ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា៖«ផ្លូវ ស្ពាន បើចិនមិនធ្វើ អ្នកណាធ្វើ? បើអ្នកឆ្លើយឲ្យខ្ញុំបាន ខ្ញុំគួរតែចុះចេញពីតំណែង»
07, Oct 2020 , 6:10 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង ចាប់ដៃគ្នា ក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចនៅចិននាពេលកន្លងមក
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង ចាប់ដៃគ្នា ក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ចនៅចិននាពេលកន្លងមក
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអត្ថាធិប្បាយជាថ្មីអំពីទំនាក់ទំនងរវាងកម្ពុជាជាមួយចិន និងអំពីការជួយរបស់ប្រទេសមហាអំណាចមួយនេះ មកលើកម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាននិងផ្លូវ ជាដើម។ ការអត្ថាធិប្បាយជាថ្មីនេះ គឺដោយសារតែប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែសង្កេតឃើញការវាយប្រហារមកលើកម្ពុជាថា ស្ថិតក្រោមឥទ្ធិពលរបស់ចិន។



ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងពីអ្វីដែលមជ្ឈដ្ឋានមួយចំនួន បានវាយប្រហារនិងរិះគន់មកលើរដ្ឋាភិបាលកម្ពុជាថា៖«អ្នកខ្លះ ឃើញចិនមកជួយធ្វើផ្លូវ ផ្តល់ជំនួយឥតសំណង ផ្តល់កម្ចីឲ្យកម្ពុជាធ្វើផ្លូវ បែរជាថា កម្ពុជារណបចិន ជ្រើសរើសយកចិន ចោលមហាអំណាចនេះ មហាអំណាចនោះ»។

សម្តេចប្រមុខរដ្ឋាភិបាល ចោទជាសំណួរទៅកាន់អ្នករិះគន់ទាំងនោះថា៖«ខ្ញុំ សួរត្រឡប់ទៅវិញ បើផ្លូវហ្នឹង ស្ពានហ្នឹង ចិនមិនបានធ្វើទេ តើអ្នកណាមកធ្វើជួស?...សួរថា បើចិន កុំលូកដៃចូលជួយ តើអ្នកណាជួយ? ឆ្លើយមក»។ ចោទជាសំណួរបែបនេះរួចហើយ សម្តេច ក៏ប្រកាសថា៖«បើអ្នក ឆ្លើយឲ្យខ្ញុំបាន ខ្ញុំ អាចនិយាយបានថា ខ្ញុំ គួរចុះចេញពីតំណែងដែរ ឲ្យតែអ្នកនិយាយថា អ្នកនេះធ្វើបាន អ្នកនោះធ្វើបាន»។ 




បន្ទាប់មក ប្រមុខរដ្ឋាភិបាល មានប្រសាសន៍សំដៅទៅកាន់ប្រជាពលរដ្ឋថា៖«ប៉ុន្តែ ពួកគេបានត្រឹមថា...។ ពួកគេ ប្រើប្រាស់ផ្លូវហ្នឹងដែរ ប៉ុន្តែ ពួកគេ អត់បាននិយាយដល់ទេ យកតែរឿងអាក្រក់មួយមកនិយាយថា កម្ពុជាទៅជាមួយចិនហើយ»។

សម្តេចនាយករដ្ឋមន្រ្តី ទទួលស្គាល់ថា ក្រៅពីចិន ក៏មានរដ្ឋាភិបាលបរទេសផ្សេងទៀតដែរ ដូចជា ជប៉ុន ជាដើម បានចូលរួមជួយសាងសង់ផ្លូវនិងស្ពាននៅកម្ពុជា។ សម្តេច បានលើកករណីជាក់ស្តែងថា ស្ពានត្សឹបាសាអ្នកលឿង គឺជប៉ុនសាងសង់។ យ៉ាងណា សម្តេច បានលើកឡើងពីផ្លូវនិងស្ពានច្រើនទៀត ដូចជា ស្ពានព្រែកតាមាក់ និង ស្ពានព្រែកក្តាម ជាដើម គឺចិនសាងសង់។

