ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា មាន​សិទ្ធិ​កម្រិតណា​?
13, Nov 2019 , 8:19 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ អ្នកស្រី ម៉េង សុភារី មេធាវីរបស់លោក កឹម សុខា, លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌, និង លោក​មេធាវី សុក សំអឿន
ពីឆ្វេងទៅស្តាំ៖ អ្នកស្រី ម៉េង សុភារី មេធាវីរបស់លោក កឹម សុខា, លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌, និង លោក​មេធាវី សុក សំអឿន
ដោយ: ថ្មីៗ
​ឲ្យ​តែ​នៅក្នុង​ប្រទេស លោក កឹម សុខា ប្រធាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​ទៅ​ទីណា​ក៏បាន ហើយ​កុំ​ឲ្យ​តែ​និយាយ​ឬ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ លោក ចង់​ជួប​អ្នកណា​ក៏បាន​ដែរ​។​


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ អ្នកស្រី ម៉េង សុភា​រី មេធាវី​របស់លោក កឹម សុខា និង លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ផ្តល់​ចម្លើយ​ដូចគ្នា​ថា លោក កឹម សុខា អាច​ជួប​គ្រប់​អ្នកនយោបាយ និង​សហកា​រី​របស់លោក​ពីមុនៗ ហើយក៏​អាច​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ផងដែរ​។​
 
​ប៉ុន្តែ លោក ជិន ម៉ា​លីន សង្កត់ធ្ងន់ថា រាល់​ជំនួប​ទាំងនោះ មិនត្រូវ​និយាយ​ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​បើ​ជួប​ក្នុងន័យ​សួរសុខទុក្ខ ជួប​សំណេះសំណាល និង ជាការ​នឹករលឹក​ធម្មតា មិនមាន​ចេតនា​នយោបាយ ឬក៏​រៀបចំ​ផែនការ​សកម្មភាព​នយោបាយ គឺ​មិន​អី​ទេ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ នៅ​អះអាង​ទៀតថា លោក កឹម សុខា ក៏​អាច​ឆ្លើយឆ្លង​ជាមួយ​អ្នកកាសែត​ដែរ​។ លោក ថ្លែង​បែបនេះ​ថា​៖«​គាត់ និយាយ​ជាមួយ​អ្នកកាសែត មានអី អ្នកកាសែត សម្ភាស​ចង់ដឹង​ពី​សុខភាព ពី​ស្ថានភាព​គ្រួសារ​របស់គាត់ អត់​អី​ទេ កុំ​ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ជំហរ​នយោបាយ​»​។  
 
​អ្វីដែល​មេធាវី​និង​លោ កឹម សុខា ខ្លួនឯង កំពុង​បារម្ភ​និង​ពិបាក​បែង​ចែង​នោះ គឺថា តើ​ភាសា​បែបណា ចាត់ទុកជា​ភាសា​នយោបាយ ហើយ​ការជួប​ឬ​ការធ្វើសកម្មភាព​យ៉ាងម៉េច ចាត់ទុកជា​សកម្មភាព​នយោបាយ​? 
 
​អ្នកស្រី ម៉េង សុភា​រី លើកឡើងថា ក្រុម​មេធាវី នឹងដាក់​លិខិត​មួយ​ក្នុងពេល​ឆាបៗ​នេះ ទៅកាន់​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​របស់លោក កឹម សុខា សុំ​ឲ្យ​ពន្យល់​ឲ្យ​ច្បាស់លាស់​ពី​ពាក្យ «​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​» ដើម្បី​ចៀសវាង​ការអនុវត្ត​ខុស​។ អ្នកស្រី​មេធាវី និយាយ​បែបនេះ​ថា​៖«​យើងខ្ញុំ ជា​មេធាវី ក៏​មិនទាន់​ច្បាស់ ហើយ​កូនក្តី ក៏​នៅ​មិនទាន់​ច្បាស់​»​។ 
 
​លោក​មេធាវី សុក សំអឿន ដែលមាន​បទពិសោធ​ច្រើន​ឆ្នាំ​ក្នុង​ការការពារ​ក្តី យល់ថា ការកំណត់​មិន​ឲ្យ​លោក កឹម សុខា ធ្វើ​សកម្មភាព​នយោបាយ ហាក់​មិនមាន​និយមន័យ​ច្បាស់លាស់​ឡើយ ហើយ​អាស្រ័យ​តែ​ទៅលើ​ការបកស្រាយ​របស់​តុលាការ​។ លោក មានប្រសាសន៍ថា ប្រសិនបើ លោក កឹម សុខា ធ្វើ​សកម្មភាព​អ្វី ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​របស់គេ គឺ​គេ អាច​នឹង​បិទ​សិទ្ធិសេរីភាព​របស់លោក​វិញ​។ 
 
