COVID-19
អន្តរជាតិ
បេក្ខជន​អនុ​ប្រធានាធិបតី​អាមេរិក ត្រូវ​ឈរ​ឃ្លាត​គ្នា និង​មាន​កញ្ចក់​ការពារ​ក្នុង​ការដេញដោល​ព្រឹកស្អែក​
07, Oct 2020 , 5:21 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក មកពីបក្សសាធារណរដ្ឋ លោក ម៉ៃ ផេន (ស្ដាំ) និងបេក្ខនារីអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ខាម៉ាឡា ហារីស
អនុប្រធានាធិបតីអាមេរិក មកពីបក្សសាធារណរដ្ឋ លោក ម៉ៃ ផេន (ស្ដាំ) និងបេក្ខនារីអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ អ្នកស្រី ខាម៉ាឡា ហារីស
ដោយ:
​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឆ្លង​កូ​វីដ​-១៩​កាលពី​សប្ដាហ៍​មុន គណៈកម្មការ​រៀបចំ​កា​រ​ជជែក​ដេញដោល​ប្រធានាធិបតី​អាមេរិក អះអាងថា ខ្លួន​នឹង​ពង្រឹង​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-19 ក្នុង​ការជជែក​ដេញដោល​របស់​បេក្ខភាព​អនុ​ប្រធានាធិបតី​។ បេក្ខជន​ទាំងពីរ នៅតែ​ដាច់ពីគ្នា ផ្ទាំង​កញ្ចក់​ថ្លា​នឹងត្រូវ​ដំឡើង ហើយ​គម្លាត​ទីតាំង​ឈរ​ពួកគេ ត្រូវបាន​បង្កើន​ផងដែរ​។​

 
​ការតស៊ូ​មតិ​រវាង​អនុ​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ លោក ម៉ៃ ផេ​ន និង​បេ​ក្ខ​នារី​អនុ​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ អ្នកស្រី ខា​ម៉ា​ឡា ហារី​ស នឹង​រៀបចំឡើង​នៅ​សកល​វិទ្យាល័យ​មួយ ក្នុង​ទីក្រុង Salt Lake នៃ​រដ្ឋ Utah​។ កម្មវិធី​ដែលមាន​រយៈពេល​៩០​នាទី​ពេញ​នេះ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៩​យប់​ថ្ងៃទី​៦ ខែតុលា​ម៉ោង​នៅ​អាមេរិក ឬ​ត្រូវ​នឹង​ថ្ងៃទី ៧ ខែតុលា ម៉ោង​៨​ព្រឹក​ម៉ោង​នៅ​កម្ពុជា​។ 
 
​លោក ផេ​ន និង​អ្នកស្រី ហារី​ស នឹងត្រូវ​ឃាំង​ពីគ្នា​ដោយ​ផ្ទាំង​កញ្ចក់ និង​តម្រូវ​ឲ្យ​ឈរ​ឃ្លាត​ពីគ្នា ជាង​៣,៦៥​ម៉ែត្រ​ផងដែរ​។ គម្លាត​ជាង​២​ម៉ែត្រ ត្រូវបាន​អនុវត្ត​កាលពី​កម្មវិធី​ជជែក​ដេញដោល​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​អតីត​អនុ​ប្រធានាធិបតី ចូ បៃ​ឌិន កាលពី​សប្ដាហ៍​មុន​។​
 
​អ្នកសម្របសម្រួល​កម្ម​វិធី​តស៊ូ​មតិ​នេះ អ្នកស្រី Susan Page នៃ​ទូរទស្សន៍​អាមេរិក USA Today ក៏​នឹង​តម្រូវ​ឲ្យ​អង្គុយ​ឃ្លាត​ពី​បេក្ខជន​ទាំងពីរ​ជាង​៣,៦៥​ម៉ែត្រ​ផងដែរ​។ លោក ផេ​ន និង​អ្នកស្រី ហារី​ស នឹងមិន​ទាមទារ​ឲ្យ​ពាក់​ម៉ាស់​នោះឡើយ តែ​ពួកគេ នឹងត្រូវ​ធ្វើតេស្តរ​កកូ​វីដ​-១៩ ដោយ​លទ្ធផល​ត្រូវតែ​អវិជ្ជមាន​នៅមុន​ឡើងលើ​ឆាក​នេះ​។ 
 
​ដូចគ្នា​នឹង​កម្មវិធី​កាល​មុន​ដែរ បេក្ខជន​ទាំងពីរ​នាក់ នឹងមិន​អនុញ្ញាត​ឲ្យ​ចាប់ដៃគ្នា​ឡើយ ខណៈ​អ្នកចូលរួម​ទស្សនា​ដោយផ្ទាល់ នឹងត្រូវ​កំណត់​ក្នុង​ចំនួន​តិចតួច​បំផុត ហើយ​ពួកគេ​ក៏​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​។​
 
​ប្រធានបទ​ចំនួន​៥​ត្រូវបាន​រំពឹងថា នឹងត្រូវ​លើកយក​មក​ពិភាក្សា​ក្នុង​កម្មវិធី​ជជែក​ដេញដោល​រវាង​លោក ផេ​ន និង​អ្នកស្រី ហារី​ស  រួមមាន វិធានការ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ការតែងតាំង​ចៅ​ក្រុម​តុលាការ​កំពូល សេដ្ឋកិច្ច ប្រព័ន្ធ​សុខាភិបាល ព្រមទាំង​ច្បាប់​និង​សណ្ដាប់ធ្នាប់​។ 
 
​ខុសពី​ការតស៊ូ​មតិ​ត្រាំ​-​បៃ​ឌិន ការជួប​មុខ​គ្នា​រវាង​លោក​ផេ​ន និង​អ្នកស្រី ហារី​ស ត្រូវបាន​រំពឹងថា​នឹងមាន​របៀបរៀបរយ ដ្បិតថា អ្នក​ទាំងពីរ​ជាម​នុស្ស​ម៉ឺងម៉ាត់​តែ​រម្យទម​។ តួយ៉ាង លោក ផេ​ន ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ផ្នែក​ឥរិយាបថ​នៅពេល​ជជែក​ដេញដោល​កាលពី​៤​ឆ្នាំមុន ខណៈ​អ្នកស្រី​ហារី​ស ដែល​ធ្លាប់​ធ្វើជា​មេធាវី ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន​៕

Tag:
 សហរដ្ឋអាមេរិក​
  ការបោះឆ្នោត​អាមេរិក​
  ម៉ៃ ផេ​ន​
  ខា​ម៉ា​ឡា ហារី​ស
© រក្សាសិទ្ធិដោយ thmeythmey.com