អត្ថបទពាណិជ្ជកម្ម
គន្លឹះ​សំខាន់ៗ សម្រាប់​ការវិនិយោគ​លើ​អចលនទ្រព្យ​ដាក់​ជួល​ត្រឡប់​វិញ​
01, Mar 2020 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុ​ជាមាន​អចលនទ្រព្យ​ជាច្រើន​ប្រភេទ ដែល​សក្ដិសម​សម្រាប់​អ្នកវិនិយោគ ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​ការទិញ​អចលនទ្រព្យ​ផ្សេងៗ ហើយ​ដាក់​ជួល​ត្រឡប់​ទៅវិញ ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​។ អចលនទ្រព្យ​ទាំងនោះ មានដូចជា ផ្ទះ​វីឡា ផ្ទះល្វែង ផ្ទះ​សម្រាប់​បើក​អាជីវកម្ម (​ហ្ស​ប​ហោ​ស៍​) អា​ផាត​មិន និង ខុន​ដូ​ជាដើម​។​

​ទោះជា​យ៉ាងណា ការស្វែងរក​អចលនទ្រព្យ ដែល​សមប្រកប​ជាមួយ​តម្រូវការ​របស់​អ្នក​ជួល​អាច​ចំណាយពេល​ច្រើន ហើយ​ប្រហែលជា​មិន​ទទួលបាន​ផល​អ្វី​ទាំងអស់​ក៏​ថា​បាន ប្រសិនណាបើ​អ្នក មិនមាន​ការយល់ដឹង​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ជួល នាពេល​បច្ចុប្បន្ន​។​
 
​ចំណុច​សំខាន់ៗ​ខាងក្រោម​នេះ ជាការ​ណែនាំ​ខ្លះៗ​ពី Realestate.com.kh ដែល​អាចជា​ជំនួយ សម្រាប់​ការពិចារណា​របស់​អ្នក ក្នុង​ការទិញ​អចល​ទ្រព្យ​សម្រាប់​ជួល​ត្រឡប់​ទៅវិញ​។​
​អ្នក​ជួល​គោលដៅ និង ការជួល​ត្រឡប់​ទៅវិញ​
 
​វា​ជា​រឿង​ចាំបាច់​សម្រាប់​អ្នក ក្នុងការ​កំណត់​គោលដៅ​ថា​តើ អ្នក​ជួល​គោលដៅ​របស់​អ្នកជា​អ្នកណា​? ជា​ជនជាតិខ្មែរ ឬ​បរទេស​។ ពួកគេ​មាន​គោលដៅ​ខុសគ្នាៗ ដែល​យើង​អាច​និយាយបានថា ពួកគេ​មាន​តម្រូវការ និង​ប្រភព​ចំណូល​ខុសៗ​គ្នា​។​
 
​ប្រសិនបើ​អ្នក​គិតថា អ្នក​ជួល​គោលដៅ​របស់​អ្នកជា​គ្រួសារ​ជនជាតិខ្មែរ ដែលមាន​ចំណូល​មធ្យម អ្នក​គួរ​ទិញ​ផ្ទះល្វែង នៅក្នុង​គម្រោង​បុរី​ណាមួយ​នៅ​ជាយក្រុង ឬក៏​ផ្ទះ​សម្រាប់​អាជីវកម្ម​នៅក្នុង​ក្រុង ដែលមាន​កន្លែង​ស្នាក់នៅ និង​កន្លែង​សម្រាប់​ដាក់លក់​ទំនិញ​។ អចលនទ្រព្យ​ប្រភេទ​នេះ មិនមាន​តម្លៃ​ជួល​ថ្លៃ​ដូច​ខុន​ដូ ឬ​វីឡា​នោះទេ ប៉ុន្ដែ​វា​ផ្ដល់​ឲ្យ​នូវ​ចំណូល​ដែល​នឹងនរ​មួយ ដោយសារ​តម្រូវការ​ស​ម្រា​ប់​អចលនទ្រព្យ​ប្រភេទ​នេះ គឺ​ច្រើនជាង​ចំនួន​ផ្គត់ផ្គង់​។​
 
