អន្តរជាតិ
នយោបាយអន្តរជាតិ
ហ្វីលីពីន នឹងពិចារណាចុះកិច្ចព្រមព្រៀងយោធាថ្មីជាមួយអាមេរិក តែធានាមិនឲ្យប៉ះពាល់អធិបតេយ្យឡើយ
× រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យយោធាថ្មីមួយទៀត បន្ទាប់កិច្ចព្រមព្រៀងមុន ត្រូវបានបញ្ចប់។ តែយ៉ាងណា ក្នុងគោលជំហររបស់ក្រុងម៉ានីលជាពិសេសរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ រាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ ត្រូវតែមិនប៉ះពាល់ដល់អធិបតេយ្យភាពឡើយ។
អគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez នៅថ្ងៃ២៧ កុម្ភៈ បានឲ្យដឹងថា ទ្វាររបស់ហ្វីលីពីនទៅកាន់អាមេរិក មិនត្រូវបានបិទទាំងស្រុងនោះទេ។ ហ្វីលីពីន និងអាមេរិក កំពុងតែសិក្សាលើលទ្ធភាពនៃសហប្រតិបត្តិការថ្មីដែលភាគីទាំងពីរអាចទទួលបានយកបានទាំងសងខាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន inquirer.net។
តាមប្រភពព័ត៌មានដដែល លោកអគ្គរដ្ឋទូត បានអះអាងថា បច្ចុប្បន្នសមភាគីរបស់លោក គឺលោកអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីន Sung Kim ដែលបច្ចុប្បន្នកំពុងតែបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោនស្រាប់នោះ កំពុងតែស្វែងរកមធ្យោបាយនានាដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីអាមេរិក-ហ្វីលីពីន បន្តទៅមុខ។ លោក សង្កត់ធ្ងន់ ថា លោកតែងតែធ្វើទំនាក់ទំនងជាមួយនឹងលោក Sung ស្ទើរតែរាល់ថ្ងៃ និងយ៉ាងជិតស្និទ្ធ។
គួរជម្រាបថា ថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានធ្វើកំណត់ទូតផ្លូវការមួយទៅកាន់អាមេរិក ស្តីពីការបញ្ចប់កិច្ចព្រមព្រៀងស្តីពីការបំពេញប្រតិបត្តិការយោធារបស់អាមេរិកនៅហ្វីលីពីន ហើយភាគីអាមេរិក ក៏មិនមានអ្វីយល់ទាស់ដែរ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ នៅមិនទាន់បញ្ចប់ផ្លូវការនៅឡើយនោះទេ ដ្បិតត្រូវរង់ចាំរហូតដល់ ១៨០ថ្ងៃ បន្ទាប់ពីការជូនដំណឹងការទូតនេះ។
សម្រាប់លោក ឌូទើតេ ការណ៍ដែលលោក ឈានដល់ការសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងនេះ ក៏ដោយសារតែ លោក មើលឃើញថា កិច្ចព្រមព្រៀងនេះ ធ្វើឲ្យហ្វីលីពីនបាត់បង់អធិបតេយ្យភាពរបស់ខ្លួន ដ្បិតកន្លងមក អាមេរិក អាចមានសិទ្ធិបញ្ជូនទាហានរបស់ខ្លួនដើម្បីបំពេញការងារមនុស្សធម៌ និងសកម្មភាពយោធាមួយចំនួននៅហ្វីលីពីន។ មួយវិញទៀតនោះ នេះ ក៏ជាសារមួយតបទៅអាមេរិកផងដែរ បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរឹតត្បិតទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់របស់ហ្វីលីពីន។
ទោះបែបនេះ តាមលោកអគ្គរដ្ឋទូតហ្វីលីពីន ហ្វីលីពីន-អាមេរិក នៅតែអាចធ្វើការជាមួយគ្នាបាន ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យយោធានេះ។ លោក បានសង្តត់ធ្ងន់ថា អាមេរិក គឺជាប្រទេសមហាអំណាចមួយ ដែលគ្រប់គ្នាជុំវិញពិភពលោក មិនអាចមិនអើពើបានឡើយ សូម្បីតែចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com