ទីក្រុងបាងកក - ថ្ងៃទី៥ វិច្ឆិកា ២០១៩ ៖ «បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន» ដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតនៅលើពិភពលោក បានចាប់ដៃគូជាមួយ «SCG» តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS (នៅទីក្រុងបាងកក) ដើម្បីអភិវឌ្ឍរួមគ្នា និងចែករំលែកចំណេះដឹង លើវិស័យបច្ចេកវិទ្យា និងនវានុវត្ត នៅក្នុងវិស័យចំនួន ៥ ។ ក្នុងនោះរួមមានការ ៖ទីក្រុងឆ្លាត, AI/Machine Learning និងគ្រឿងយន្ត, សារធាតុគីមីដែលមានតម្លៃខ្ពស់, ធុរកិច្ចថាមពលថ្មី, និងបរិស្ថាន និងនិរន្តរភាព។
«មជ្ឈមណ្ឌលនវានុវត្តន៍ SCG-CAS ICCB» បានត្រូវបង្កើតឡើងមុនដំបូងគេបង្អស់ នៅប្រទេសថៃ ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា និងការផ្ដល់អាជ្ញាប័ណ្ណ, ការស្រាវជ្រាវ និងបង្កើតនវានុវត្តន៍រួមគ្នា, ការអភិវឌ្ឍធនធានមនុស្ស និងវិនិយោគរួមគ្នា ក្នុងគោលដៅជំរុញនវានុវត្តន៍, បង្កើនភាពប្រកួតប្រជែង, និងលើកកម្ពស់នវានុវត្តន៍ នៅក្នុងវិស័យសេវាកម្ម និងឧស្សាហកម្ម រវាងប្រទេសថៃ និងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងនិន្នាការអនាគត។ គម្រោងជំហានដំបូង មានទឹកប្រាក់វិនិយោគសរុបជាង ១០០ លានយ័ន (ប្រហែលជាង ១៤ លានដុល្លារអាមេរិក)។
លោក Roongrote Ransiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន SCG បានឲ្យដឹងថា ៖«SCG ដាក់ចេញនូវទស្សនវិស័យ បង្កើតភាពជាដៃគូជាមួយបណ្ដាវិទ្យាស្ថាន និងអង្គការឈានមុខគេ ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព និងជំរុញការចែករំលែកចំណេះដឹង ដែលផ្ដល់លទ្ធភាពឲ្យ SCG អាចអភិវឌ្ឍផលិតផល និងសេវាកម្មបានលឿនរហ័ស និងកាន់តែមានប្រសិទ្ធផលជាងមុន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទូទាំងតំបន់អាស៊ាន។ ឧទាហរណ៍ រួមមាន ការវេចខ្ចប់ដែលតម្រូវទៅតាមបែបផែនរស់នៅដ៏សម្បូរបែប និងផាសុកភាពរបស់អតិថិជន, ជ័រប្លាស្ទិកគុណភាពខ្ពស់ ដែលផលិតដោយប្រើវត្ថុធាតុដើមតិច, និងដំណោះស្រាយផ្នែកសំណង់»។ លោក Roongrote Ransiyopash បានបន្តថា៖«ភាពជាដៃគូ គឺជាយន្តការដ៏សំខាន់មួយ ដើម្បីពង្រឹងក្រុមហ៊ុននានា ដូចដែលឆ្លុះបញ្ចាំងនៅក្នុងចំណូលកើនឡើងនៅក្នុងឆ្នាំ២០១៨ ពីការលក់ផលិតផលនិងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ (HVA) ដែលសម្រេចបានទឹកប្រាក់សរុប ១៨៤.៩៦៥ លានបាត ឬ ៣៩% នៃចំណូលសរុបពីការលក់ ខណៈដែលការចំណាយលើការស្រាវជ្រាវ និងនវានុវត្តន៍ មានទឹកប្រាក់សរុបចំនួន ៤.៦៧៤ លានបាត ឬត្រឹមតែ ១% នៃចំណូលសរុបពីការលក់ប៉ុណ្ណោះ»។
