ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកទិញ​ប្រាប់ថា ងាក​មក​បរិភោគ​បន្លែ​សុវត្ថិភាព ដោយសារ​មាន​ទំនុកចិត្ត​លើ​កសិករ​ខ្មែរ​
19, Feb 2020 , 8:29 am        
រូបភាព
​សៀមរាប​៖ បរិបទ​នៃ​ការហូប​បន្លែ​សុវត្ថិភាព​កាន់តែ​ផុសផុល​ឡើង​ក្នុងសង្គម​បច្ចុប្បន្ន ដ្បិត​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​សុខភាព​កាន់តែច្រើន​។ នៅ​ខេត្តសៀមរាប ទីផ្សារ​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដោយ​កសិករ​ខ្មែរ ហាក់​មាន​សន្ទុះ​កើនឡើង​ខ្លាំង ដោយមាន​ការបង្កើត​សហគមន៍ និង​ទីផ្សារ​សម្រាប់​លក់​បន្លែ​សុវត្ថិភាព​នេះ​ច្រើ​កន្លែង​។ អតិថិជន​អ្នក​ហូប​បន្លែ​សុវត្ថិភាព​ប្រាប់ថា ពួកគេ​ជ្រើសរើស​ហូប​បន្លែ​នេះ​ដោយសារ​មាន​ទំនុកចិត្ត ដោយ​មិន​បារម្ភ​ពី​បញ្ហា​សុខភាព​ឡើយ បើទោះបី​បន្លែ​សុវត្ថិភាព​មានតម្លៃ​ថ្លៃ​ជា​បន្លែ​ធម្មតា​ក៏ដោយ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖

 
 
​សន្ទុះ​នៃ​ការគាំទ្រ​បន្លែ​សុវត្ថិភាព កាន់តែ​ច្រើនឡើង​នៅ​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប​។ ផ្សារ​សហគមន៍​ក៏​ត្រូវបាន​បង្កើតឡើង​ច្រើន​កន្លែង ក្នុងន័យ​ផ្តល់​តម្រូវការ​ដល់​អ្នក​បរិភោគ អ្នកគាំទ្រ​ផលិតផល​ក្នុងស្រុក ក៏ដូចជា​លើកកម្ពស់​បន្ថែ​ដែល​ដាំ​ដោយ​កសិករ​ខ្មែរ​។ ផ្សារ​កសិករ​ដែល​គេ​ដឹងថា បើក​ឡើង​ដើម្បី​គាំទ្រ​បន្លែ​កសិករ​ខ្មែរ រួមមាន​ផ្សារ​សៅរ៍​អាទិត្យ នៅ​សួនច្បារ​ព្រះរាជដំណាក់​, ផ្សារ​ឃី​ង​រ៉ូ​ដ​, ផ្សារ​មុខ​សាលារៀន​ហ្គោ​ក្លូ​ប៊​ល និង​នៅតាម​ផ្សារ​ទំនើប​មួយចំនួនទៀត​ដែល​គាំទ្រ​ផលិតផល​កសិករ​ខ្មែរ​។ 
 
​នៅ​ចុង​សប្ដាហ៍​កន្លងទៅ អង្គការ ហ្រេ្គ​ត បានរៀបចំ​ទិវា​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​សូទ្រនិគម ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​និយម​ហូប​បន្លែ​សុវត្ថិភាព និង​កសិករ​អ្នក​ដាំ​។ ទិវា​នេះ ក៏​បង្ហាញ​ពី​ការផ្សារភ្ជាប់​រវាង​អ្នក​ដាំ និង​អ្នកទិញ​ឱ្យ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។​
 
​ប្រធាន​គម្រោង​អង្គការ ហ្គ្រេ​ត ប្រចាំខេត្ត​សៀមរាប លោក ទូច សុខា​រិ​ទ្ធ មានប្រសាសន៍ថា អង្គការ​របស់លោក​បាន​ជួយ​ជ្រោមជ្រែង​បង្កើត​សហគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​នៅក្នុង​ស្រុក សូទ្រនិគម​នេះ​ឡើង​ដើម្បី​ជំរុញ​ឱ្យ​កសិករ​ដាំ​បន្លែ​យកទៅលក់​នៅ​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប​។ ទិវា​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព គឺ​ចង់​នាំ​អ្នកលក់​និង​អ្នកទិញ​ឱ្យ​ស្គាល់គ្នា ស្វែងយល់​ពី​បច្ចេកទេស​នៃ​ការដាំដុះ ថា​តើ​បន្លែ​ដែល​កសិករ​នាំទៅ​លក់​នោះ ពិតជា​សុវត្ថិភាព​មែនឬ​យ៉ាងណា​។​