​អ្នក​អាច​ពិចារណា​ទិញ​ផ្ទះ ដែលមាន​តម្លៃ​សមរម្យ​ចាប់ពី​៧​ម៉ឺន ដល់ ១០​ម៉ឺន​ដុល្លារ សម្រាប់​ការទិញ​ផ្ទះល្វែង​នៅ​ជាយក្រុង​ភ្នំពេញ​។ ចំពោះ​អចលនទ្រព្យ​ប្រភេទ​នេះ អ្នក​អាច​រកប្រាក់​ចំណូល​ពី​ការជួល ចន្លោះ ៣៥០ ទៅដល់ ៥៥០ ដុល្លារ​ក្នុង​មួយខែ​។​ ​ផ្ទះ​ដែល​ទើប​ជួសជុល និង​មាន​បន្ទប់​គេង​២ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ អ្នក​អាចដាក់​ជួល​ចាប់ពី​៤៥០ ដល់ ៥៥០ ដុល្លារ ក្នុង​មួយខែ​។ ជាទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា អចល​ទ្រព្យ​ជួល​ដែលមាន​តម្លៃ​សមរម្យ អាច​ទាក់ទាញ​ដល់​អ្នក​ជួល​បាន​ច្រើន ជាង​ការជួល​តម្លៃ​ខ្ពស់​។​
 
​ប៉ុន្ដែ​ប្រសិនបើ​អ្នកមាន​បំណង​បាន​ប្រាក់ចំណេញ​ខ្ពស់ ពី​ការជួល​អចល​ទ្រព្យ អ្នក​គួរតែ​ទិញ​ផ្ទះ​ណា ដែល​អាចធ្វើ​អាជីវ​កម្មបាន និង​មាន​ទីតាំង​ល្អ​នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា​៖​ខណ្ឌដូនពេញ ចំការមន ឬ​ទីតាំង​ក្បែរ​ផ្សារ​។ អចល​ទ្រព្យ​ប្រភេទ​នេះ អាចមាន​តម្លៃ​ចន្លោះ​ពី ៣០០០ ទៅ​៤០០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្ដែ​អ្នក​អា​ចរក​ចំណូល​មកវិញ​ជា​មធ្យម ពី​១៥០០​ដុល្លារ​ក្នុង​មួយខែ​។ នេះ​ដោយសារ​ផ្ទះ​ប្រភេទ​នេះ មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ការបើក​អាជីវកម្ម​។​
 
​ប្រសិនបើ​អ្នក មានបំណង​ជួល​ឲ្យ​ជនជាតិ​បរទេស ដែល​អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​នោះ អ្នក​គួរតែ​ពិចារណា​ទិញ​ខុន​ដូ ឬ​វីឡា​លំដាប់​ខ្ពស់ ដែល​ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង ដែលមាន​តម្លៃ​ចាប់ពី ១២ ទៅដល់ ៧០ ម៉ឺន​ដុល្លារ​។ សម្រាប់​អចលនទ្រព្យ​ប្រភេទ​នេះ អ្នកទទួលបាន​ចំណូល​ជា​មធ្យម​ពី ១០០០ ដល់ ៤០០០ ដុល្លារ​ក្នុង​មួយខែ អាស្រ័យទៅលើ​គុណភាព ទីតាំង និង​សេវាកម្ម​។​
 
​ចំពោះ​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ ចាប់ពី​៤ ទៅដល់ ៨​ម៉ឺន​ដុល្លារ ដែល​ស្ថិតក្នុង​ខណ្ឌ​ដែល​នៅ​ឆ្ងាយ​ពី​កណ្ដាល​ក្រុង​។ អចល​ទ្រព្យ​ប្រភេទ​នេះ អ្នក​អាចដាក់​ជួល​សម្រាប់​ជនជាតិខ្មែរ​ដែល​ធ្វើការ​នៅ​កណ្ដាល​ក្រុង​។ ទោះបី​ប្រាក់​ឈ្នួល​តិច ជាង​ការជួល​ឲ្យ​បរទេស​ក៏ពិតមែន ប៉ុន្ដែ​ការជួល​អចលនទ្រព្យ​ប្រភេទ​នេះ មាន​សុវត្ថិភាព​ជាង​។​
 
