COVID-19
អន្តរជាតិ
ពលរដ្ឋ​អាមេរិក​១​លាន​នាក់ បានធ្វើ​តេស្ត​រក COVID-19 ខណៈ​អ្នកស្លាប់​ឡើង​លើស​៣​ពាន់​នាក់​
31, Mar 2020 , 4:03 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣០ ខែមីនា និយាយថា ពលរដ្ឋ​អាមេរិក​មួយ​លាន​នាក់ បានធ្វើ​តេស្ត​រក​ជំងឺ COVID-19 ។ លោក​ចាត់ទុក​តួលេខ​នេះ​ជាការ​បោះជំហាន​ដ៏​ធំ​មួយ​។ យ៉ាងណាមិញ ស្ថានភាព COVID-19 នៅ​អាមេរិក នៅ​មិនទាន់​ធូរស្រាល​នៅឡើយ​ទេ ដោយ​តួលេខ​អ្នកស្លាប់​បាន​បន្ត​កើនឡើង​ឥតឈប់ឈរ​។ ទូទាំង​អាមេរិក អ្នកស្លាប់​បាន​ឡើង​លើសបី​ពាន់​នាក់ ដែល​ឈរ​នៅ​លំដាប់​ទី​បួន​ផង​។​

 
​ខណៈ​ជំងឺ COVID-19 បន្ត​រាលដាល​ឥត​ស្រាកស្រាន្ត​នៅ​អាមេរិក ការធ្វើ​តេស្ត ត្រូវបាន​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដើម្បី​កំណត់​អត្តសញ្ញាណ​ករណី​ឆ្លង​ទាំងឡាយ​។ ប្រធានាធិបតី​អាម​រិ​ក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣០ ខែមីនា ប្រកាសថា ប្រជាជន​អាមេរិក​មួយ​លាន​នាក់​ហើយ បានធ្វើ​តេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការវិវត្ត​ជំងឺ COVID-19 នៅ​សេត​វិមាន លោក ត្រាំ និយាយ​ដោយ​ទំនុកចិត្ត​ថា អាមេរិក​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ​ក្នុង​សង្គ្រាម​ប្រឆាំង COVID-19 ហើយ​ចំនួន​អ្នកធ្វើ​តេស្ត​ដ៏​ច្រើន​ខាងលើនេះ គឺជា​តួលេខ​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ប្រទេស​ដទៃ​។ ដោយឡែក រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក Alex Azar និយាយ​ក្នុង​សន្និសីទ​ដដែល​ថា អាមេរិក​កំពុង​ធ្វើតេស្ត​មនុស្ស​មួយ​សែន​នាក់​ក្នុង​មួយថ្ងៃ​ដើម្បី​ទប់ស្កាត់ COVID-19 ។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា អាមេរិក​មាន​ករណី​ឆ្លង​ជាង​១៦​ម៉ឺន​នាក់ ដោយ​ឈរ​នៅលើ​បញ្ជី​ប្រទេស​មាន COVID-19 នៅ​ទូទាំង​ពិភពលោក​។ តួលេខ​ស្លាប់​នៅ​អាមេរិក​កើន​លើសបី​ពាន់​នាក់​ផងដែរ ហើយ​ឈរ​នៅ​លំដាប់​ទី​បួន បន្ទាប់ពី​អ៊ីតាលី អេ​ស្ប៉ា​ញ និង​ចិន​។​
 
​ក្នុង​សន្និសីទ​នៅ​ថ្ងៃទី​២៩ ខែមីនា លោក ត្រាំ បញ្ជាក់ថា ករណី​ស្លាប់​នៅ​អាមេរិក​អាច​ឈានដល់​ចំណុចកំពូល​នៅ​ពីរ​សប្ដាហ៍​ទៀត រួច​បន្ត​ធ្លាក់ចុះ​វិញ​។ ពាក់ព័ន្ធ​អ្នកស្លាប់​នេះដែរ មន្ត្រី​ជំនាញ​ជំងឺឆ្លង​របស់​អាមេរិក​ក៏​ព្រមាន​ដែរ​ថា អ្នកស្លាប់​អាចមាន​ចាប់ពី​មួយ​សែន​នាក់​ទៅ​ពីរ​សែន​នាក់​ឯណោះ​។​
 
​អាមេរិក បាន​បញ្ជា​ទិញ​សម្ភារ​វេជ្ជសាស្ត្រ​ជាច្រើន​មុន​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុករ​របស់ខ្លួន​ដែល​ប្រឈម​ការខ្វះខាត​ព្រោះ​អ្នកជំងឺ​កើនឡើង​រាល់ថ្ងៃ​។ គ្រឿ​បរិក្ខារ​ពេទ្យ​ដែល​ទិញ​ពី​ចិន​បាន​ទៅដល់​ទឹកដី​អាមេរិក​មួយ​ជើង​ហើយ​ក្នុងចំណោម​ការបញ្ជាទិញ​ជាច្រើន​នោះ​៕ 

Tag:
 អាមេរិក​
  COVID-19
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com