ជាតិ
បុណ្យអុំទូក
«សារាយតេជោសែនជ័យ» ពីខេត្តកណ្តាល ជាទូកលឿនជាងគេប្រចាំឆ្នាំ២០១៩
× ទូកឈ្មោះ «សារាយតេជោសែនជ័យ» ពីខេត្តកណ្តាល បានក្លាយជាម្ចាស់ជ័យលាភីទូកគូពិសេសដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៩ ក្រោយការប្រកួត៣ថ្ងៃពេញ ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា នាព្រះរាជពិធីបុណ្យអុំទូក នៅទន្លេចតុមុខ។ ទូកពីខេត្តតាកែវ ជាប់លេខ២ និងលេខ៣ ខណៈទូកចំនួនបីជាប់ចំណាត់ថ្នាក់ផ្នែកសោភណភាព និង៦ទូកទៀតជាប់ចំណាត់ថ្នាក់ផែនលេខ១។
«សារាយតេជោសែនជ័យ» ក្រោមការឧបត្ថម្ភរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ម៉ៅ ភិរុណ បានប្រើថិរវេលាសរុប ២៥:១៦.៣៤នាទី ក្រោយការប្រកួត៥ជើងនារយៈពេល៣ថ្ងៃ ដើម្បីក្លាយជាម្ចាស់ជ័យលាភីទូកគូពិសេសលឿនជាងគេនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩។ កាលពីឆ្នាំមុនទូកនេះ ជាប់ចំណាត់ថ្នាក់លេខ២។
ទូកពីខេត្តតាកែវ ដែលឧបត្ថម្ភដោយលោក សុខ សូកាន គឺ «សម្តេចវិបុលបញ្ញា បារមីមានជ័យ» និង «គិរីវង់សុខសែនជ័យ» បានជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ក្រោយបញ្ចប់លទ្ធផលយ៉ាងប្រកៀក ក្នុងថិរវេលា ២៥:១៨.៥៦ និង ២៥:៣៤.៤៨។
ទូកគូពិសេសចំនួន១៥ទៀតដែលបានចូលរួមប្រកួតប្រជែងមាន មកពីខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ចាម កណ្តាល ព្រៃវែង សៀមរាប តាកែវ កំពង់ធំ ព្រះវិហារ និងបន្ទាយមានជ័យ។
«កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ» ខេត្តព្រះវិហារ ដែលទទួលបានជ័យលាភីកាលពីឆ្នាំ២០១៨ មិនមានវត្តមានឡើយ ប៉ុន្តែគេសង្កេតឃើញទូកឈ្មោះ «ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ» ពីខេត្តកំពង់ចាម ដែលឧបត្ថម្ភដោយលោក ហ៊ីង ប៊ុនហៀង និងលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ និងបច្ចុប្បន្នជាអភិបាលខេត្តកំពង់ចាម ស្ថិតនៅចំណាត់ថ្នាក់លេខ៩។
ចំណែកទូកដែលបានចំណាត់ថ្នាក់ផែនលេខ១ ទាំង៦ទូក ខេត្តកំពង់ឆ្នាំងមានជ័យលាភីដល់ទៅ៣ទូក ក្នុងនោះរួមមាន «រន្ទះពេជ្រសែនជ័យ» ផ្នែកទូកអុំនារី «សម្តេចចៅហ្វាវាំងគង់» ផ្នែកទូកចែវបុរស និង «ព្រះពៃស្រពណ៍» ផ្នែកទូកចែវនារី។
ទូកជ័យលាភីផែនលេខ១ បីទៀត មាន ទូកអុំបុរស «ផ្ការាំស័ក្តិសិទ្ធិ» ពីខេត្តកណ្តាល ទូកខ្នាតអន្តរជាតិបុរស «ស ស យ ក ស្រុកពោធិ៍រៀង» ពីខេត្តព្រៃវែង និង ទូកខ្នាតអន្តរជាតិនាទី «សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ» ពីរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ទូកចំនួនបី បានទទួលចំណាត់ថ្នាក់ផ្នែកសោភណភាព ដែលសុទ្ធតែជាទូកអុំបុរស ក្នុងនោះមាន «ក្អែក ស តេជោសែនជ័យ» ពីរាជធានីភ្នំពេញ «នរិន្ទរង្សី ស្រី ស ពិជ័យចិត្របុត្រ» ពីខេត្តបាត់ដំបង និង «សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ» ពីខេត្តបន្ទាយមានជ័យ»៕
Tag:
អុំទូក
សារាយតេជោសែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com