ជាតិ
«​ដំណាំ​គម្រប​ដី​» កែប្រែ​ដី​ឲ្យ​មាន​គុណភាព និង​បង្កើន​ទិន្នផល​ដំណាំ​
19, Nov 2019 , 4:15 pm        
រូបភាព
លោក ស វ៉េង ប្រធាន​សម្របសម្រួល​ប​ច្ចេកទេស​នៃ​មជ្ឈមណ្ឌល​កសិកម្ម​អភិរក្ស កំពុង​ធ្វើ​បទ​បង្ហាញ ពី​ការអនុវត្ត​កសិកម្ម​អភិរក្ស ក្នុងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​
លោក ស វ៉េង ប្រធាន​សម្របសម្រួល​ប​ច្ចេកទេស​នៃ​មជ្ឈមណ្ឌល​កសិកម្ម​អភិរក្ស កំពុង​ធ្វើ​បទ​បង្ហាញ ពី​ការអនុវត្ត​កសិកម្ម​អភិរក្ស ក្នុងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​
​បាត់ដំបង​៖ «​ដំណាំ​គម្រប​ដី​» ជាការ​អនុវត្ត​កសិកម្ម សម្រាប់​ថែរក្សា​ដី​ឲ្យ​មាន​សំណើម ទប់ស្កាត់​ការហូរ​ច្រោះ​សារធាតុចិញ្ចឹម​របស់​ដី និង​កែប្រែ​ដី​ឲ្យ​មាន​គុណភាព​ឡើងវិញ​។ បច្ចុប្បន្ន កសិដ្ឋាន​ដែលមាន​ផ្ទៃដី​ប្រមាណ​២​ហិកតា​នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង អនុវត្ត​បច្ចេកទេស​នេះ ក្រោម​ការណែនាំ​ពី​អ្នកបច្ចេកទេស​ពី​ក្រសួងកសិកម្ម អស់​រយៈពេល​១០​មកហើយ​។​

 
«​ការដាំ​ស្មៅ​គម្រប​ដី​នេះ អាចឱ្យ​កសិករ​ចេះ​ការពារ​ដំណាំ​របស់ខ្លួន​ទៅនឹង​ប្រែប្រួល​អាកាសធាតុ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស វ៉េង ប្រធាន​សម្របសម្រួល​ប​ច្ចេកទេស​នៃ​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្ម​អភិរក្ស នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​របស់​អ្នកសារព័ត៌មាន​ជាង​១០​នាក់​ពី​រាជធានី​ភ្នំពេញ ក្រោម​ការរៀបចំ​របស់​អង្គការ​កសិកម្ម Gret កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​


លោក ស វ៉េង ប្រធាន​សម្របសម្រួល​ប​ច្ចេកទេស​នៃ​មជ្ឈមណ្ឌល​កសិកម្ម​អភិរក្ស កំពុង​ធ្វើ​បទ​បង្ហាញ ពី​ការអនុវត្ត​កសិកម្ម​អភិរក្ស ក្នុងស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​
 
​បើតាម​អ្នកជំនាញ​រូបនេះ ដំណាំ​គម្រប​ដី គឺ​ការដាំ​ពពួក​ស្មៅ ដូចជា ប្រភេទ​ស្មៅ Sorghum,  Stylo, Jute, Sesbania, Pearl Millet, Juncea និង​ការដាំ​ដំណាំ   សណ្តែក ល្ង ជាដើម ដែលមាន​អាយុកាល​លូតលាស់​ពី​៦០​ទៅ​៧៥​ថ្ងៃ ឬ​លើសពីនេះ​ទៅតាម​ប្រភេទ​ស្មៅ​នីមួយៗ​។ ស្មៅ​ទាំងនោះ ភាគច្រើន​គឺ​នាំចូល​ពី​បរទេស ដែល​បាន​ឆ្លងកាត់​ការវាយតម្លៃ ដោយមាន​ការចូលរួម​ពី​កសិករ​, អ្នក​ផ្សព្វផ្សាយ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធ​លើ​លក្ខណៈ​របស់​ដំណាំ​នេះ ដែល​សមស្រប​សម្រាប់​ដាំ​នៅ​តំបន់​ត្រូ​ពិ​ក​។​


