អន្តរជាតិ
ក្រុមគ្រូពេទ្យ​ក្រុង​វូ​ហាន កំពុង​ប្រឈមមុខ​ការឆ្លង​កូ​រ៉ូ​ណា​វីរុស​ព្រោះ​ខ្វះ​សម្ភារៈ​ការពារ
12, Feb 2020 , 9:19 pm        
រូបភាព
រូបភាព៖ EPA-EFE
រូបភាព៖ EPA-EFE
​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​បុគ្គលិក​ពេទ្យ​នៅក្នុង​ក្រុង​វូ​ហាន កំពុង​ប្រឈម​នឹង​កើត​ជំងឺ COVID-19 ដោយសារតែ​វិបត្តិ​ខ្វះ​ម៉ាស់ និង​ឧបករណ៍​ការពារ​ផ្សេងៗ​។ បញ្ហា​នេះ បង្ខំ​ឲ្យ​វេជ្ជបណ្ឌិត​មួយចំនួន ត្រូវ​ស្លៀកខោ​ទឹកនោម បរិភោគ​ទឹក​ឲ្យ​បាន​តិច និង​កាត់បន្ថយ​ចូល​បន្ទប់ទឹក ដើម្បី​ជៀស​វៀស​ផ្លាស់ប្តូរ​សំលៀកបំពាក់​ការពារ​ញឹកញាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​។


 
​ក្នុង​រយៈពេល​ផ្ទុះ​ជំងឺ COVID-19 នៅក្នុង​ក្រុង​វូ​ហាន និង​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​ចិន បុគ្គលិក​ពេទ្យ បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ជួយ​ព្យាបាល​អ្នកជំងឺ​ដែល​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស ជាច្រើន​ពាន់​នាក់​ក្នុង​មួយថ្ងៃៗ​។ ប៉ុន្តែ​បញ្ហា ដែល​កំពុងតែ​ចោទឡើង​សម្រាប់​បុគ្គលិក​ពេទ្យ ក៏ដូចជា​ក្រុម​វេជ្ជបណ្ឌិត​ចិន​ពេលនេះ គឺ​ការ​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ម៉ាស់ និង​សម្ភារៈ​ការពារ​ផ្សេងៗ​។ អភិបាលរងក្រុង​វូ​ហាន បានលើកឡើង​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ក្នុង​មួយថ្ងៃៗ វូ​ហាន​មាន​វិបត្តិ​កង្វះ​ម៉ាស់​N95 ៥៦០០០​ពាន់ និង​សំលៀកបំពាក់​ការពារ ៤១០០០ ។​
 
​ទាក់ទិន​នឹង​បញ្ហា​កង្វះ​ម៉ាស់ និង​សំលៀកបំពាក់​ការពារ​នេះ ក្រុមគ្រូពេទ្យ ក៏ដូចជា​បុគ្គលិក​ពេទ្យ នឹងត្រូវ​ពាក់​ខោ​ទឹកនោម ការបន្ថយ​ការបរិភោគ​ទឹក និង​ចូល​បន្ទប់ទឹក​ឲ្យ​បាន​តិចជាង​មុន​។ លោកស្រី Jiao Yahui មន្ត្រីជាន់ខ្ពស់​របស់​គ​ណៈ​កម្ម​ការ​សុខាភិបាល​ជាតិចិន បាន​អះអាងថា ដើម្បី​ដោះស្រាយ​បញ្ហា​សម្ភារៈ​ការពារ​ទាំងនេះ ក្រុមគ្រូពេទ្យ ត្រូវ​ពាក់​សំលៀកបំពាក់​ការពារ​រហូតដល់ ៦​ម៉ោង ពេលខ្លះ​ដល់ ៩​ម៉ោង ខណៈពេល​គេ​តម្រូវ​ឲ្យ​ពាក់​សម្ភារៈ​បែបនេះ មិន​ឲ្យ​លើសពី ៤​ម៉ោង​នោះឡើយ​។ យ៉ាងណាក៏ដោយ លោកស្រី Jiao បាន​អះអាងថា គ្មាន​វិធី​ផ្សេង​ណា​ឡើយ ក្រៅពី​ការធ្វើ​បែបនេះ​ទេ​។ 
 
