ជាតិ
រដ្ឋាភិបាល​បន្ត​ផ្តល់ជំនួយ​គាំពារ​សង្គម ៣​ខែ​ទៀត ដើម្បី​ជួយ​សេដ្ឋកិច្ច​ក្នុង​វិបត្តិ​កូ​វីដ​-១៩
07, Oct 2020 , 11:29 pm        
រូបភាព
សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ថ្ងៃទី៧តុលា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ SPM)
សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ថ្ងៃទី៧តុលា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ SPM)
​ភ្នំពេញ​៖ រដ្ឋាភិបាល​សម្រេច​ផ្ដល់ជំនួយ​សង្គម​ដល់ក​ម្មករ គ្រួសារ​ក្រីក្រ និង​វិស័យ​រងគ្រោះ រយៈពេល​៣​ខែ​ទៀត ដើម្បី​ស្ដារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច នៅក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ក្នុង​ពី​ធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​



​ចាប់តាំងពី​មាន​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​បានប្រកាស​ឲ្យ​អនុវត្ត «​វិធាន​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​នៃ​វិបត្តិ និង​ការស្ដារ និង​ជំរុញ​កំណើន​សេដ្ឋ​កិ​ច្ឋ​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩» ជុំ​ទី​៦​ហើយ ដើម្បី​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាជន​និង​ប្រតិបត្តិការ​ឡើងវិញ​ដល់​សកម្មភាព​ផលិតកម្ម និង​អាជីវកម្ម​ក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​។ 
 
​នៅ​ថ្ងៃទី​៧​តុលា​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បន្ត​ជួយ​ពលរដ្ឋ និង​វិស័យ​ដែល​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩ រយៈពេល​៣​ខែ​បន្ថែ​ទៀត គិត​ចាប់ពី​ខែតុលា ដល់​ធ្នូ ឆ្នាំ​២០២០​។ វិស័យ​ទាំងនោះ រួមមាន​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ ដែល​អនុញ្ញាត​ឲ្យ​ព្យួរ​កិច្ចសន្យាការងារ​បន្ត រួមទាំង​ឧបត្ថម្ភ​ប្រាក់​៤០​ដុល្លារ​ក្នុង​មួយខែ ដល់ក​ម្មករ​១​នាក់ ។ លើសពីនេះ ក៏មាន​ការលើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ដល់​ក្រុមហ៊ុន​ទេសចរណ៍​ផងដែរ​។ 
 
​ចំពោះ​វិស័យ​អាកាសចរណ៍ រដ្ឋាភិបាល​នឹង​បន្ត​លើកលែង​បង់ពន្ធ​អប្បបរមា​៣​ខែ និង​បន្ត​ពន្យារ​ការបង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរ​ស៊ីវិល ២​ខែ​បន្ថែមទៀត រហូតដល់​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២០​។ ចំណែក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក៏​រដ្ឋាភិបាល​នៅតែ​បន្ត រយៈពេល​៣​ខែ​ទៀត ៕

Tag:
 ជំនួយ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com