អន្តរជាតិ
៣៩​ប្រទេស​ឲ្យ​ចិន​គោរព​សិទ្ធិ​ជនជាតិភាគតិច​វី​ហ្គ័​រ តែ​៥៥​ប្រទេស​ទៀត ថា​កុំ​លូកលាន់​កិច្ចការ​ចិន​
07, Oct 2020 , 1:59 pm        
រូបភាព
អាគារក្នុងតំបន់ស៊ីនជាំង ដែលអង្គការសិទ្ធិមនុស្សអះអាងថាដាក់ឃុំជនជាតិវីហ្គ៍រ។រូបភាព៖ AFP
អាគារក្នុងតំបន់ស៊ីនជាំង ដែលអង្គការសិទ្ធិមនុស្សអះអាងថាដាក់ឃុំជនជាតិវីហ្គ៍រ។រូបភាព៖ AFP
ដោយ:
​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ទី​៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ អាមេរិក ជប៉ុន និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប បាន​ទទូច​ឲ្យ​ចិន​គោរព​សិទ្ធិ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង និង​តំបន់​ឯទៀត​។ បណ្តា​ប្រទេស​ទាំងនោះ ក៏​ទាមទារ​ផងដែរ​ឲ្យ​មានការ​ស៊ើបអង្កេត​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ភាគតិច​នៅ​តំបន់​ស៊ីន​ជាំ​ង​។ ប៉ុន្តែ​ប្រទេស​៥៥​ទៀត ចាត់ទុក​សំណើ​នេះ​ជាការ​លូកលាន់​កិច្ចការ​ចិន​។​

 
​សំណុំរឿង​សិទ្ធិមនុស្ស នៅ​តំបន់​ស៊ីន​ជាំ​ង ទី​បេ និង​ហុងកុង ក្លាយទៅជា​ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រទេស​ចំនួន​៣៩ ទល់នឹង​ប្រទេស​ចំនួន​៥៥​ផ្សេងទៀត​ដែល​រួមមាន​ចិន នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គម មនុស្ស​ធ​ម៍ និង​កិច្ចការ​វប្បធម៌ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ពី​ថ្ងៃទី​៦ ខែតុលា​។​
 
«​យើង​អំពាវនាវ​ឲ្យ​ចិន គោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​រប​ស់បុ​គ្គល​ជនភាគតិច​ខាង​សាសនា និង​ជាតិ​ពិ​ន្ធុ នៅ​តំបន់​ទី​បេ និង​ស៊ីន​ជាំ​ង​»​។ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង លោក​Christoph Heusgen ដែលជា​អ្នកដឹកនាំ​គំនិត​ផ្តួចផ្តើម​លើ​នៃ​សេចក្តីថ្លែងការណ៍ ក្នុង​កិច្ចប្រជុំ​ស្តីពី​សិទ្ធិមនុស្ស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ កាលពី​ឆ្នាំ ២០១៩ អង់គ្លេស​បាន​ព្រៀង​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​នេះដែរ ប៉ុន្តែ​មាន​ត្រឹមតែ​ប្រទេស​ចំនួន​២៣​ប៉ុណ្ណោះ ចុះហត្ថលេខា​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ប្រទេស​ទាំង​៣៩​នោះ ទាមទារ​ឲ្យ​ចិន​ផ្តល់​សិទ្ធិ​ជាបន្ទាន់ និង​គ្មាន​ការរារាំង​ដល់​អ្នកសង្កេតការណ៍​ឯករាជ្យ​ដែល​រួមមាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ចូលទៅ​កាន់​តំបន់​ស៊ីន​ជាំ​ង​។ ប្រទេស​ទាំង​៣៩ ក៏​លើកឡើង​ពី​ការព្រួយបារម្ភ​ស្ថានភាព​នៅ​ទីក្រុង​ហុងកុង​ផងដែរ​។ 
 
​ភ្លាមៗ​ក្រោយពី​អ្នកការទូត​អាល្លឺម៉ង់​អាន​សេចក្តីថ្លែងការណ៍​រួច មន្ត្រី​ទូត​ប៉ា​គី​ស្ថាន ក៏បាន​អាន​សេចក្តីថ្លែងការណ៍​តប​ដែល​ចុះហត្ថលេខា​ដោយ​ប្រទេស​ចំនួន​៥៥ ក្នុងនោះ​រួមមាន​ចិន​ផងដែរ​។ សេចក្ដីថ្លែងការណ​៦​នេះ បាន​ថ្កោលទោស​ការប្រើប្រាស់​ស្ថានការណ៍​នៅ​ហុងកុង​ជា​លេស​ក្នុងការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​
 
​ដោយ​សំដៅទៅ អាល្លឺម៉ង់ អាមេរិក និង​អង់គ្លេស ឯកអគ្គរដ្ឋទូត​ចិន​លោក Zhang Jun បាន​រិះគន់​ខ្លាំងៗ​ថា ប្រទេស​ទាំង​៣ មាន​ចរិត​លាក់ពុត និង​ទាមទារ​ពួកគេ​ឲ្យ​បញ្ឈប់​គំនិត​អំនួត និង​រើសអើង​ពូជសាសន៍​។ 
 
​ទាក់ទង​ការចេញ​សេចក្ដីថ្លែងការណ៍​ទៅមក​នេះ អ្នកការទូត​មកពី​អឺរ៉ុប បាន​អះអាងថា ចិន​កំពុង​ដាក់​សម្ពាធ​លើ​ប្រទេស​ដទៃទៀត កុំ​ឲ្យ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​ដែល​លើកឡើង​ដោយ​អាល្លឺម៉ង់​។ ប្រភពព័ត៌មាន​ខាងលើ​បន្តថា ចិន​គំរាម​លែង​ផ្តល់​កងទ័ព​រក្សា​សន្តិសុខ ឬ​ហាមឃាត់​មិន​ឲ្យ​សាងសង់​អាគារ​នៅ​ស្ថានទូត​ថ្មី​របស់​ទាំងនោះ​នៅ​ទឹកដី​ចិន​។​
 
​និយាយ​រឿង​ស៊ីន​ជាំ​ង កាលពី​ខែ​មុន វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី​(ASPI) អះអាងថា ខ្លួន​កំណត់​បាន​ទីតាំង​ច្រើនជាង​៣៨០​កន្លែង ដែល​ត្រូវបាន​សាងសង់​ដើម្បី​ដាក់​ជនជាតិភាគតិច​វី​ហ្គ័​រ​ជាង​១​លាន​នាក់ និង​ក្រុម​ជនជាតិភាគតិច​និយាយ​ភាសា​តួ​ក​គី​ដទៃទៀត​។ សំណុំរឿង​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​នេះ ក៏បាន​នាំ​ឲ្យ​សភា​អាមេរិក អនុម័ត​សេចក្តីព្រាងច្បាប់​កាលពី​ចុងខែ​កញ្ញា ដែល​ហាមឃាត់​ការ​នាំចូល​ផលិតផល ដែល​ផលិត​នៅ​តំបន់​ស៊ីន​ជាំ​ង និង​ជាប់​ពាក់ព័ន្ធ​ការធ្វើការ​ដោយ​បង្ខំ​៕
 
 

Tag:
 ចិន​
  វី​ហ្គ័​រ
© រក្សាសិទ្ធិដោយ thmeythmey.com