ដោយ៖ គយ រតនបុរិន្ទ
និស្សិតពេទ្យចំនួន ១ម៉ឺននាក់នឹងត្រូវបញ្ជូនឲ្យចូលបម្រើសេវាសុខាភិបាល ដើម្បីទប់នឹងការរីករាលដាលរបស់ COVID-19។
លោក Gaetano Manfredi រដ្ឋម្ត្រីក្រសួងទទួលបន្ទុកសកលវិទ្យាល័យ និងកិច្ចការស្រាវជ្រាវបានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចឲ្យនិស្សិតពេទ្យចូលបម្រើការងារ៨ទៅ៩ខែមុនកាលវិភាគ និងអនុញ្ញាតឲ្យពួកគេបញ្ចប់ការសិក្សាតែម្តង ដោយមិនចាំបាចប្រឡងឡើយ។ « នេះជាវិធានការភា្លមៗរបស់រដ្ឋាភិបាលដោយបន្ថែមកម្លាំងវេជ្ជបណ្ឌិតថ្មីចំនួន១ម៉ឺននាក់ចូលក្នុងប្រព័ន្ធសុខាភិបាលជាតិ ដើម្បីដោះស្រាយការខ្វះខាតដែលប្រទេសជាតិកំពុងជួបប្រទះ»។ នេះជាសេចក្តីថ្លែងការរបស់រដ្ឋមន្ត្រីខាងលើដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
និស្សិតទាំងអស់នោះនឹងត្រូវបញ្ជូនឲ្យទៅធ្វើការជាមួយវេជ្ជបណ្ឌិតទូទៅតាមគ្លីនិក និងផ្ទះមនុស្សវ័យចំណាស់ ខណៈវេជ្ជបណ្ឌិតដែលមានបទពិសោធនឹងត្រូវបញ្ជួនទៅកាន់មន្ទីពេទ្យដែលហូរហៀរដោយអ្នកជំងឺ។
គិតត្រឹមថ្ងៃទី១៧ ខែមីនា អាជ្ញាធរសុខាភិបាលអ៊ីតាលីបានឲ្យដឹងថាចំនួនករណីឆ្លង COVID-19 បានកើនឡើងពី ២៧,៩៨០ ករណី រហូតដល់ ៣១,៥០៦ករណី ដែលជាចំនួនច្រើនបំផុតបន្ទាប់ពីប្រទេសចិន ខណៈដែលអ្នកស្លាប់បានកើនឡើងដល់ ២,៥០៣ នាក់ហើយ។
ការរីករាលដាលនៃCOVID-19 ធ្វើឲ្យប្រព័ន្ធសុខាភិបាល និងមន្ទីពេទ្យអ៊ីតាលីប្រឈមមុននឹងវិបត្តិខ្វះគ្រែពេទ្យ គ្រូពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រ ជាពិសេសនៅតំបន់ភាគខាងជើងប្រទេសដែលជាកន្លែងផ្ទុះជម្ងឺឆ្លង។
ចំណែកឯស្ថានការណ៍វិវត្តនៅ Milan ដែលនៅភាគខាងជើងប្រទេស មានលក្ខណៈគួរឲ្យព្រួយបារម្ភ និងគ្រោះថ្នាក់ដោយសារតែអ្នកឆ្លងថ្មីកើនឡើងខ្លាំង។ ភាគខាងជើងអ៊ីតាលី ដែលជាតំបន់សម្បូរធនធានជាងគេ រងខ្លាំងជាងគេពី COVID-19 នេះ និងជាទីតាំងផ្ទុះករណីឆ្លងដំបូងផងដែរ។ ៣សប្តាហ៍ចុងក្រោយ ចំនួនអ្នកជំងឺនៅតំបន់ Lombardy ដែលត្រូវការការថែទាំខ្លាំង កើនឡើងដល់ ១,១៣៥។ នាក់ ខណៈមន្ទីពេទ្យមានលទ្ធភាពទទួលបានត្រឹមតែ ៨០០នាក់ប៉ុណ្ណោះ។
សព្វថ្ងៃ អ៊ីតាលី ស្ថិតក្រោមការបិទទ្វារប្រទេសដើម្បីទប់ស្កាត់ការរាលដាល។ បន្ទាប់ពីរដ្ឋាភិបាលបានចេញបម្រាមមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះកាលពីសប្តាហ៍មុន នគរបាលអ៊ីតាលីបានឃាត់ និងសាកសួរមនុស្សចំនួន ១៧២,៧២០ នាក់ពីហេតុផលដែលពួកគេចាកចេញពីផ្ទះ ខណៈមនុស្ស ៧,៨៩០នាក់ត្រូវបានកត់សម្គាល់ថា បានល្មើសនឹងបម្រាមខាងលើ៕