន្តហោះ​ថ្មី​នោះ សម្រាប់​គោលដៅ​យោធា ប៉ុន្តែ​កម្ពុជា បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតថា មិន​មានរឿង​បែបនេះ​កើតឡើង​ទេ​។​
 
​តែ​ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​ម្នាក់ទៀត​នៅក្នុង​ខេត្តកោះកុង បាន​ថ្លែងប្រាប់​កាសែត​ជប៉ុន​ថា​៖ «​‍​វា​គ្មាន​ប្រយោជន៍​ក្នុងការ​និយាយ​អំពី​អនាគត​នោះទេ​។ មនុស្ស​ជាច្រើន​គិត​ថាបើ​ពួកគេ​អាច​ក្លាយជា​អ្នក​មានបាន នោះ​អ្វីៗ ក៏​អាចទៅរួច​ដែរ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com