​លោក​មេធាវី ដែល​តែង​ត្រូវបាន​អ្នកកាសែត​សួរ​ពី​ផ្លូវច្បាប់​រូបនេះ មានប្រសាសន៍​ដូច្នេះ​ថា​៖«​ស្រុក​ខ្មែរ ពិបាក​ណាស់ តុលាការ​យើង មិនមែន​គិតពី​សិទ្ធិសេរីភាព​ទេ​។ បើ​តុលាការ គិតពី​សិទ្ធិសេរីភាព ទាល់តែ​ច្បាស់ ទាល់​មានច្បាប់ បាន​គេ​ហាម ដល់​យើង អត់​ច្បាស់ ទៅជា​ស្រេច​តែ​តុលាការ​ថា វា ទៅជា​យើង​ធ្វើ​ខុស​»​។ លោក បន្តថា​៖«​វា គ្រាន់តែ​ជា​រឿង​នយោបាយ មិនមែនជា​រឿង​ផ្លូវច្បាប់​ទេ​។ គ្រាន់តែ​គេ ឲ្យ​មតិ​អន្តរជាតិ យល់ថា មានការ​បន្ធូរ​បន្តិច ដើម្បី​អាចមាន​ឱកាស​សម្រាប់​គិតពី​រឿង​នយោបាយ​តទៅទៀត​...»​។ 
 
​សារព័ត៌មាន​ថ្មីៗ ព្យាយាម​សុំ​ការពន្យល់​ពី​លោក​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី ដែរ តែ​ប្រ​ព័ទ្ធ​ទូរស័ព្ទ រអាក់រអួល ហើយ​លោក ក៏​ផ្តាច់ការ​ហៅចូល​។ ចំណែក លោក សួស វិទ្យា​រ៉ា​ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​បកស្រាយ​ឡើយ ដោយ​លោក ប្រាប់ថា អ្វីៗ បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួចហើយ​។ 
 
​លោក អ៊ូ ច័ន្ទ​រ័ត្ន មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​លោក កឹម សុខា ជួប​ទូត​នានា​រួចហើយ លោក នឹង​រក​ពេល​ទៅសួរសុខទុក្ខ​លោក កឹម សុខា​។ លោក អះអាងថា មាន​អ្នកនយោបាយ​ដទៃទៀត​នៃ​អតីត​គណបក្សប្រឆាំង ក៏មាន​បំណង​ទៅ​ជួប​លោក កឹម សុខា ដែរ​។ 
 
​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​ឈាន​ជើង​ចូល​នយោបាយ​តាម​ខ្សែរយៈ​លោក កឹម សុខា បាន​បញ្ជាក់ថា​៖«​យើង ខាន​ជួបគ្នា មិនមាន​ទំនាក់ទំនង​ជាមួយគ្នា​យូរហើយ​។​...​ខ្ញុំ​ទៅ​ហ្នឹង ក៏មាន​ការប្រយ័ត្នប្រយែង​ដែរ គ្មាន​ចេតនា​ណាមួយ ដើម្បី​និយាយ​ពី​រឿង​នយោបាយ​ទេ​»​។​
 
​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន សម្រេច​លុប​បម្រាម​២​ចំណុច​ចេញពី​លោក កឹម សុខា គឺ​បម្រាម​មិន​ឲ្យ​លោក​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ និង បម្រាម មិន​ឲ្យ​លោក​ជួប​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។​
 
​ក្រោយ​លុប​ម្រាម​ទាំង២នេះ ទូត​បរទេស​នានា​នៅ​កម្ពុជា ដូចជា ទូត​អាមេរិក ទូក​សហភាព​អឺរ៉ុប ទូត​បារាំង ទូត​អូស្ត្រាលី និង ទូត​អាល្លឺម៉ង់ ជាដើម បាននាំគ្នា​ទៅសួរសុខទុក្ខ​លោក កឹម សុខា ដល់​គេហដ្ឋាន​ជា​ហូរហែ ហើយក៏​នឹងមាន​ទូត​ដទៃទៀត​ដែរ ដែល​នឹង​បន្តទៅ​ជួប​លោក កឹម សុខា​។​
 