ក្រុមហ៊ុន SCG រីករាយបំផុត ដែលបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ដែលជាវិទ្យាស្ថានស្រាវជ្រាវដ៏ធំបំផុតមួយ ដែលដើរតួនាទីសំខាន់ នៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងរួមចំណែកគួរឲ្យកត់សម្គាល់ នៅក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសចិន បានបង្កើតភាពជាដៃគូជាមួយ SCG ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS (ប្រចាំទីក្រុងបាងកក) (CAS ICCB) ចាប់តាំងពីឆ្នាំ២០១៨ មក។ គោលដៅនៃកិច្ចប្រឹងប្រែងរួមនេះ គឺពន្លឿនបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារថ្មីៗ តាមរយៈសកម្មភាពនានា ដូចជាទស្សនកិច្ចសិក្សានៅតាមវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យា, ការរុករកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដែលត្រូវនឹងតម្រូវការដ៏សម្បូរបែប និងការធ្វើតេស្តសាកល្បងនវានុវត្តន៍នានា ដូចជា Sensor/IoT, អគារនិងរោងចក្រឆ្លាត, និងការគ្រប់គ្រងការបំពុលខ្យល់»។
ដើម្បីពង្រីកសហប្រតិបត្តិការ និងផ្ដល់លទ្ធភាពដល់ SCG អាចចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងប្រភពបច្ចេកវិទ្យាឈានមុខគេរបស់ចិន ដែលនឹងជួយលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ សម្រាប់វិស័យធុរកិច្ច និងឧស្សាហកម្ម សម្រាប់ទាំងប្រទេសថៃ និងទាំងប្រទេសចិន រួមជាមួយនឹងការធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសង្គមជាតិ, អនុស្សរណៈនៃការយោគយល់ (MoU) មួយ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩ តាមរយៈ CAS ICCB។ ពិធីចុះហត្ថលេខានេះ មានការចូលរួមធ្វើជាសាក្សី ដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។
លោកបណ្ឌិត Jiang Biao នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS (ប្រចាំក្រុងបាងកក) បានបន្ថែមដូច្នេះថា៖«CAS ICCB គឺជាសាខាមួយ ក្នុងចំណោមសាខាក្រៅប្រទេសចំនួន ៩ របស់ CAS ដែលដើរតួនាទីសំខាន់ នៅក្នុងការស្វែងរក និងបង្កើតភាពជាដៃគូ ជាមួយអង្គការឈានមុខគេនានា នៅក្រៅប្រទេស ដើម្បីបង្ហាញពីការងារវិទ្យាសាស្ត្ររបស់ CAS។ CAS មានវិទ្យាស្ថានស្រាវជ្រាវជាង ១០០កន្លែង និងមានអ្នកស្រាវជ្រាវ និងសមាជិកក្រុម ប្រមាណ ៧០.០០០នាក់ ព្រមទាំងមានបណ្ដាញអ្នកស្រាវជ្រាវជាន់ខ្ពស់ ៨០០នាក់ និងសាកលវិទ្យាល័យជាដៃគូសហការចំនួន ៣។ ថ្ងៃនេះ យើងរីករាយណាស់ដែលបានកសាងជាវេទិកាមួយ ដែលអាចភ្ជាប់ SCG ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកនវានុវត្តន៍នៅក្នុងប្រទេសថៃ និងអាស៊ាន ទៅនឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍ នៅឯ CAS និងបណ្ដាញផ្សេងទៀតនៅក្នុងប្រទេសចិន»។