ជា​ប្រភេទ​ស្មៅ​ចំណី​សត្វ​។ ការដាំដុះ លូតលាស់​លឿន​, ទិន្នផល ខ្ពស់ សមស្រប ទៅនឹង​លក្ខណៈ​សណ្ឋាន​ដី អាកាសធាតុ​នៅ​កម្ពុជា និង សម្បូរ​ទៅដោយ សារធាតុចិញ្ចឹម ផងដែរ​។  ស្មៅ​ប្រភេទ​នេះ អាចជួយ​គ្រប់គ្រង​បរិស្ថាន​បានល្អ ពិសេស​ការពារ​នឹង​ការកើនឡើង​កម្តៅ​ផែនដី ( ជា គម្រប​ដីកា​រពារ​ដី​ហូរ​ច្រោះ​បង្កើន​ជីវជាតិ​ដី និង បំផ្លាញ​ស្មៅ​ចង្រៃ ) ។​
 
​លោក ស វ៉េង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ដំណាំ​គម្រប​ដី គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​កសិកម្ម​អភិរក្ស ដែល​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ពិសេស​ការកើនឡើង​កម្តៅ​ផែនដី​នាពេល​បច្ចុប្បន្ន ដោយ​កសិករ​ត្រូវ​ដាំ​ដំណាំ​ទាំងនោះ​សម្រាប់ធ្វើ​គម្រប​ដី​ជា​អចិន្ត្រយ៍ ដើម្បី​បង្កើត​ជីវជាតិ​ដល់​ដី​។  លោក​ពន្យល់ថា​៖ «​ក្រោយពី​ទទួលបាន​ផល​ផ្លែ​-​ផ្កា ពី​ស្មៅ​គម្រប​ដី​នេះហើយ យើង​ប្រើ​ម៉ាស៊ីន​កាត់​វា​ផ្តួល​ឱ្យ​រៀបស្មើ​នៅលើ​ដី​នោះ បន្ទាប់មក​យើង​យក​ដំណាំ​ដែល​យើង​ចង់​ដាំ​ត្រូវ​នឹង​រដូវ​កាល​លូតលាស់​ល្អ ដូចជា​ដំឡូង និង​ពោត ដាំ​នៅលើ​ដី​នោះ​តែម្តង ដោយ​ពុំ​ភ្ជួរ​រាស់​ឬ​វៀប​ចំ​ដី​ឱ្យ​ស្អាត និង​ប្រមូល​ស្មៅ​ទាំងនោះ​ចេញ​ឡើយ នោះ​ស្មៅ​ដែល​យើង​ទុក​ធ្វើជា​គម្រប​ដី វា​នឹង​ការពារ​ដី​របស់​យើង​ឱ្យ​ធន់​នឹង​ការ​កើន​កម្តៅ​ផែនដី ផ្តល់​សំណើម​ដល់​ដី កាត់បន្ថយ​សំណឹក​ដី កាត់បន្ថយ​ការហូរ​ច្រោះ​ជីវជាតិ​ដី និង​បង្កើន​ផលដំណាំ​។ លើសពីនេះទៅទៀត ក្នុង​រយៈពេល​១០​ថ្ងៃ  ស្មៅ​ដែល​យើង​បាន​កាត់​ធ្វើ​គម្រប​ដី​ហ្នឹង វា​នឹង​ពុកផុយ​ចូលទៅក្នុង​ដី ហើយ​វា នឹង​ផ្តល់​ជីវជាតិ​គ្រប់គ្រាន់​ដល់​ដំណាំ​កសិកម្ម​ក្នុងការ​ស្រូបយក​ក្នុងការ​លូតលាស់ ដោយ​មិនបាច់​ប្រើប្រាស់​ជីគីមី​ជំនួយ​»​។ 
 