​ក្នុង​បរិបទ​បែបនេះ ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​ពេទ្យ​មួយចំនួន កំពុង​ប្រឈម​កើត​ជំងឺ COVID-19 ដែល​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស​។ ជាក់ស្តែង​វេជ្ជបណ្ឌិត​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើងថា រូបលោក​ផ្ទាល់ និង​បុគ្គលិក​ពេទ្យ ១៦​នាក់​ផ្សេងទៀត បានចេញ​រោគសញ្ញា​ជំងឺ​COVID-19 នេះ ដោយ​ការ​ក្អក និង​សួត​មាន​បញ្ហា​។ លោក​វេជ្ជបណ្ឌិត​ដដែល បាន​លើកឡើងថា ក្នុងនាម​ជា​វេជ្ជបណ្ឌិត គ្មាន​នរណា​ចង់ទៅ​ធ្វើការ​នៅ​កន្លែង នៃ​ប្រភព​ជំងឺឆ្លង​នោះទេ ប៉ុន្តែ​គ្មាន​នរណា​អាច​ជំនួយ​គ្រូពេទ្យ​បាន​។ 
 
​បើតាម​សម្តី​របស់​វេជ្ជបណ្ឌិត​ស្រី​ម្នាក់ ដែល​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​ដែរ ក្រុម​វេជ្ជបណ្ឌិត​ជាច្រើន ត្រូវបាន​គេ​បង្ខំ​ឲ្យ​ពាក់​សំលៀកបំពាក់​ការពារ​សារធាតុ​គ្រោះថ្នាក់​ផ្សេងៗ (Hazmat Suit) ដែល​មិនអាច​ការពារ​វីរុស​បាន ប៉ុន្តែ​វា​ក៏​ល្អ​ជាជាង គ្មាន​សម្ភារៈ ដែល​ត្រូវ​ពាក់​។ ជាមួយគ្នានេះ លោកស្រី​វេជ្ជបណ្ឌិត បាន​បន្តថា ក្រុមគ្រូពេទ្យ​ជាច្រើន អស់កម្លាំង​យ៉ាងខ្លាំង ដោយសារ​ត្រូវ​ទទួល និង​ព្យាបាល​អ្នកជំងឺ​ជាច្រើន​នាក់​ក្នុង​មួយថ្ងៃ​។ ក្នុងស្ថានភាព​បែបនេះ ក្រុមគ្រូពេទ្យ​មាន​សម្ពាធ​យ៉ាងខ្លាំង​។ លោកស្រី​វេជ្ជបណ្ឌិត បាន​អះអាង​ទៀតថា ក្នុង​មន្ទី​ពេទ្យ​របស់ខ្លួន មាន​បំពាក់​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្នែក​ចិត្តសាស្ត្រ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ជំងឺ COVID-19 បានសម្លាប់​មនុស្ស​រហូត​ដល់ ១១១៥​នាក់ ខណៈពេល​អ្នក​ផ្ទុក​ជំងឺ​មួយ​នេះ បាន​កើន​ដល់​ប្រមាណ ៤៥០០០​នាក់​។ ប្រឈម​នឹង​វិបត្តិ​ខ្វះ​សម្ភារៈ​ការពារ​បានកើត​ឡើង ប៉ុន្តែ​ចិន បាន​បញ្ជា​ទិញ​ម៉ាស់​ចំនួន ៣០០​លាន​ម៉ាស់ និង​សំលៀកបំពាក់​ការពារ ៣,៩​លាន សំលៀកបំពាក់​មកពី​បរទេស​។ ចំណែក​ឧស្សាហកម្ម​សម្ភារៈ​ការពា​រ​របស់​ចិន ក៏បាន​ចាប់ផ្តើម​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​មួយផ្នែក​ផងដែរ បន្ទាប់​ពីថ្ងៃ​ចូលឆ្នាំ​ចិន​៕  

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com