អន្តរជាតិ
ហ្វីលីពីន នឹងផ្តាច់កិច្ចព្រមព្រៀងយោធាមួយនឹងសហរដ្ឋអាមេរិក លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (AFP)
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសលោកឲ្យផ្តល់ដំណឹងផ្លូវការជូនដល់សហរដ្ឋអាមេរិកពាក់ព័ន្ធការផ្តាច់កិច្ចព្រមព្រៀង (VFA: Visiting Forces Agreement) រវាងយោធានៃប្រទេសទាំងពីរ។ អ្នកនាំពាក្យលោក អះអាងបែបនេះ នៅថ្ងៃអង្គារ ទី ១១ កុម្ភៈ។
«វាដល់ពេលហើយដែលយើងត្រូវពឹងអាស្រ័យលើខ្លួនយើង។ យើងនឹងពង្រឹងសមត្ថភាពការពារជាតិយើង និងលែងពឹងផ្អែកលើប្រទេសណាទៀតហើយ»។ អ្នកនាំពាក្យលោក ឌូទើតេ គឺលោក Salvador Panelo បានប្រាប់សន្និសីទព័ត៌មានបែបនេះ ដោយដកស្រង់សម្តីរបស់លោកប្រធានាធិបតី។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោក Panelo អះអាងថា នីតិវិធីកាត់ផ្តាច់នេះ នឹងចាប់ផ្តើម ១៨០ ថ្ងៃ បន្ទាប់ពីជូនដំណឹងដល់សហរដ្ឋអាមេរិករួច។ បើតាមលោក Panelo លោកប្រធានាធិបតី ឌូទើតេ ចង់បានកិច្ចព្រមព្រៀងជាមួយប្រទេសដែលចាត់ទុកហ្វីលីពីនស្មើមុខស្មើមាត់។
លោក ឌូទើតេ ដែលបង្ហាញការមិនយល់ព្រមជាចំហចំពោះសម្ព័ន្ធយោធានៃប្រទេសទាំងពីរ បានបង្កើតការសម្រេចចិត្តនេះ ក្រោយពីមនុស្សជំនិតរបស់លោកម្នាក់ បានអះអាងថា ទិដ្ឋការរបស់លោកសម្រាប់សហរដ្ឋអាមេរិក ត្រូវបានលុបចោលពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតី។
កិច្ចព្រមព្រៀង VFA ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ ១៩៩៨ ផ្តល់ជូនភាពស្របច្បាប់ដល់កងទ័ពអាមេរិករាប់ពាន់នាក់ ដែលស្នាក់នៅក្នុងប្រទេសហ្វីលីពីនមិនអចិន្ត្រៃយ៍សម្រាប់ការធ្វើសមយុទ្ធយោធា និងជំនួយមនុស្សធម៌។ កិច្ចព្រមព្រៀង VFA ជាកិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលហ្វីលីពីន និងរដ្ឋាភិបាលអាមេរិក ដូច្នេះលោកមានសិទ្ធិលុបចោលបាន ដោយមិនចាំបាច់ការយល់ព្រមពីភាគីអាមេរិកឡើយ។
សូមបញ្ចាក់ថា ចំណងទាក់ទងផ្នែកការពារជាតិរវាងប្រទេសហ្វីលីពីន និងអតីតមេអាណានិគមខ្លួនគឺ សហរដ្ឋអាមេរិក បានបង្កើតឡើងនៅដើមទសវត្សន៍ឆ្នាំ១៩៥០ ហើយស្ថិតក្រោមកិច្ចព្រមព្រៀង (MTD: Mutual Defence Treaty) ដែលនៅតែបន្តអនុវត្ត ។ ហើយកិច្ចព្រមព្រៀង (EDCA: Enhanced Defence Cooperation Agreement) ដែលបានចុះហត្ថលេខាក្រោមអាណត្តិលោកប្រធានាធិបតី អូបាម៉ា់ ក៏នៅតែបន្តអនុវត្តដោយភាគីទាំងពីរផងដែរ៕
Tag:
ហ្វីលីពីន
សហរដ្ឋអាមេរិក
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com