អន្តរជាតិ
ប៉េកាំង បានទាត់ចោលសេចក្តីសម្រេចតុលាការកំពូលហុងកុងលើបម្រាមពាក់ម៉ាស់បិទមុខ បាតុករហុងកុងម្នាក់ បានពាក់ម៉ាស់បិទមុខ ដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួន, រូបភាព៖ South China Morning Post
× សភាចិន បានទាត់ចោលសេចក្តីសម្រេចរបស់តុលាការកំពូលទីក្រុងហុងកុង ទាក់ទិនទៅនឹងការហាមឃាត់ម៉ាស់បិទមុខ។ ក្នុងសេចក្តីប្រកាសនេះ បានសំអាងថា សេចក្តីសម្រេចរបស់តុលាការ គឺមិនមានដែនយុត្តាធិការ ស្របទៅនឹងច្បាប់មូលដ្ឋាន ដែលជារដ្ឋធម្មនុញ្ញរបស់ហុងកុងឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៩ ខែវិច្ឆិកា។
សេចក្តីប្រកាសរបស់ទីក្រុងប៉េកាំងខាងលើនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលទីក្រុងហុងកុង បានចេញសេចក្តីសម្រេចហាមឃាត់ការពាក់ម៉ាស់បិទរបស់ក្រុមបាតុករ និងចាត់ទុកថា គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។
ច្រានចោលសេចក្តីសម្រេចតុលាការកំពូលហុងកុង សភាចិន អះអាងយ៉ាងដូច្នេះថា រាល់ច្បាប់ នៃដែនរដ្ឋបាលពិសេសទីក្រុងហុងកុង អាចស្របទៅនឹងធម្មនុញ្ញភាពនៃច្បាប់មូលដ្ឋានហុងកុងទៅបាន លុះត្រាតែមានការកាត់សេចក្តី និងចេញសេចក្តីសម្រេចពី គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។
បានសេចក្តីថា គ្មានអង្គការណាមួយ មានសិទ្ធិចេញសេចក្តីសម្រេច និងកាត់សេចក្តី ជំនួសគណៈកម្មាធិការអចិន្ត្រៃយ៍បានឡើយ។ នេះបើតាមការអះអាង របស់លោក Yan Tanwei អ្នកនាំពាក្យគណៈកម្មការកិច្ចការច្បាប់ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន។
កន្លងមកក្រុមបាតុករទីក្រុងហុងកុង បានប្រើប្រាស់ម៉ាស់បិទមុខ ដើម្បីបិទបាំងអត្តសញ្ញាណរបស់ខ្លួនពីអាជ្ញាធរ។ ដើម្បីចាត់វិធានការទប់ស្កាត់សកម្មភាពទាំងនេះ មេដឹកនាំហុងកុង លោកស្រី ការី ឡាំ កាលពីថ្ងៃ ៤តុលា បានយកច្បាប់សល់ពីសម័យអាណានិគម ដែលគេកម្រប្រើបំផុតមួយ ដាក់បម្រាមក្រុមបាតុករពីការពាក់ម៉ាស់បិទមុខ ក្នុងគោលដៅកាត់បន្ថយអំពើហិង្សា។
អ្នកដែលបំពានច្បាប់មួយនេះ អាចជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ថែមទៀត។ នេះជាលើកដំបូងដែលបទបញ្ញត្តិបទបញ្ជាបន្ទាន់នេះ ត្រូវបានយកមកប្រើប្រាស់ក្នុងរយៈពេល៥២ឆ្នាំចុងក្រោយ។ រហូតមកដល់នៅថ្ងៃ១៨ ខែវិច្ឆិកា ទើបតុលាការកំពូលហុងកុង សម្រេចថា បម្រាមមិនឲ្យក្រុមបាតុករពាក់ម៉ាស់បិទមុខ គឺផ្ទុយទៅនឹងច្បាប់មូលដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com