អន្តរជាតិ
គ្រូពេទ្យ​ថៃ ច្រានចោល​ព័ត៌មាន​ដែលថា​លោក ប្រា​យុទ្ធ ឆ្លង​កូ​រ៉ូ​ណាវី​រុស​
31, Jan 2020 , 7:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះត្រួតពិនិត្យដោយផ្ទាល់នៅព្រលានយន្តហោះ សុវណ្ណភូមិ កាលពីថ្ងៃពុធ ៣០ មករា ឆ្នាំ២០២០ (ប្រភពរូប ការិយាល័យរដ្ឋាភិបាលថៃ)
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះត្រួតពិនិត្យដោយផ្ទាល់នៅព្រលានយន្តហោះ សុវណ្ណភូមិ កាលពីថ្ងៃពុធ ៣០ មករា ឆ្នាំ២០២០ (ប្រភពរូប ការិយាល័យរដ្ឋាភិបាលថៃ)
ដោយ:
​ក្រុម​វេជ្ជបណ្ឌិត​ថៃ បាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ពុំបាន​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​លោក​បាន​ទៅ​ត្រួតពិនិត្យ​អ្នកដំណើរ​ដោយផ្ទាល់ នៅ​ព្រលានយន្តហោះ សុវណ្ណ​ភូមិ ។ រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​ថៃ Anutin Charnvirakul បញ្ជាក់​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣០ ខែមករា​។​

 
​ពាក្យ​ចចាមអារ៉ាម បាន​ផ្សាយ​យ៉ាង​សុះសាយ​ថា លោក ប្រា​យុទ្ធ ប្រហែល​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី ក្រោយ​លោក​បានដាក់​ច្បាប់ឈប់​សម្រាក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមករា​។  ពោលគឺ​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក​បាន​ទៅ​ចុះ​ត្រួតពិនិត្យ​អ្នកដំណើរ​ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ លោក​រដ្ឋមន្ត្រី​ថៃ Anutin Charnvirakul បាន​ទាត់ចោល​ព័ត៌មាន​នេះ ដោយ​អះអាងថា សុខភាព​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ មាន​បញ្ហា​ដោយសារតែ​ការងារ​ច្រើនពេក ហើយ​ការឈប់​សម្រាក​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​។ ក្រោយ​លោក ប្រា​យុទ្ធ ឈប់សម្រាក​មួយរយៈ ការងារ​លោក​ខ្លះ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​លោក​រដ្ឋមន្ត្រី Anutin និង​អនុរដ្ឋមន្ត្រី​ការពារជាតិ​ថៃ ចាត់ចែង​បន្ត​។ 
 
​ម្យ៉ាងវិញទៀត មន្ត្រីជាន់ខ្ពស់​ម្នាក់​មក​ពី​ក្រសួង​សុខភាព​សាធារណៈ​ថៃ លោក Chaiyaporn Suchatsoonthorn បាន​ប្រាប់​បាងកក​ប៉ុស្តិ៍ ថា ស្ថានភាព​សុខភាព​របស់លោក ប្រា​យុទ្ធ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កូ​រ៉ូ​ណា​វីរុស​ដែល​ផ្ទុះឡើង​ដំបូង​ក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន​នោះទេ ។ ត្រង់នេះ លោក ពន្យល់ថា វីរុស​ដ៏​កាច​សាហាវ​នេះ ត្រូវការ​ពេល​យ៉ាងហោចណាស់ ៤ ថ្ងៃ ទើប​វា​ចេញ​រោគសញ្ញា​មក​ក្រៅ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​៣១ មករា នេះ ប្រទេស ថៃ បាន​រកឃើញ​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ចំនួន ១៤ ករណី​ហើយ ដែលជា​តួលេខ​ខ្ពស់បំផុត​មួយ ក្រៅពី​ប្រទេស​ចិន​។ បច្ចុប្បន្ន វីរុស​នេះ បានសម្លាប់​មនុស្ស​ដល់​២១៣​នាក់​ហើយ ដែល​សុទ្ធតែ​ក្នុងប្រទេស​ចិន​ទាំងស្រុង​។ ចំណែក​ករណី​ឆ្លង​នៅ​ទូទាំង​ពិភពលោក ឡើង​ជិត​១​ម៉ឺន​ករណី​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  កូ​រ៉ូ​ណាវី​រុស​
  វូ​ហាន
© រក្សាសិទ្ធិដោយ thmeythmey.com