សង្គមអន្តរជាតិ
អន្តរជាតិ
តើកត្តាអ្វីខ្លះដែលបង្កើតឲ្យមានជា«កោះ»? កោះមានប៉ុន្មានប្រភេទ?
× កោះគឺជាសណ្ឋានដីទាំងឡាយណាដែលព័ទ្ធជុំវិញដោយសណ្ឋានទឹក។ ទ្វីបក៏ត្រូវបានព័ទ្ធដោយសណ្ឋានទឹកដែរ តែដោយសារវាមានទំហំធំមហាសាល គេមិនចាត់ទុកវាជាកោះនោះឡើយ។ ទ្វីបអូសេអានីគឺជាទ្វីបដែលមានទំហំតូចជាងគេ។ ចំណែកឯកោះដែលមានទំហំធំជាងគេគឺកោះ ហ្ក្រោអ៊ិនឡិន (Greenland) របស់ប្រទេសដាណឺម៉ាក់។ ភាគច្រើន កោះនៅក្នុងមហាសមុទ្រ និងសមុទ្រពិភពលោកមានទំហំតូចជាងកន្លះហិកតា។ នេះបើតាមការបកស្រាយរបស់គេហទំព័រចំណេះដឹងវិទ្យាសាស្ត្រនៃទូរទស្សន៍ National Geographic ។ គេចែកកត្តានៃការកកើតសណ្ឋានដីកោះជា៦ប្រភេទ៖
ទី១៖ «កោះទ្វីប» ឬ «Continental Island» គឺជាប្រភេទកោះដែលធ្លាប់នៅជាប់ជាមួយនឹងសណ្ឋានដីស្រទាប់ខាងក្រោមនៃផ្ទាំងដីទ្វីបធំៗ។ ដោយសារតែផ្ទាំងដីធំៗមានចលនាឥតឈប់ឈរយឺតៗជារៀងរាល់ថ្ងៃ ទើបផ្ទាំងដីមួយចំនួនត្រូវបានរំកិលចេញពីគ្នា បង្កើតបានជាកោះ។ កោះ ម៉ាដាកាស្កា និងកោះ ហ្ក្រោអ៊ិនឡិន គឺជាឧទាហរណ៌នៃប្រភេទកោះនេះ។ មួយវិញទៀតគឺការកើតឡើងនៃកម្ពស់ទឹកសមុទ្រ នៅក្នុងពេល«យុគទឹកកក»នៃផែនដី ដែលកើតមានឡើងកាលពី១៨ពាន់ឆ្នាំមុន។ ដីទំនាបទាបៗត្រូវបានជន់លិចដោយទឹកសមុទ្រ។
ទី២៖ «កោះជំនោរទឹកសមុទ្រ» ឬ «Tidal Island» ដែលបង្ហាញពីកោះទ្វីបម្យ៉ាងមិនទាន់បានរងសំនឹកទាំងស្រុងពីបរិស្ថានជុំវិញ។ នៅពេលដែលទឹកជោរខ្លាំង ផ្នែកមួយចំនួនធំនៃកោះប្រភេទអាចមានវត្តមាននៅខាងក្រោមកម្ពស់ទឹកសមុទ្រមួយរយៈបាន។ ឧទាហរណ៌មានដូចជាកោះ Mont Saint-Michel នៃប្រទេសបារាំង។
ទី៣៖ «កោះរបាំង» ឬ «Barrier Island» ជាប្រភេទកោះដែលមានរាងទ្រវែង មានទីតាំងនៅតាមបណ្តោយឆ្នេរ។ វាអាចកើតចេញពីខ្សាច់ ដី ឬប្រភេទថ្មផ្សេងៗ។ ពេលខ្លះទៀត វាក៏អាចកើតចេញពីផ្កាថ្ម និងសត្វដែលមានសំបករឹងៗដែលរស់នៅក្នុងសមុទ្ររាក់ៗផងដែរ។ វាមាននាទីក្នុងការការពារឆ្នេរពីរលក និងខ្យល់ធំៗ។
ទី៤៖ «កោះភ្នំភ្លើង» ឬ «Volcanic Island» គឺជាកោះដែលកើតចេញពីបន្ទុះភ្នំភ្លើងនៅក្រោមទឹកសមុទ្រ។ នៅពេលដែលវាផ្ទុះ ម៉ាកម៉ា ដែលជាថ្មរាវក្តៅហូរចេញមកខាងក្រៅបង្កើតបានជាស្រទាប់ដីថ្មីៗ នៅពេលដែលវាត្រជាក់ទៅវិញ។
ទី៥៖ «កោះផ្កាថ្ម» ឬ «Coral Island» កើតចេញពីសារពាង្គកាយសមុទ្រមានជីវិតដូចជាពពួកផ្កាថ្មជាដើម។ សារពាង្គកាយទាំងនេះសម្បូរទៅដោយសារធាតុកាល់ស្យូមកាបូនណាត ឬគេហៅម្យ៉ាងទៀតថាថ្មកំបោរ។ វាមានវត្តមានដូចជានៅតាមកោះ Bahamas និងបណ្តុំកោះ Caribbean ។
ទី៦៖ «កោះសិប្បនិម្មិត» ឬ «Artificial Island» ដែលត្រូវបានបង្កើតដោយមនុស្សក្នុងគោលបំណងខុសគ្នាៗ ដែលក្នុងនោះអាចជាការសាងសង់សំណង់អគារដូចជានៅប្រទេសអារ៉ាប់ ទាញយកផ្ទៃដីរស់នៅបន្ថែមដូចជានៅសឹង្ហបុរី ឬជាការការពារពីទឹកជំនន់ដូចជានៅប្រទេសហូឡង់ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com