COVID-19
អន្តរជាតិ
អាមេរិកមានករណីស្លាប់ដំបូងដោយសារ COVID-19
× មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (U.S.CDC)បានប្រកាសពីករណីស្លាប់ដំបូងនៅសហរដ្ឋអាមេរិក ដោយសារកូរ៉ូណាវីរុស (COVID-19)។ អ្នកដែលបានស្លាប់គឺជាបុរសវ័យជាង៥០ឆ្នាំម្នាក់នៅរដ្ឋវ៉ាស៊ីនតោន មិនមែនជាស្ត្រីដូចដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសមុននោះឡើយ។
រដ្ឋវ៉ាស៊ីនតោន បានប្រកាសពីការរកឃើញបីករណីដំបូង ដែលក្នុងនោះ មាន១ករណីដែលបានស្លាប់ រីឯ២ករណីទៀត មានអ្នកបម្រើផ្នែកសុខាភិបាលម្នាក់ និងអ្នកជំងឺម្នាក់ដែលមានទំនាក់ទំនងគ្នា។ ភ្លាមៗ អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Jay Inslee បានប្រកាសរដ្ឋក្នុងស្ថានភាពអាសន្ន។
គិតមកត្រឹមពេលនេះ សហរដ្ឋអាមេរិក មានការឆ្លង៦៨ករណី ក្នុងនោះ៧ករណីបានជាសះស្បើយ និងស្លាប់១ករណី។ អាមេរិកក្លាយជាប្រទេសទី៨ដែលមានអ្នកស្លាប់ដោយសារ COVID-19 ក្រៅពីនោះមានចិន ២៨៣៨នាក់, អ៊ីតាលី ២៩នាក់ កូរ៉េខាងត្បូង ១៧នាក់, អ៊ីរ៉ង់ ៤៣នាក់ ជប៉ុន ៥នាក់ និងនៅនាវា Diamond Princess ៦នាក់ បារាំង២នាក់ និងហ្វីលីពីន១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com