សេដ្ឋកិច្ច
អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​ថៃ​ប្រាប់​ពលរដ្ឋ​កុំ​និយាយ​បញ្ហា​សេដ្ឋកិច្ច ព្រោះ​ខ្លាច​អ្នកវិនិយោគ​បាត់​ទំនុកចិត្ត​
19, Nov 2019 , 9:19 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak  (ប្រភពរូប៖ កាសែត The Nation ថៃ
លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak (ប្រភពរូប៖ កាសែត The Nation ថៃ
ដោយ:
​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​ទទូច​ឲ្យ​សាធារណជន​កុំ​ជជែក​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ញឹកញាប់​ពេក ដោយ​អះអាងថា ទង្វើ​នេះ​អាច​ជះឥទ្ធិពល​ផ្លូវ​អារម្មណ៍​លើ​ទំនុកចិត្ត​របស់​ក្រុម​អ្នកវិនិយោគ​។

 
​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ចជាតិ​ថៃ (NESDC) បានប្រកាស​ពី​ការ​ថមថយ​កម្លាំង​នៃ​កំណើនសេដ្ឋកិច្ច​ថៃ​នៅ​ត្រីមាស​ទី​៣ ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Somkid Jatusripitak អះអាង សេដ្ឋកិច្ច​ថៃ ពឹងផ្អែក​មួយផ្នែកធំ​លើ​ការនាំចេញ ហើយ​កត្តា​ពី​ខាងក្រៅ​ជះ​ឥទ្ធិ​ល​ពល​យ៉ាងខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ក្នុងស្រុក​។  
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បញ្ជាក់​ឲ្យ​ដឹងថា លោក​គិតថា បញ្ហា​សេដ្ឋកិច្ច ពុំគួរ​ក្លាយជា​រឿង​ដែល​មនុស្ស​ម្នាក់​នាំគ្នា​រអ៊ូរទាំ​ឡើយ ហើយ​រឿង​សំខាន់​នោះ​គឺ ទំនុកចិត្ត​។  ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​ប្រជាជន​ថៃ​បន្ត​និយាយ​តែ​អំពី​បញ្ហា​សេដ្ឋកិច្ច​បែបនេះ​តទៅទៀត​នោះ វា​នឹងធ្វើ​ឲ្យ​រឿង​ល្អ មើលទៅ​អាក្រក់ ដែល​នឹង​បង្ក​ផលវិបាក​កាន់តែ​ធំ​។  
 
​លោក Somkid ហាក់​មិន​ចាប់អារម្មណ៍​ពី​កង្វល់​ពាក់ព័ន្ធ​នឹង​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​ស្ថាន​ប័នផ្តល់​យោបល់​របស់​រដ្ឋា​ភិ​បាល NESDC ដោយ​អះអាងថា តួលេខ​នេះ គឺ​នៅ​ល្អប្រសើរ ខណៈ​កំណើនសេដ្ឋកិច្ច​សកល​ធ្លាក់ចុះ​ខ្លាំង​។  លោក កត់សម្គាល់ថា សេដ្ឋកិច្ច​ថៃ រក្សា​លំនឹង​ល្អ ហើយ​នៅតែ​មានឱកាស​សម្រេច​កំណើនសេដ្ឋកិច្ច​ដំណាច់ឆ្នាំ រៀងរាល់ឆ្នាំ ហើយ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ពង្រឹងកម្លាំង​ក្នុង​ត្រីមាស​ទី​៤ ហើយ​សហគ្រាស​រដ្ឋ គ្រោង​ចំណាយលុយ​១០០​ពាន់​លាន​បាត ឬ​ស្មើនឹង ៣,៣១​ពាន់​លាន​ដុល្លារ​នៃ​កញ្ចប់​ថវិកា​វិនិយោគ​ក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​។ 
 
​ទន្ទឹមនេះ លោក​ឧ​ប​នាក​រដ្ឋមន្ត្រី Somkid ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា លោក​បាន​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​ពន្យល់​ពី​មូលហេតុ​នៃ​ការធ្លាក់ចុះ​យឺត​នៃ​កំណើនសេដ្ឋកិច្ច​ថៃ ប្រសិនបើ​ក្រុម​បក្សប្រឆាំង​សម្រេច​លើកយក​បញ្ហា​នេះ​ទៅ​ជជែក​តស៊ូ​មតិ​នៅ​សភា ដែល​គ្រោង​រៀបចំឡើង​នា​ខែក្រោយ​។ 
 
​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក Somkid ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ចជាតិ​ថៃ (NESDC) បាន​កាត់​ការប៉ាន់ស្មាន​កំណើន GDP ប្រចាំឆ្នាំ​២០១៩ មក​ត្រឹម ២,៦​ភាគរយ ដោយ​ការព្យាករណ៍​កន្លងទៅ គឺ​នៅ​ចន្លោះ​ពី​២,៧​ភាគ និង​៣,២​ភាគរយ​។ ម្យ៉ាងទៀត ភ្នាក់ងារ​ដដែល​នេះ ក៏បាន​ទម្លាក់​ការព្យាករណ៍​នៃ​ការនាំចេញ​ផលិតផល​របស់​ថៃ​សម្រាប់​ឆ្នាំនេះ​ទៀតផង​៕

Tag:
 ថៃ​
  Somkid Jatusripitak
© រក្សាសិទ្ធិដោយ thmeythmey.com