 
​តាមរយៈ​គម្រោង​របស់​អង្គការ ហ្គ្រេ​ត នេះដែរ លោក សុខា​រិ​ទ្ធ ពន្យល់ថា អង្គការ​របស់​លោកមា​ន​បំណង​ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង ពិសេស​ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ដែល​ដាំ​ដោយ​កសិករ​ខ្មែរ​។ លោក សុខា​រិ​ទ្ធ បន្ថែមថា គម្រោង​នេះ​ក៏​ចង់ឱ្យ​កសិករ​ងាក​មក​ដាំ​ដុះ​បន្លែ​សុវត្ថិភាព មានលទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន ដែល​ការដាំ​បន្លែ​ប្រភេទ​នេះ​មានតម្លៃ​ទីផ្សារ​ខ្ពស់ ថែមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដាំ​និង​អ្នក​ហូប​។​
 
​អ្នកស្រី ថៃ សូ​ដា ជា​អ្នក​ដាំ​បន្លែ និង​ជា​អនុប្រធាន​សហគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ភូមិ​ជ្រៃ​ខាងជើង ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា អ្នកភូមិ​នៅទីនេះ​បាន​ដាំ​បន្ថែ​សុវត្ថិភាព​ប្រមាណ​៦​ឆ្នាំ​មកហើយ និង​ទើប​ចងក្រង​ជា​សហគមន៍​រយៈពេល​មួយ​ឆ្នាំនេះ​តែប៉ុណ្ណោះ​។ កសិករ​រូបនេះ​ពន្យល់ថា ការ​ចងក្រង​ជា​សហគមន៍​បានផ្តល់​អត្ថប្រយោជន៍​ច្រើន ពិសេស​គឺ​ទាក់ទង​នឹង​តម្លៃ​។ តម្លៃ​នៃ​បន្លែ​សុវត្ថិភាព​សម្រាប់​សហគម​ន៍​គឺ​លក់បាន​ថ្លៃ​ជាង​ផលិតផល​ដែល​កសិករ​ធម្មតា​ដាំ​ដុះ និង​ទីផ្សារ​ទូលំទូលាយ​ជាង​។ អ្នកស្រី សូ​ដា បន្ថែមថា បច្ចុប្បន្ន​បន្លែ​សុវត្ថិភាព​របស់​សហគម​ន៍​អ្នកស្រី មាន​ទីផ្សារ​ធំៗ​ជាប្រចាំ​ថ្ងៃ​ចំនួន​៤ និង​សម្រាប់​ផ្គត់ផ្គង់​ផ្សារ​សៅរ៍​អាទិត្យ​ចំនួន​មួយ​។​


 
​អ្នកស្រី អៀង ស៊ីវ​ងី​ន អ្នក​បរិភោគ​បន្លែ​សុវត្ថិភាព​ដែល​បាន​ចូលរួម​ក្នុង​ទិវា​ខាងលើ​បានឱ្យដឹងថា អ្នកស្រី​ចាប់ផ្តើម​គាំទ្រ​បន្លែ​កសិករ​ស្រុក​សូទ្រនិគម​នេះ​រយៈពេល​ជាង​៦​ខែ​មកហើយ និង​បាន​ចាប់ចិត្ត​ហូប​បន្លែ​នេះ​រហូតមក​មិនដែល​ខាន​ឡើយ​។ អ្នកស្រី​តែង​ទិញ​បន្លែ​ទាំងនោះ​នៅ​ផ្សារ​ថ្ងៃ​សៅរ៍​អាទិត្យ ដែល​ស្ថិតនៅ​ស្ដង់​មុខ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​លើ​សួនច្បារ​ព្រះរាជដំណាក់ និង​ទុក​បរិភោគ​ពេញ​មួយ​សប្ដាហ៍​។ អ្នកស្រី​ប្រាប់ថា ហេតុផល​ដែល​អ្នកស្រី​ជ្រើសរើស​បន្លែ​ទាំងនេះ​សម្រាប់​គ្រួសារ​អ្នកស្រី គឺ​ដោយសារ​ហេតុផល​៣​យ៉ាង ទី​១​ទំនុកចិត្ត ទី​២ គុណភាព និង​ទី​៣ គឺ​សុវត្ថិភាព​។​
 
