អន្តរជាតិ
សិង្ហបុរីមានជនជាតិខ្លួនដំបូងដែលកើតកូរ៉ូណាវីរុស ខណៈចំនួនសរុបក្នុងប្រទេសឡើងដល់១៦
× សិង្ហបុរីមានអ្នកជំងឺកូរ៉ូណាវីរុសឡើងដល់១៦ ក្នុងនោះករណី១ក្នុងចំណោមករណីថ្មីចំនួន៣ កើតលើស្ត្រីសិង្ហបុរីវ័យ៤៧ឆ្នាំម្នាក់។ នេះករណីដំបូងផងដែរដែលជនជាតិសិង្ហបុរីត្រូវបានរកឃើញវិជ្ជមាននៃមេរោគរលាកសួតថ្មីនេះ ខណៈករណី១៥ផ្សេងទៀតកើតលើជនជាតិចិន។
បើតាម CNA ស្ត្រីសិង្ហបុរីរូប បានធ្វើដំណើរទៅកាន់ក្រុងវូហានជាមួយគ្រួសារ ហើយស្ថិតក្នុងចំណោមពលរដ្ឋសិង្ហបុរី ដែលត្រូវបានជម្លៀសចេញពីក្រុងវូហានកាលពីថ្ងៃទី៣០ ខែធ្នូ។ រីឯករណីថ្មី២ផ្សេងទៀត មានអ្នកប្រុសជនជាតិចិនវ័យ៣១ឆ្នាំ និងម្នាក់ទៀតជាបុរសជនជាតិចិនវ័យ៣៨ឆ្នាំ។
នៅជប៉ុនឯណោះ ក្រសួងសុខាភិបាលជប៉ុនក៏បានប្រកាសពីការរកឃើញអ្នកជំងឺ៣នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួននៅប្រទេសនេះ កើនដល់១៧ករណី។
គិតត្រឹមយប់ថ្ងៃទី៣១ ខែមករា អ្នកមានជំងឺកូរ៉ូណាវីរុសដែលត្រូវបានរកឃើញមានជិត១ម៉ឺននាក់ ហើយអ្នកស្លាប់មាន២១៣ ដែលស្ថិតក្នុងប្រទេសចិន។ ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេសផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន និងស្រីលង្កា៕
© រក្សាសិទ្ធិដោយ thmeythmey.com