​លោក កឹម សុខា ខ្លួនឯង​ផ្ទាល់ និង​អ្នក​ផ្សេងទៀត ពិសេស​អ្នកនយោបាយ​នៃ​អតីត​គណបក្សប្រឆាំង រួមទាំង​អ្នកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​តិ ព្រមទាំង​សហគមន៍​អន្តជាតិ​មួយចំនួន ហាក់​មិនទាន់​ពេញចិត្ត​ឡើយ ដែល​ចៅក្រម​ស៊ើបសួរ គ្រាន់តែ​លុប​បម្រាម​ខ្លះ​បែបនេះ​។ បើតាម​ការទាមទារ​រ​បស់​អ្នក​ទាំងអស់នោះ គឺ​ចង់​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា តែម្តង ហើយ​ផ្តល់​សិទ្ធិ​នយោបាយ​ជូន​លោក​វិញ​។​
 
​បន្ទាប់ពី​តុលាការ​បើក​សិទ្ធិ​ឲ្យ​ដើរហើរ លោក កឹម សុខា បានប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា លោក នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី​នេះ​។ តាមរយៈ​សារ​នោះ លោក បាន​សម្តែង​ក្តី​នឹករលឹក​ចំពោះ​ប្រជាពលរដ្ឋ​។  
 
​ជាង​២​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា មិនបាន​បង្ហាញមុខ និង​មិន​បា​នថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​។ ក្រោយ​សង្ស័យថា លោក ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការពឹង​ពាក់​រដ្ឋា​បាលប​រទេស សមត្ថកិច្ច បាន​ចូលទៅ​ចាប់​លោក​ដល់​គេហដ្ឋាន ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កាលពី​ថ្ងៃទី​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​ដឹក​លោក យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​។ 
 
៣​ខែក្រោយ គឺ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល រំលាយចោល ដោយ​ទាញហេតុផល​ថា ព្រោះតែ​មេដឹកនាំ​គណបក្ស​នេះ ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នៃ​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ ចំណែក​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​អតីត​គណបក្សប្រឆាំង រាប់​តាំង​លោក សម រង្ស៊ី និង លោក កឹម សុខា ចុះមក ត្រូវ​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។  
 
​ជាប់ពន្ធនាគារ​បាន​១​ឆ្នាំ លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ អនុញ្ញាត​ឲ្យ​រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ​បញ្ជូន​លោក​ឲ្យ​ទៅ​រស់នៅ​ក្នុងផ្ទះ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ ត្បិត​ថា មានឈ្មោះ​ជា​អ្នករស់នៅ​ក្រៅ​ឃុំ​ក្តី តែ​លោក កឹម សុខា នាពេលនោះ មិនអាច​ធ្វើ​អ្វី​បានឡើយ ដោយ​ចៅក្រម​ស៊ើបសួរ ដាក់​បម្រាម​និង​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង​ចំពោះ​លោក​។ 
 
​បម្រាម​ដែល​ចៅក្រម​ស៊ើបសួរ​ដាក់​ឲ្យ​លោក កឹម សុខា អនុវត្ត​កន្លងមក រួមមាន មិន​ឲ្យ​ចេញទៅ​ឆ្ងាយ​ណា​ពី​ផ្ទះ មិន​ឲ្យ​ជួប​មន្ត្រី​អតីត​គណបក្សប្រឆាំង មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស និង មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។ លើសពីនេះ លោក ត្រូវគោរព​កាតព្វកិច្ច​១​ទៀត គឺ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​ឬ​តុលាការ​។ 
 
​បច្ចុប្បន្ន លោក នៅជាប់​បម្រាម​​២​ទៀត គឺ មិនត្រូវ​ចេញទៅ​ក្រៅប្រទេស និង មិនត្រូវ​ធ្វើ​នយោបាយ ហើយ​ត្រូវបំពេញ​កាតព្វកិច្ច​ក្នុងការ​ឆ្លើយតប​នឹង​ការកោះហៅ​៕ 

Tag:
 កឹម សុខា​
  សិទ្ធិ​នយោបាយ​
  មេធាវី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com