​ជា​អ្នកគាំទ្រ​មួយរូប អ្នកស្រី ស៊ីវ​ងី​ន ប្រាប់ថា​ហេតុផល​ដែល​អ្នកស្រី​មក​ចូលរួម​ទិវា​អ្នក​បរិភោគ​បន្លែ​សុវត្ថិភាព ក៏​ព្រោះថា​ចង់ដឹង​ពី​ការដាំដុះ​បែប​សុវត្ថិភាព​។ ក្នុងនោះ អ្នកស្រី​ក៏​ចង់ដឹង​ពី​ការដាំដុះ​បន្លែ​តាម​គោលការណ៍​ធម្មជាតិ និង​សរីរាង្គ ដោយមាន​ការពន្យល់​និង​បង្ហាញ​ដោយ​អ្នកជំនាញ​ផ្នែក​កសិកម្ម​ផងដែរ​។ 
 
​ក្រៅពី​ចែករំលែក​បទពិសោធន៍​នៃ​អត្ថប្រយោជន៍​ក្នុងការ​បរិភោគ​បន្លែ​សុវត្ថិភាព​ថា​មានគុណ​ប្រយោជន៍​ល្អ​ដល់​សុខភាព​ហើយ​នោះ អ្នកស្រី ស៊ីវ​ងី​ន ក៏​នឹង​ផ្សព្វផ្សាយ ណែ​នាំឱ្យ​មិត្តភក្ដិ និង​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​គាំទ្រ​បន្លែ​របស់​កសិករ​ខ្មែរ​។ អ្នកស្រី​ថា បន្លែ​ដែល​ដាំ​ដោយ​កសិករ​ខ្មែរ​គឺមាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​សុខភាព ហើយ​អ្នកស្រី​មិន​ធ្លាប់មាន​អា​ការៈឈឺ​រាគ​រួស​ឡើយ​។​
 
​សម្រាប់​អ្នកស្រី សូ​ដា ការគាំទ្រ​បន្លែ​របស់​កសិករ គឺ​ស្មើនឹង​រួមចំណែក​ជួយ​កសិករ​កុំឱ្យ​ចំណាកស្រុក និង​មាន​ចំណូល​សមរម្យ​ក្នុង​គ្រួសារ ពិសេស​ជួយ​ដល់​ការរៀនសូត្រ​ដល់​កូនៗ​របស់​កសិករ​ក្នុង​សហគមន៍​អ្នកស្រី​ដូច្នោះ​ដែរ​។​
 
​ចំណែក​លោក សុខា​រិ​ទ្ធ ក៏​ចង់ឃើញ​ពលរដ្ឋ​គាំទ្រ​ផលិតផល​របស់​កសិក​រ​ខ្មែរ ដ្បិតថា​ពេលខ្លះ​កសិករ​មិនមាន​លទ្ធភាព​ផលិត​ពេញ​មួយឆ្នាំ​ក៏ពិតមែន ព្រោះថា​ពួកគេ​កំពុង​ចាប់ផ្តើម​ផលិត​បន្លែ​ដែលមាន​គុណភាព និង​សុ​វ​តិ្ថ​ភាព​សម្រាប់​អ្នក​ហូប​។ លោក សុខា​រិ​ទ្ធ ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ផលិតផល​របស់​កសិក​រ​ដែលមាន​ប្រភព​ជាក់លាក់ និង​ឆ្លងកាត់​ការត្រួតពិនិត្យ​ត្រឹមត្រូវ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​៕





Tag:
 បន្លែ​សុវត្ថិភាព​
  កសិករ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com