​ការដាំ​ពពួក​ស្មៅ​គម្រប​ដី​នេះ ក្រៅពី​នាំ​ឲ្យ​ដី​មានគុណ​ភាពល្អ និង​បង្កើន​ទិន្នផល​ដំណាំ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ហើយ​នោះ កសិករ ឬ​ម្ចាស់​កសិដ្ឋាន ថែមទាំង​ចំណេញ​ប្រាក់ និង​ពេលវេលា ទៀតផង ព្រោះ​ប្រភេទ​ស្មៅ​គម្រប​ដី​ទាំងនោះ ដូចជា ស្មៅ​Juncea មាន​ចេញ​ផ្កា​លឿង​ស្អាត ដោយ​កសិករ​អាច​ទទួល​ចំណូល​បន្ថែម​តាមរយៈ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា ហើយ​គ្រាប់​របស់​ផ្កា​នេះ មាន​ទីផ្សារ​ចាំ​ទទួល​ទិញ​ស្រាប់​ក្នុងតម្លៃ​ជិត​៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ រីឯ​ប្រភេទ​ស្មៅ​Sorghum វិញ គឺជា​ប្រភេទ​ស្មៅ​ចំណេញ​សត្វ ដែល​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​។ ស្មៅ​ទាំងនោះ យើង​អាច​ដាំ​បាន​គ្រប់​រដូវ​កាល គ្រប់​ទីកន្លែង​។ 


ជា​ប្រភេទ​ស្មៅ​គម្រប​ដី មិន​ត្រឹម​ការពារ​ដី​កុំ​ឲ្យ​ហូរ​ច្រោះ បង្កើន​ជីវជាតិ​ដី និង បំផ្លាញ​ស្មៅ ចង្រៃ​នោះទេ គឺ​ថែមទាំង​អា​ចរក​ចំណូល​បន្ថែម​ពី​ការចូល​ទស្សនា របស់​ភ្ញៀវទេសចរ និង​បាន​ពី​ការលក់​គ្រាប់​ផ្កា​ផងដែរ​។​
 
​ការអនុវត្ត​កសិកម្ម​អភិរក្ស ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ក្រៅពី​ប​ចេ្ច​ក​ទេស​ដាំ​ស្មៅ​គម្រប​ដី​នេះ មាន​ការដាំ​ដំណាំ​ឱ្យ​មិន​ភ្ជួរ​រាស់​ដី និង​ការដាំ​ដំណាំ​ឆ្លាស់គ្នា ឬ​ពិពិធ​កម្ម​មុខ​ដំណាំ​។ អ្នកសម្របសម្រួល​បច្ចេក​ទេស​នៃ​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្ម​អភិរក្ស បាន​បញ្ជាក់ថា កសិកម្ម​អភិរក្ស គឺជា​វិធានការ​បន្ស៊ាំ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​សមត្ថភាព​រក្សា​សំណើម​ដី កាត់បន្ថយ​រំហួត​ជាតិ​ទឹក​នៅក្នុង​ដី និង​កែប្រែ​ដី​ឱ្យមាន​គុណភាព​ឡើងវិញ​។ លើសពីនេះ ការអនុវត្ត​កសិកម្ម​អភិរក្ស​នេះ អាច​កាត់បន្ថយ​ហានិភ័យ​អាកាសធាតុ ដោយ​ផ្តល់​មកវិញ​នូវ​ជម្រើស​បត់បែន​សម្រាប់​កសិករ​ក្នុង​ការដាំ​ដំណាំ​ចម្បង ដូចជា ដំឡូង​មី និង​ស្រូវ ដែល​បន្ត​ដោយ​ជម្រើស​ដំណាំ​បន្ទាប់បន្សំ​ដែលមាន​វដ្ត​លូតលាស់​ខ្លី​ខុសគ្នា​។​
 
​ការអនុវត្ត​កសិកម្ម​អភិរក្ស ក៏​រួមចំណែក​ដល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ តាមរយៈ​ការឈប់​ភ្ជួរ​និង​រាស់​ដី ហើយ​បន្ទាប់មក​បង្កើន​សារធាតុសរីរាង្គ​ក្នុង​ដី (​រួមបញ្ចូល​ទាំង​កាបូន​សរីរាង្គ​ដី​) នាំឱ្យ​បង្កើន​ការ​ស្រូប​ទុក​កាបូន​នៅក្នុង​ដី​។ លើសពីនេះ កសិករ​ក៏​អាច​កាត់បន្ថយ​ការចំណាយ​លើ​ការដាំ​ដំណាំ​របស់ខ្លួន​ផងដែរ​។ នេះ​បើតាម​លោក ស វ៉េង​៕

Tag:
 ស្មៅ​គម្រប​ដី​
  កសិកម្ម​អភិរក្ស​
  ស្មៅ​
  បច្ចេកទេស​
© រក្សាសិទ្ធិដោយ thmeythmey.com