COVID-19
ជាតិ
COVID-19៖ គ្រូបង្រៀន រំឭក​សិស្ស​ឲ្យ​ខំ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង ទោះ​ការប្រឡង​ពន្យារពេល​
18, Apr 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ពន្យារពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយសារ​បញ្ហា​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៨ មេសា​កន្លងទៅ​។ ស្រប​ពេលដែល​ក្រសួង​ពន្យារពេល​ការប្រឡង គ្រូបង្រៀន​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ក៏បាន​ក្រើនរំឭក​ឲ្យ​សិស្សានុសិស្ស​ខិតខំ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង ទោះបី​ការប្រឡង​ពន្យារពេល​ក៏ដោយ​។


 
​លោក ហុក វ៉ាន់​ហុង គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កូនសិស្ស​របស់លោក ឲ្យ​ខិតខំ​ប្រឹង​រៀនសូត្រ​បន្ថែម បើទោះបីជា​ការប្រឡង​ត្រូវ​ពន្យារពេល​ក៏ដោយ​។  


 លោក ហុក វ៉ាន់ហុង គ្រូបង្រៀន​គណិតវិទ្យាថ្នាក់ទី ៩ នៃ​វិទ្យាល័យ​ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក ហុក វ៉ាន់​ហុង បាន​បញ្ជាក់ថា លោក​បាន​បង្កើតជា​ក្រុម​(Group)​តាម​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម និង​ផ្ញើ​មេរៀន​ទៅកាន់​សិស្ស​ជាប្រចាំ ហើយ​ក្នុងករណី​សិស្ស​មាន​ចម្ងល់ ពួកគេ​អាច​សួរ​ត្រឡប់មកវិញ​។ ជាមួយគ្នានេះ គ្រូបង្រៀន​រូបនេះ ចង់​ឲ្យ​អាណាព្យាបាល​ចូលរួម​ជំរុញ​កូន​សិក្សា​នៅផ្ទះ ប្រសិនបើ​ឪពុកម្ដាយ​មិន​ជួយ​ជំរុញ​ទេ នោះ​កូន​នឹងមិន​ខ្វល់​ពី​ការ​ស្វ័យ​សិក្សា​បន្ថែម​។ 
 
​សម្រាប់​អ្នកស្រី សេង យោធា​រ៉ា គ្រូបង្រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន​វិញ ក៏​លើកទឹកចិត្ត​ឲ្យ​សិស្ស​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ផងដែរ​។ អ្នកគ្រូ​បង្រៀនអក្សរ​សាស្ត្រ​ខ្មែរ​រូបនេះ ផ្ដាំ​ទៅ​សិស្ស​ថា​៖ «​កូនៗ ត្រូវ​ចេះ​ចែក​ពេលវេលា​សម្រាប់​ខ្លួនឯង មើល​មេរៀន និង​ធ្វើ​លំ​ហាត់​។ ត្រូវតែ​ខិតខំ​នៅផ្ទះ​ដោយ​ខ្លួនឯង រៀន​តាម​ការផ្សាយ​ផ្ទាល់​របស់​ក្រសួង ឬ​សៀវភៅ​គោល​។ ប្រសិនបើ​កូន​មិន​យល់ កូន​អាច​សួរ​តាម​ឆាត​បាន​»​។​


អ្នកស្រី សេង យោធារ៉ា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរថ្នាក់ទី១២ នៃ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន
 
​អ្នកគ្រូ សេង យោធា​រ៉ា បង្ហាញ​អារម្មណ៍​ភ័យព្រួយ​យ៉ាង​ដូច្នេះ​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​ភ័យ ខ្ញុំ​ខ្លាច​កូនសិស្ស​ខ្ញុំ​ប្រឡង​ធ្លាក់ ប្រសិនបើ​គាត់​មិនមាន​ការព្យាយាម​។ ប៉ុន្តែ​បើ​គាត់​ខំប្រឹងប្រែង​ព្យាយាម​ធ្វើ​លំ​ហាត់​ដូច​កាលពី​នៅ​រៀន គាត់​នឹង​ទទួលបាន​លទ្ធផល​ល្អ​»​។​
 
​លោក ទៀ សុធា គ្រូបង្រៀន​គណិតវិទ្យា​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី ក៏បាន​រំឭក និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ស្វ័យ​សិក្សា​នៅផ្ទះ​ផងដែរ​។ បើទោះបី​ការប្រឡង​ត្រូវ​ពន្យារពេល ប៉ុន្តែ​សិស្ស​មិនត្រូវ​ប្រ​ងើយ​កន្តើយ ឬ​ភ្លេច​ខ្លួនឯង​ឡើយ​។ គ្រូ​គណិតវិទ្យា​រូបនេះ លើកឡើង​បែបនេះ​៖ «​កូនសិស្ស​ត្រូវ​មេរៀន​ឡើងវិញ ឧស្សាហ៍​ធ្វើ​លំ​ហាត់ ដើម្បី​ឲ្យ​ស្ទាត់ជំនាញ និង​មិនត្រូវ​ភ្លេចខ្លួន​ឡើយ​»​។ 


លោក ទៀ សុធា គ្រូ​បង្រៀន​គណិតវិទ្យាថ្នាក់ទី ១២ នៃវិទ្យាល័យ​ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី​
 
​មិន​ត្រឹមតែ​រំឭក​ឲ្យ​សិស្ស​ប្រឹងរៀន​បន្ថែម​ទេ លោក ទៀ សុធា បាន​ជំរុញ​ឲ្យ​សិស្ស​សិក្សា​តាមរយៈ​ការបង្រៀន​តាម​អន​ឡាញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​។ សូមបញ្ជាក់ថា តាម​សេចក្ដី​ជូន​របស់​ក្រសួង​អប់រំ ក្រសួង​អប់រំ ក៏បាន​ក្រើនរំឭក​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវធ្វើ​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ ដោយ​ប្រើប្រាស់​សៀវភៅ​សិក្សា​គោល និង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដែលមាន​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕ 
 

Tag:
 អប់រំ​
  គ្រូបង្រៀន​
© រក្សាសិទ្ធិដោយ thmeythmey.com