ជាមួយគ្នានេះ សម្តេច អរគុណចិន ដែលបានជួយធ្វើផ្លូវរាប់ពាន់គីឡូម៉ែត្រនៅកម្ពុជា។ ទន្ទឹមនេះ ក្នុងពិធីខាងលើ ដែលមានលោក វ៉ាង វិនទៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ចូលរួមដែរនោះ សម្តេច ប្រាប់ថា កម្ពុជា គ្រោងស្នើសុំថវិកាពីចិនបន្ថែម ដើម្បីយកមកប្រើប្រាស់លើគម្រោងសាងសង់ផ្លូវ៣ខ្សែទៀត គឺ ផ្លូវ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅខេត្តកំពត ផ្លូវជាតិលេខ៣១ និង ផ្លូវជាតិលេខ៣៣ ដែលសុទ្ធតែស្ថិតក្នុងខេត្តកំពត។

ក្នុងឱកាសនោះ មេដឹកនាំកម្ពុជា ក៏បាននិយាយបន្តិចដែរពីកំពង់ផែរាម ដែលជាកំពង់ផែយោធាមួយ នៅកំពង់សោម។ រឿងកំពង់ផែរាម ក៏មិនមែនជារឿងថ្មីដែរ ពោលគឺកម្ពុជា រងការចោទប្រកាន់យូរមកហើយថា អនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានទ័ព នៅកំពង់ផែរាមនេះ។

មេដឹកនាំកម្ពុជា បញ្ជាក់ថា មិនមែនតែនាវាចិនទេ នាវានៃប្រទេសជាច្រើនទៀត ក៏អាចចូលចតនៅកំពង់ផែរាមបានដែរ ឲ្យតែសុំការអនុញ្ញាតពីកម្ពុជា។ មេដឹកនាំកម្ពុជា ថ្លែងថា៖«រហូតដល់ប៉ុន្មានថ្ងៃនេះ ចោទកម្ពុជាថា ប្រគល់កំពង់ផែរាម ឲ្យចិនប្រើប្រាស់ផ្តាច់មុខទៅទៀត ដែលបង្ខំចិត្តត្រូវចាក់ផ្សាយឡើងវិញ នូវអ្វីដែលខ្ញុំនិយាយនៅខេត្តព្រះសីហនុ កាលពីខែ៦ ហើយឲ្យក្រសួងការបរទេស ធ្វើកំណត់ទូត ផ្ញើឲ្យគ្រប់ស្ថានទូតថា លោក ហ៊ុន សែន និយាយអ៊ីចេះ ម៉េចក៏ថា ចង់ធ្វើកំពង់ផែយោធារាម ឲ្យទៅជាកំពង់ផែអន្តរជាតិ។ អាណាធ្វើកំពង់ផែយោធា ឲ្យទៅជាកំពង់ផែអន្តរជាតិ»។

ប្រមុខរដ្ឋាភិបាល បំភ្លឺក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០ ថា៖«យើង គ្មានគោលការណ៍ណាមួយ ដើម្បីនឹងផ្តល់ឲ្យបរទេសណា ប្រើប្រាស់នូវមូលដ្ឋាន [ទ័ព] ក្នុងប្រទេសយើង ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់យើងទេ។ ខ្ញុំ បានបញ្ជាក់ច្រើនលើកហើយ កម្ពុជា សុំបញ្ជាក់ជាថ្មីថា កម្ពុជា ជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជា មិនចូលរួមជាមួយអ្នកនេះ ប្រឆាំងនឹងអ្នកនោះ។ [យើង] មិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយយើង ក៏មិនបោះទីតាំងយោធារបស់យើង នៅលើទឹកដីបរទេសដែរ...»៕

Tag:
 កម្ពុជា-ចិន
  ជំនួយ
  ហេដ្ឋារចនាសម្ព័ន្ធ
  ផ្លូវ
  ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com