អន្តរជាតិ
វិបត្តិ​បូ​លី​វី​៖ មេបក្ស​ប្រឆាំង​ប្រកាស​ធ្វើ​ប្រធានាធិបតី​ស្តីទី​ក្រោយ​លោក Morales រត់​ទៅ​ម៉ិ​ក​ស៊ិ​ក​
13, Nov 2019 , 3:06 pm        
រូបភាព
លោកប្រធានាធិបតី Evo Morales (ឆ្វេង) និងលោកស្រី Jeanine Azez មេដឹកនាំបក្សប្រឆាំង (AFP)
លោកប្រធានាធិបតី Evo Morales (ឆ្វេង) និងលោកស្រី Jeanine Azez មេដឹកនាំបក្សប្រឆាំង (AFP)
ដោយ:
​មេដឹកនាំ​បក្សប្រឆាំង​បូ​លី​វី លោកស្រី Jeanine Azez នៅ​ថ្ងៃ​អង្គារ ១២ វិច្ឆិកា បានប្រកាស​ខ្លួនឯង​ធ្វើជា​ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ក្រោយពី​លោក​ប្រធានាធិបតី Evo Morales បាន​សុំលាលែង​តំណែង​។ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន អតីត​មេដឹកនាំ​ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​២០០៦​មកនេះ បាន​រត់​ភៀសខ្លួន​ទៅដល់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្រោយ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ទីនោះ​។

 
​លោកស្រី Jeanine Anez ដែលជា​អនុប្រធាន​ព្រឹទ្ធសភា បានប្រកាស​ចូល​គ្រប់គ្រង​ព្រឹទ្ធសភា​បណ្តោះអាសន្ន ។ សម្រាប់​តួនាទី​នេះ វា​អាច​ឲ្យ​លោកស្រី​ក្លាយជា​ប្រធានាធិបតី ។ យ៉ាងណាមិញ តំណាងរាស្ត្រ​មកពី​បក្ស​របស់លោក Morales បានធ្វើ​ពហិកា​អង្គប្រជុំ​ព្រឹទ្ធសភា កាលពី​ថ្ងៃ ១២ វិច្ឆិកា ដែល​នេះ​មានន័យថា គ្មាន​ឡើយ​កួ​រ៉ុ​ម​សម្រាប់​ការតែងតាំង​របស់លោក​ស្រី​។ 
 
​ក៏ប៉ុន្តែ​លោកស្រី Anez បាន​អះអាង​ឲ្យ​ដឹងថា រដ្ឋធម្មនុញ្ញ​បូ​លី​វី បានអនុញ្ញាត​ឲ្យ​លោកស្រី​ក្លាយជា​ប្រមុខរដ្ឋ​របស់​ប្រទេស​នេះ ក្រោយពី​ការលាលែង​តំណែង​របស់​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​។ ម្យ៉ាងទៀត លោកស្រី សង្កត់ធ្ងន់ថា លោកស្រី មាន​គម្រោង​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​នាពេល​ឆាប់ៗ​ខាងមុខ ហើយ​ធានាថា ប្រទេស​បូ​លី​វី មិន​ធ្លាក់​ចូលក្នុង​ស្ថានការណ៍​នយោបាយ​មួយ​ដែល​គ្មាន​អ្នកគ្រប់គ្រង​អំណាច​។  
 
​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក អតីត​ប្រធានាធិបតី​បូ​លី​វី លោក Morales បាន​ថ្កោលទោស​ចំពោះ​ការប្រកាស​នេះ ដោយ​ចាត់ទុកថា «​រដ្ឋប្រហារ​ដ៏​អន្តរាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​»​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP លោក បាន​បញ្ជាក់ថា មេដឹកនាំ​បក្សប្រឆាំង​រូបនោះ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី ដោយ​គ្មាន​គូ​រ៉ុ​ម​ផ្នែក​នី​តី​បញ្ញា​តិ្ត ហើយ​គាំទ្រ​ដោយ​ពួក​បក្ខ​ខ្លួន​ដូចជា​កងកម្លាំងប្រដាប់អាវុធ​និង​ប៉ូលិស ដែល​ដាក់​គំនាប​លើ​ប្រជាជន​បូ​លី​វី​។ 
 
​សូមជម្រាបថា លោក Evo Morales បាន​ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​បូ​លី​វី កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ក្រោយពី​ផ្ទុះ​បាតុកម្ម​ជាច្រើន​សប្តាហ៍​ជុំវិញ​លទ្ធផល​បោះឆ្នោត​។ អង្គការ​រដ្ឋ​អាមេរិក បានចេញ​របាយការណ៍ រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បូ​លី​វី កាលពី​ថ្ងៃទី ២០​តុលា​កន្លងទៅ​។ ទាក់ទិន​នឹង​ការសម្រេចចិត្ត​នេះ អតីត​មេដឹកនាំ​រូបនេះ អះអាងថា លោក​ត្រូវបាន​បង្ខំ​ឲ្យ​លាលែង​តំណែង ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា លោក​សម្រេច​ចាកចេញ​ពី​តំណែង​កំពូល​នេះ​ដោយ​ឆ​ន្ទះ​មួយ​គឺ​ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម​។​នោះ​គឺ​ព្រោះតែ​លោក​បាត់​ការគាំទ្រ​ពី​ខាង​កងទ័ព និង​ប៉ូលិស​បូ​លី​វី​ដែរ​៕

Tag:
 បូ​លី​វី​
  ម៉ិ​ក​ស៊ិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com