ភាពជាដៃគូនេះ ផ្ដោតសំខាន់លើវិស័យអនាគតចំនួន ៥ រួមមាន ៖ ១) ទីក្រុងឆ្លាត, ឧ. អគារឆ្លាត, ការគ្រប់គ្រងថាមពល, ២) AI/Machine Learning និងគ្រឿងយន្ត, ៣) សារធាតុគីមីដែលមានតម្លៃខ្ពស់, ៤) ធុរកិច្ចថាមពលថ្មី ឧ. ថាមពលកកើតឡើងវិញ, ប្រព័ន្ធរក្សាទុកថាមពល និង ៥) បរិស្ថាន និងនិរន្តរភាព។ វិស័យទាំងនេះ ត្រូវគេរំពឹងថា នឹងមានសក្ដានុពលកំណើនខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការសម្បូរបែប របស់អតិថិជននៅទូទាំងពិភពលោក និងរួមចំណែកដល់ការអភិវឌ្ឍធុរកិច្ចរបស់ SCG នៅក្នុងគ្រប់វិស័យសំខាន់ៗទាំងអស់ ។
CAS ICCB មានជំនឿមុតមាំថា ភាពជាដៃគូនេះ នឹងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និង
នវានុវត្តន៍ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់វិស័យសេវាកម្ម និងឧស្សាហកម្មថៃ-ចិន ដែលរុញច្រានដោយការពិសោធន៍ទីផ្សារលើនវានុវត្តន៍ថ្មីៗ នៅក្នុងប្រទេសសមាជិកអាស៊ានឈានមុខគេ ដូចជាប្រទេសថៃ ។ ភាពជាដៃគូនេះ ស្របទៅតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) ដោយគម្រោងបឋមមានទឹកប្រាក់វិនិយោគ ១០០លានយ័ន ឬប្រហែល ៥០០លានបាត។ ថវិកាគម្រោងនេះ នឹងប្រើប្រាស់សម្រាប់ការចំណាយលើអ្នកស្រាវជ្រាវ បច្ចេកវិទ្យា ទីកន្លែង និងឧបករណ៍ពិសោធន៍ ជាមួយនឹងការរំពឹងប្រាក់ចំណេញមកវិញពីការបង្កើតនវានុវត្តន៍។
កិច្ចសហប្រតិបត្តិការរវាង SCG និងមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS (ប្រចាំក្រុងបាងកក) រួមមានដូចខាងក្រោម ៖
១) ការបង្កើត “មជ្ឈមណ្ឌលនវានុវត្តន៍ SCG-CAS ICCB” នៅឯអគារ D នៃ INC2 Tower នៅក្នុងទីភ្នាក់ងារជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៅក្នុងឧទ្យានវិទ្យាសាស្ត្រថៃ នៅខេត្ត Pathum Thani។ មជ្ឈមណ្ឌលនេះ នឹងប្រើប្រាស់ទីធ្លានៃមជ្ឈមណ្ឌលនវានុវត្តន៍បើកទូលាយ របស់ SCG និងក្លាយជាទីតាំងសម្រាប់ការតាំងពិព័រណ៍នវានុវត្តន៍នានា និងសន្និសីទស្រាវជ្រាវផ្សេងៗ។ ទីតាំងនេះ ក៏នឹងបម្រើជាមន្ទីរពិសោធន៍ R&D និងជាការិយាល័យសម្រាប់កិច្ចសហប្រតិបត្តិការ R&D រវាង SCG និង CAS ព្រមទាំងអ្នកស្រាវជ្រាវរបស់ CAS។
ក្រៅពីនេះ ទីតាំងដដែលនឹងបើកទូលាយដល់ការបង្កបង្កើត និងការបណ្ដុះបណ្ដាល
