ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតី​អុីរ៉ង់​៖ កម្ពុជា អាចដើរតួនាទី​សំខាន់​ក្នុង​ទំនាក់ទំនង​អាស៊ាន​-​អុីរ៉ង់​
21, Nov 2019 , 10:42 am        
រូបភាព
លោក អ៊ុង ស៊ាន អគ្គរាជទូតកម្ពុជាប្រចាំអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ។ រូបថតទីភ្នាក់ងារព័ត៌មាន Mehr
លោក អ៊ុង ស៊ាន អគ្គរាជទូតកម្ពុជាប្រចាំអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ។ រូបថតទីភ្នាក់ងារព័ត៌មាន Mehr
​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា និយាយថា កម្ពុជា អាច​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​អ៊ីរ៉ង់ និង​អាស៊ាន​។ លោក​និយាយ​បែបនេះ​នា​ជំនួប​ជាមួយ​លោក អ៊ុង ស៊ាន អគ្គរាជទូត​កម្ពុជា​ប្រចាំ​អ៊ីរ៉ង់​ទើប​តែងតាំង​ថ្មី​។ ទូត​កម្ពុជា​វិញ ក៏​ប្រកាស​ការគាំទ្រ​ជំហរ​អ៊ីរ៉ង់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ព្រោះ​ភាគី​ទាំងពីរ​គំនិត​ដូចគ្នា​លើ​ឆាក​អន្តរជាតិ​។​

 
​លោក អ៊ុង ស៊ាន បាន​ទៅធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​តេ​ហេ​រ៉ង់​ដើម្បី​ផ្ដល់​សារតាំង​ជា​អគ្គរាជទូត​កម្ពុជា​ចំពោះ​ប្រធានាធិបតី​អ៊ីរ៉ង់  ហាសាន់ រូ​ហា​នី ។ លោក បានប្រគល់​សារតាំង​ដល់​លោក រូ​ហា​នី នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា នា​វិមាន​ប្រធានាធិបតី​អ៊ីរ៉ង់​។  
 
​នា​ជំនួប​ក្រោយ​ការទទួល​សារតាំង លោក រូ​ហា​នី និយាយថា កម្ពុជា​អាច​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ថែមទៀត​នៃ​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​សមាជិក​អាស៊ាន​ឯទៀត​។ ឯ​ទំនាក់ទំនង​ទ្វេភាគី​វិញ លោក រូ​ហា​នី អះអាងថា​៖ «​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ត្រៀមខ្លួន​ជាស្រេច​ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​។​» នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Mehr ។​
 
​ជាការ​ឆ្លើយតប លោក អ៊ុង ស៊ាន លើកឡើងថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​មិត្តភាព​រវាង​រដ្ឋាភិបាល និង​ប្រទេស​ទាំងពីរ គឺ​ជិតស្និទ្ធ ហើយ​គួរតែ​ព្យាយាម​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ ជុំវិញ​បញ្ហា​តំបន់ និង​ពិភពលោក​វិញ អគ្គរាជទូត​កម្ពុជា​អះអាងថា ប្រទេស​ទាំងពីរ​មានគំនិត​ដូចគ្នា ហើយ​ថា​៖ «​កម្ពុជា​គាំទ្រ​ជំហរ​អ៊ីរ៉ង់​លើ​ឆាក​តំបន់ និង​អន្តរជាតិ ហើយ​ស្វែងរក​ទំនាក់ទំនង​ល្អជា​មួយ​អ៊ីរ៉ង់​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​។ 
 
​លោក អ៊ុង ស៊ាន ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ឥណ្ឌា បង់​ក្លា​ដេ​ស ស្រីលង្កា ប៉ា​គី​ស្ថាន និង​អ៊ីរ៉ង់ ហើយ​មាន​និវេសន​ដ្ឋា​នៅ​ទីក្រុង​ញូវដែលី​៕  

Tag:
 ​អ៊ីរ៉ង់​
  កម្ពុជា​
  អាស៊ាន​
  អ៊ុង ស៊ាន​
  ហាសាន់ រូ​ហា​នី
© រក្សាសិទ្ធិដោយ thmeythmey.com