ដោយមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប.) របស់ក្រសួងពាណិជ្ជកម្ម បានចុះធ្វើប្រតិប្រតិបត្តិការដើរត្រួតពិនិត្យគុណភាពអាល់កុលលាងសម្អាតដៃ ដែលកំពុងចរាចរនិងចែកចាយនៅលើទីផ្សារ និងនៅតាមកន្លែងផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្ម អះអាងថា តាមរយៈកិច្ចប្រតិបត្តិការនេះ មន្ត្រីមានសមត្ថកិច្ច បានរកឃើញការលួចបន្លំប្រើប្រាស់សារធាតុមេតាណុលជាច្រើន ធ្វើជាអាល់កុលលាងសម្អាតដៃ សម្រាប់កម្ចាត់ជំងឺកូវីដ-១៩។ ក្រសួងពាណិជ្ជកម្ម លើកឡើងថា តាមការចុះត្រួតពិនិត្យនិងការធ្វើតេស្តលើផលិតផលអាល់កុលលាងដៃ នៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ មកដល់ពេលនេះ មន្ត្រីមានសមត្ថកិច្ច បានរកឃើញសារធាតុមេតាណុលរហូតដល់ទៅជាង៨០តោន។
តាមរយៈសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា៖«បញ្ហានេះ មិនត្រឹមតែធ្វើឲ្យបាត់បង់ថវិការបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរទៀតផង»។
ក្រសួងពាណិជ្ជកម្ម ទទូចស្នើសុំឲ្យអាជីវករ ក្រុមហ៊ុន សហគ្រាស និង បុគ្គល ដែលធ្វើអាជីវកម្មលើផលិតផលប្រើប្រាស់សារធាតុមេតាណុល បញ្ឈប់ការដាក់លក់ និងចែកចាយផលិតផលទាំងនោះ នៅក្នុងទីផ្សារ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល។
ទទ្ទឹមនឹងការស្នើសុំ ក្រសួងពាណិជ្ជកម្ម ក៏ព្រមានចាត់វិធានការផ្លូវច្បាប់ផងដែរ ចំពោះបុគ្គលណា ដែលនៅតែគឃ្លើន។ ក្រសួងព្រមានថា៖«ក្នុងករណី ដែលក្រសួងពាណិជ្ជកម្មនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និង បុគ្គលណាមួយ នៅតែឆ្លៀតឱកាសលក់និងចែកចាយផលិតផលដូចបានជម្រាបជូនខាងលើ ក្នុងអំឡុងពេលប្រទេសកម្ពុជា កំពុងជួបប្រទះនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
មេតាណុល គឺជាប្រភេទអាល់កុលពុល ថ្លា គ្មានពណ៌ គ្មានក្លិន ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងអាល់កុលធម្មតា។ មេតាណុល ជាសារធាតុរលាយក្នុងទឹកទាំងស្រុង ហើយងាយឆាបឆេះ។ ជាទូទៅ សារធាតុនេះ នៅលើទីផ្សារ មានឈ្មោះពាណិជ្ជកម្មផ្សេងៗគ្នា ដូចជា មេទីអាល់កុល (Methyl Alcolhol) មេទីលអ៊ីដ្រាន (Methyl Hydrate) មេទីលអ៊ីដ្រុកស៊ីត (Methyl Hydroxide) និង មេទីលឡុល Methylol ជាដើម។ ទាំងនេះ គឺជាការពន្យល់របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងសេចក្តីជូនដំណឹងខាងលើ។
ក្រសួងពាណិជ្ជកម្ម បន្តថា យោងតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក សារធាតុមេតាណុល មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាសារធាតុផ្សំសកម្មនៅក្នុងការផលិតសារធាតុលាងសម្អាតដៃឡើយ។
ក្រសួងពាណិជ្ជកម្ម បន្ថែមថា មេតាណុល អាចបង្កផលប៉ះពាល់ទៅលើសុខភាព តាមរយៈការស្រូបចូល ការជ្រាបចូលតាមស្បែក ឬការលេបចូល។ បើប្រើរយៈពេលខ្លី អាចរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ បាត់ស្មារតី...។ បើប្រើរយៈពេលវែង អាចពុល ដល់ប្រព័ន្ធរាងកាយ ខូចដល់ប្រព័ន្ធខួរក្បាល ការមើលឃើញចុះខ្សោយ ឬស្រវាំងនិងអាចងងឹតទាំងស្រុង...។ បើដាក់លាយជាមួយស្រាឬភេសជ្ជៈផ្សេងៗ អាចគ្រោះថ្នាក់ដល់អាយុជីវិត៕