អាជីវកម្មចាប់ផ្ដើមថ្មី (start-up) ដើម្បីគាំទ្រសហគ្រិនថ្មីថ្មោងរបស់ចិនឲ្យធ្វើអាជីវកម្មនៅក្នុងអាស៊ាន ជាមួយ SCG ក្នុងទម្រង់ជាការពិគ្រោះយោបល់ ការអភិវឌ្ឍគម្រោងរួមគ្នា ឬការសាកល្បងទីផ្សារ និងការពង្រីកនវានុវត្តន៍ដែលបានបង្កើតឡើង ។
២) ប្រើប្រាស់បច្ចេកវិទ្យារបស់ CAS ឬបណ្ដាញអាជីវកម្មចាប់ផ្ដើមថ្មី (startup) នៅក្រោម CAS ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រទេសថៃ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្ដល់អាជ្ញាប័ណ្ណ ឬការការអនុវត្តបច្ចេកវិទ្យាទាំងនេះនៅក្នុងដំណោះស្រាយថ្មីៗរបស់ SCG។ ស្នើសុំអាជ្ញាប័ណ្ណសម្រាប់បច្ចេកវិទ្យា/ទ្រព្យកម្មសិទ្ធិបញ្ញាជាក់លាក់របស់ CAS ដើម្បីអភិវឌ្ឍនវានុវត្តន៍មួយចំនួនបន្ថែមទៀត ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា Sensor/IoT ពី CAS ដើម្បីអភិវឌ្ឍដំណោះស្រាយថ្មីៗរបស់ SCG ឧ. អគារឆ្លាត ឬការតាមដានភាពអាចជឿជាក់បានរបស់រោងចក្រ។
៣) គម្រោងស្រាវជ្រាវរួមគ្នា SCG-CAS ដើម្បីអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពអាជីវកម្មស្នូលរបស់ SCG។
៤) ដើរតួនាទីជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរបស់ថៃនិងចិន ដែលផ្ដល់ការបណ្ដុះបណ្ដាលអប់រំជាន់ខ្ពស់ ឬវគ្គបណ្ដុះបណ្ដាលខ្លីៗ ក្នុងទម្រង់ជាការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ ឬសិក្ខាសាលាដែលផ្ដល់ដោយអ្នកជំនាញរបស់ SCG និង CAS ឬដៃគូនានា។
៥) បង្កើតគម្រោងវិនិយោគរួមគ្នា ដើម្បីស្វែងរកឱកាសវិនិយោគនៅលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានសក្ដានុពលពាណិជ្ជកម្មខ្ពស់ នៅក្នុងប្រទេសចិន ឬស្វែងរកលទ្ធភាពនៅក្នុងការបង្កើតមូលនិធិសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍រួមគ្នា នៅក្នុងតំបន់អាស៊ាន។
លោក Roongrote មានប្រសាសន៍ថា ៖ «SCG មានក្ដីសង្ឃឹមមុតមាំថា ភាពជាដៃគូនេះនឹងពូនផ្ដុំឥទ្ធិពលនៃបច្ចេកវិទ្យានិងនវានុវត្តន៍របស់ស្ថាប័នទាំងពីរនេះ ដែលនឹងចែករំលែកនិងបំពេញបន្ថែមគ្នាលើផ្នែកធនធាន និងបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្មទូលំទូលាយ ដើម្បីអភិវឌ្ឍផលិតផលនិងសេវាកម្មដែលមាននវានុវត្តន៍ ដើម្បីបំពេញទៅតាមសេចក្ដីត្រូវការដ៏សម្បូរបែបរបស់អតិថិជន ឲ្យបានកាន់តែលឿនរហ័ស និងមានប្រសិទ្ធផលថែមទៀត។ ភាពជាដៃគូនេះ នឹងលើកកម្ពស់ភាពប្រកួតប្រជែង និងកសាងកំណើនដែលមាននិរន្តរភាព សម្រាប់ធុរកិច្ចស្នូលរបស់ SCG ព្រមទាំងអនុញ្ញាតឲ្យ SCG អាចរុករកឱកាសធុរកិច្ចថ្មីៗ ដែលនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសចិន បន្ថែមទៀត»៕
(អត្ថបទពាណិជ្ជកម្ម)