កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនឡើងទៅវគ្គ ១/២ ផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ក្រោយបន្ត​ឈ្នះគីរីវង់ ២-១
07, Oct 2020 , 5:40 pm        
រូបភាព
កីឡាករ លឹម ពិសុទ្ធ រកបាន​២គ្រាប់តែម្នាក់ឯងសម្រាប់ភ្នំពេញក្រោន។ រូបថត Capture
កីឡាករ លឹម ពិសុទ្ធ រកបាន​២គ្រាប់តែម្នាក់ឯងសម្រាប់ភ្នំពេញក្រោន។ រូបថត Capture
ដោយ:
ក្រុមភ្នំពេញក្រោនបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយទម្លាក់គីរីវង់សុខសែនជ័យជាមួយជ័យជម្នះទាំងពីរជើង ៤-២។



ជ័យជម្នះ ២-១ នៅជើងទីពីរ វាគ្រប់គ្រាន់ក្នុងការជួយក្រុមភ្នំពេញក្រោនឲ្យឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០២០។ នាជំនួបដ៏ស្វិតស្វាញក្រោមដំណក់ភ្លៀងនៅកីឡដ្ឋានគីរីវង់សុខសែនជ័យ ក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ និងក្រុមភ្នំពេញក្រោនបានរក្សាលទ្ធផលដោយគ្មានការស៊ុតបញ្ចូលទីគ្នានៅតង់ទី១។

ឈានដល់តង់ទីពីរ ឱកាសរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់ម្ចាស់ផ្ទះគីរីវង់សុខសែនជ័យបានកើតឡើង ក្រោយអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ពួកគេ ក្រោយកីឡាករគីរីវង់ទាត់បាល់ទៅប៉ះដៃកីឡាករភ្នំពេញក្រោន។ កីឡាករ ជុង មករា ជាអ្នកទទួលបន្ទុកទាត់បាល់ពិន័យនេះ តែធ្វើមិនបានសម្រេច។

ប៉ុន្តែដោយសារអ្នកចាំទីរបស់ភ្នំពេញក្រោន អ៊ុំ វិចិត្រ លោតមុនការទាត់របស់ ជុង សុខា ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង និងផ្តល់ឲ្យទាត់បាល់ពិន័យម្តងទៀត។ នៅលើកនេះ កីឡាករ ឆឹង មករា ជាអ្នកទទួលបន្ទុកទាត់បាល់ពិន័យនេះ ហើយរូបគេធ្វើបានយ៉ាងល្អក្នុងការបំប៉ោងសំណាញ់ទីរបស់ភ្នំពេញក្រោន ដើម្បីបង្កើនការនាំមុខ ១-០ ឲ្យក្រុមម្ចាស់ផ្ទះ។  

ភាពសប្បាយរីករាយរបស់អ្នកគាំទ្រម្ចាស់ផ្ទះមិនបានប៉ុន្មានផង នៅនាទីទី៧០កីឡាករ លឹម ពិសុទ្ធ បានរកគ្រាប់បាល់តាមស្មើ ១-១ ឲ្យភ្នំពេញក្រោន ក្រោយការបញ្ជូនរបស់កីឡាករ ម៉ៅ ពិសិដ្ឋ។ តែកីឡាកររូបនេះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង ក្រោយអបអរគ្រាប់បាល់ដោយដោះអាវ។ ក្រោយមកគ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក ស៊ុំ វណ្ណា ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ឲ្យដើរចេញពីលាន។

ក្រោយមកគ្រាប់បាល់នាំមុខ ២-១ សម្រាប់ភ្នំពេញក្រោនក៏បានកើតឡើង ដែលសម្រេចបានដោយកីឡាករ លឹម ពិសុទ្ធ។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត៕


Tag:
 បាល់ទាត់
  Hun Sen Cup 2020
  ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com