COVID-19
អន្តរជាតិ
មួយថ្ងៃ អ៊ីតាលីមានករណីស្លាប់ដោយសារ COVID-19 ចំនួន៤៧៥នាក់ ខណៈបារាំងមានជិត៩០នាក់
× អ៊ីតាលី នៅថ្ងៃទី១៨ ខែមីនា បានរាយការណ៍ករណីស្លាប់ដោយសារ COVID-19 ថ្មី ចំនួន៤៧៥នាក់ ។ នេះគឺជាតួស្លាប់ខ្ពស់បំផុតក្នុងមួយ សម្រាប់ប្រទេសទាំងអស់ គិតចាប់ពីករណី COVID-19 បានរកឃើញក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។ ចំណែកបារាំងវិញ មានករណីស្លាប់ថ្មី ៨៩នាក់ ដែលធ្វើឲ្យតួលេខសរុបឡើងដល់២៦៤នាក់ហើយ។
ដោយបូកតួលេខថ្មីនេះទៀត ករណីស្លាប់សរុបក្នុងប្រទេសអ៊ីតាលី បានឈានដល់ ២៩៧៨នាក់ ខណៈតួលេខអ្នកឆ្លងហក់ឡើងដល់ ៣៥៧១៣ករណីហើយ។ តួលេខអ្នកស្លាប់ខ្ពស់បំផុតដែលបានរកឃើញក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺមានចំនួន ៣៦៨ នាក់ ។
អត្រាស្លាប់នៅបន្តកើនឡើង ទោះបីប្រជាជាតិមួយនេះចូលដល់សប្តាហ៍ទី២នៃការបិទប្រទេសទាំងមូល។ មន្ត្រីរដ្ឋាភិបាល បានទទូចឲ្យពលរដ្ឋអ៊ីតាលីបន្តមានជំនឿ និងរឹងប៉ឹងឡើង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានវិទ្យាស្ថានសុខាភិបាលជាតិអ៊ីតាលី លោក Silvio Brusaferro ថ្លែងនៅសន្និសីទព័ត៌មានលើទូរទស្សន៍ជាតិថា៖«រឿងដែលសំខាន់នោះគឺ យើងមិនចុះចេញ។ វានឹងត្រូវការពេល២ ទៅ ៣ ថ្ងៃទៀត មុននឹងយើងឃើញប្រសិទ្ធភាព»។ ត្រង់នេះលោក Brusaferro សង្កត់ធ្ងន់ថា៖«យើងត្រូវរក្សាចំណាត់ការទាំងនេះដើម្បីមើលឃើញពីប្រសិទ្ធភាព និងដើម្បីការពារអ្នកដែលរងគ្រោះបំផុត»។
បានដាក់ចេញនៅទូទាំងប្រទេសកាលពីថ្ងៃទី១២ ខែមីនា ចំណាត់ការបិទការធ្វើធុកិច្ច និងបម្រាមលើការប្រមូលផ្ដុំសាធារណៈនេះ នឹងបិទបញ្ចប់នាថ្ងៃទី ២៥ ខែមីនា។ ក៏ប៉ុន្តែការបិទសាលារៀន និងចំណាត់ការផ្សេងទៀត ដូចជា ការផ្អាកព្រឹត្តិការណ៍កីឡា នានា នឹងបន្តរហូតដល់ថ្ងៃទី ៣ ខែមេសា។ ទោះជាបែបនេះក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីតាលី បានបង្ហើបថា ការបិទសាលា អាចលើករហូតដល់ខែមេសា ។
ចំណែកនៅបារាំង អាជ្ញាធរសុខាភិបាលប្រទេសនេះ នៅថ្ងៃពុធ ទី១៨ ខែមីនា បានរាយការណ៍ករណីស្លាប់ដោយសារ COVID-19 ចំនួន ៨៩នាក់ថ្មី ដែលធ្វើឲ្យតួលេខស្លាប់សរុបឡើងដល់ ២៦៤នាក់ហើយ។ ដោយឡែកករណីឆ្លង COVID-19 នៅប្រទេសនេះ កើនឡើងជាង១៤០០នាក់ថ្មី ដែលធ្វើឲ្យតួលេខឆ្លងសរុប ឡើងដល់ ៩១៣៤នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសចាត់វិធានការរឹតត្បិតការដើរហើររបស់ប្រជាជនខ្លួនរយៈពេល១៥ថ្ងៃ។ ប្រធានាធិបតីបារាំងរូបនេះ បានស្នើឲ្យប្រជាពលរដ្ឋសម្ងំនៅផ្ទះនិងចៀសវាងការចេញទៅដើរហើរនៅខាងក្រៅ ដរាបណាមានការចាំបាច់ក្នុងការទិញម្ហូបអាហារ ទៅធ្វើការ ឫស្វែងរកការថែទាំសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com