​ចំណែកឯ​ខុន​ដូ​ដែលមាន​តម្លៃ​អាច​ចរចារ​បាន មាននៅ​ក្នុង​តំបន់​ដូចជា ទួល​ទំពូង ទួលគោក ឬ​ស្ទឹងមានជ័យ​។ អ្នក​ជួល​ក្នុងស្រុក ពិតជា​សប្បាយចិត្ត​រស់​នៅក្នុង​តំបន់​អស់នោះ ពីព្រោះ​វា​ស្ថិតនៅក្នុង​ទីក្រុង ហើយ​ជិត​កន្លែងធ្វើការ និង​សាលារៀន​។ ខណ្ឌ​សែន​សុខ ច្បារអំពៅ និង​ជ្រោយចង្វារ ក៏​ជា​តំបន់​កំពុង​តែមាន​គម្រោង​អភិវឌ្ឍ​លេច​ជា​រូបរាង​ជាច្រើន ហើយ​តំបន់​ទាំងនេះ ក៏​ទំនងជា​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំខែ​ច្រើន ជាង​តំបន់​ផ្សេងទៀត​ផងដែរ​។​
 
​ទីតាំង និង​សុវត្ថិភាព​
​អ្នក​ជួល​ជាពិសេស​ជនបរទេស តែងតែ​គិត​ទៅលើ​សុវត្ថិភាព និង​សន្ដិសុខ​ជា​ចាំបាច់ នៅពេល​ពួកគេ​សម្រេចចិត្ត​ជួល​លំនៅដ្ឋាន​នៅ​កន្លែង​ណាមួយ​។ តំបន់ បឹង​កេងកង ទន្លេបាសាក់ ទួលគោក ដូនពេញ និង​ទួល​ទំពូង ស្ថិតក្នុង​ចំណោម​ទីតាំង​ដែលមាន​សុវត្ថិ​ភាពល្អ​បំផុត​នៅ​ក្រុងភ្នំពេញ​។ ប៉ុន្ដែ​សម្រាប់​ប្រជាជន​កម្ពុជា​វិញ ទីតាំង​ស្ថិតនៅ​លំដាប់​ទី​២ បន្ទាប់ពី​តម្លៃ​។ ពួកគេ​ពុំ​សូវ​មានការ​ព្រួយបារម្ភ​ច្រើន អំពី​បញ្ហា​សន្ដិសុខ​ដូច​ជនបរទេស​ឡើយ​។​
 
​លើសពីនេះទៅទៀត អ្នក​គួរតែ​ទិញ​អចល​ទ្រព្យ​ជួល នៅក្នុង​តំបន់​ណា​ដែល​នៅក្បែរ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត និង​ទីតាំង​ដែលមាន​ភាពងាយស្រួល​ក្នុង​ការបើក​អាជីវកម្ម ឬ​សហគ្រាស​ជាដើម​។ ម្យ៉ាងវិញទៀត អ្នក​ត្រូវ​ប្រាកដថា អ្នក​កំពុង​វិនិយោគ នៅ​តំបន់​ដែលមាន​តម្រូវ​ការជួល​ខ្ពស់ និង​មាន​និរន្ដរភាព​នៅក្នុង​ពេលអនាគត​។​
 
​ការណែនាំ​ពី​ភ្នាក់ងារ​អចល​ទ្រព្យ​
​ការស្វែងរក​ភ្នាក់ងារ​អចល​ទ្រព្យ មុនពេល​ទិញ​អចល​ទ្រព្យ ដើម្បី​ជួល​ត្រឡប់​ទៅវិញ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នក​ដែលជា​ម្ចាស់​កម្មសិទ្ធិ ពីព្រោះ​ភ្នាក់ងារ​អចល​ទ្រព្យ នឹង​ណែនាំ​អ្នក​ទៅកាន់​កន្លែង​ដែលមាន​តម្រូវការ​ខ្ពស់ និង​ពិគ្រោះ​ជាមួយ​អ្នក​អំពី​ហិរញ្ញវត្ថុ​ផងដែរ​។​
​លើសពីនេះ ភ្នាក់ងារ​អចលនទ្រព្យ​ក៏​ដឹង​ពី​ប្រ​វ​ត្ដិ និង​សក្ដានុពល​ជាក់ស្ដែង នៃ​អចលនទ្រព្យ​ទាំងនោះ ដែល​វា​ជា​ព័ត៌មាន​សំខាន់ ដែល​អ្នក​ត្រូវ​ដឹង​មុន​សម្រេចចិត្ត​វិនិយោគ​៕
 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

 

© រក្សាសិទ្ធិដោយ thmeythmey.com