COVID-19
អន្តរជាតិ
ចិន ជជែក​ជាមួយ WHO ដើម្បី​វាយតម្លៃ​វ៉ាក់សាំង COVID-19 របស់ខ្លួន​សម្រាប់​ការប្រើប្រាស់​បន្ទាន់​
07, Oct 2020 , 9:59 pm        
រូបភាព
ដោយ៖​កង ម៉េង​ហុង​
 
​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃទី ៦ ខែតុលា​ថា ចិន និង WHO កំពុង​ពិភាក្សាគ្នា​លើ​ការវាយតម្លៃ​វ៉ាក់សាំង COVID-19 ដែល​ផលិត​ក្នុងស្រុក​របស់ខ្លួន​។ នេះ​ជាការ​បោះជំហាន​ឆ្ពោះទៅរក​ការដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន​ជា​អន្តរជាតិ​ក្រោម​លក្ខខណ្ឌ​បន្ទាន់​។​

 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកសម្របសម្រួល​រប​ស់ WHO ផ្នែក​វេជ្ជសាស្ត្រ​និង​បច្ចេកវិទ្យា​សុខភាព​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច លោក Socorro Escalate បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៦ ខែតុលា​ថា ចិន​បាន​ពិភាក្សា​ជំហាន​បឋម​ជាមួយ WHO ដើម្បី​ឲ្យ​វ៉ាក់សាំង​របស់ខ្លួន​មាន​ក្នុង​បញ្ជី​វ៉ាក់សាំង​សម្រាប់​ការប្រើប្រាស់​បន្ទាន់​។​
 
​ការ​មានឈ្មោះ​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាប់​របស់ WHO អនុញ្ញាត​ឲ្យ​វ៉ាក់សាំង និង​វិធីសាស្ត្រ​ព្យាបាល​ដែល​មិនទាន់មាន​អាជ្ញា​បណ្ណ អាច​បង្កើនល្បឿន​ក្នុងការ​ផ្ដល់​ឲ្យ​ប្រជាជន​ទូទៅ​។ ត្រង់នេះ លោក Escalate អះអាងថា តាមរយៈ​បញ្ជី​បន្ទាន់​នេះ វ៉ាកសាំង​ដែលមាន​សក្ដានុពល អាច​ត្រូវបាន​វាយតម្លៃ​តែម្ដង ហើយ​បន្ទាប់មក អាច​ត្រូវបាន​បញ្ជូន​ចេញ​តែម្ដង​។ 
 
​គិត​មកដល់ពេលនេះ ចិន​មាន​វ៉ាក់សាំង​ដែល​កំពុង​ពិសោធ​យ៉ាងតិច​ចំនួន​៤ ដែល​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការសាកល្បង​។ វ៉ាក់សាំង​ពីរ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន China National Biotec Group (CNBG) ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល ហើយ​វ៉ាក់សាំង​ពីរ​ទៀត​អភិវឌ្ឍ​ដោយ Sinovac Biotech and CanSino Biologics​។ វ៉ាក់សាំង​ទាំងនេះ​ត្រូវបាន​ធ្វើតេស្ត​នៅក្នុង​ប្រទេស​ដូចជា ប៉ា​គី​ស្ថាន ឥណ្ឌូណេស៊ី ប្រេ​ស៊ី​ល រុស្ស៊ី និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់​។​
 
​កាលពី​ខែ​មុន អារ៉ាប់​រួម​បានអនុញ្ញាត​ឲ្យ​ប្រើ​ជាបន្ទាន់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន CNBG ។ នេះ​ជា​លើក​ដំបូង​ដែល​វ៉ាក់សាំង COVID-19 ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​ករណី​អាសន្ន​។ ជាមួយគ្នានេះ​ផងដែរ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​នឹង​ផ្តល់​អាទិភាព​ដល់​ចិន​និង​រុស្ស៊ី​នៅក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​របស់​ប្រទេស​លោក​។​
 
​នៅ​ចិន អ្នកធ្វើការ​ក្នុង​វិស័យ​សំខាន់​រាប់ពាន់នាក់ និង​ក្រុមមនុស្ស​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​ចាត់ទុកជា​អ្នកមាន​ហានិភ័យ​ខ្ពស់ ទទួលបាន​ការផ្តល់​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ក្នុងស្រុក​។ ខណៈ​ការធ្វើ​តេស្ត​មិនទាន់បាន​បញ្ចប់​ពេញលេញ វា​បាន​បង្កើន​ក្តីបារម្ភ​ពី​សុវត្ថិភាព​ក្នុងចំណោម​អ្នកជំនាញ​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com