អន្តរជាតិ
អ្នកស្រី ហារី​ស រិះគន់​នយោបាយ​ការបរទេស​លោក ត្រាំ ថា ក្បត់​មិត្ត ហើយ​ស្និទ្ធ​ជន​ផ្ដាច់ការ​
08, Oct 2020 , 2:29 pm        
រូបភាព
បេក្ខជនអនុប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យ អ្នកស្រី ខាម៉ាឡា ហារីស និយាយអំឡុងកម្មវិធីជជែកដេញដោល នៅថ្ងៃទី ៧ ខែតុលា (AFP)
បេក្ខជនអនុប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យ អ្នកស្រី ខាម៉ាឡា ហារីស និយាយអំឡុងកម្មវិធីជជែកដេញដោល នៅថ្ងៃទី ៧ ខែតុលា (AFP)
ដោយ:
​បេក្ខជន​អនុ​ប្រធានាធិបតី​អាមេរិក មកពី​បក្ស​ប្រជាធិបតេយ្យ អ្នកស្រី ខា​ម៉ា​ឡា ហារី​ស បាន​រិះគន់​គោលនយោបាយ​ការបរទេស​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ អ្នកស្រី​អះអាងថា គោលនយោបាយ​លោក ត្រាំ ងាក​ឆ្ងាយ​ពី​មិត្តភក្តិ ហើយ​ទៅ​កៀក​អ្នក​ផ្ដាច់ការ​វិញ​។ 

 
​អំឡុង​កម្មវិធី​ជជែក​ដេញដោល​បេក្ខភាព​អនុ​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី ៧ ខែតុលា អ្នកស្រី ខា​ម៉ា​ឡា ហារី​ស និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ក្បត់​សម្ព័ន្ធមិត្ត​អាមេរិក និង​អូសទាញ​អាមេរិក​ទៅ​ស្និទ្ធ​នឹង​ជន​ផ្ដាច់ការ​នៅ​ជុំវិញ​ពិភពលោក​។  អ្នកស្រី ហារី​ស បាន​លើក​ប្រទេស​រុស្ស៊ី​ជា​ឧទាហរណ៍ ដោយ​និយាយថា លោក ត្រាំ ស្ដាប់​សម្តី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ច្រើនជាង​ការបកស្រាយ​របស់​សហ​គម​ន៍​ចារកម្ម​អាមេរិក​លើ​បញ្ហា​ដែល​រុស្ស៊ី​បាន​លូកដៃ​ក្នុងការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។  
 
​បន្ថែម​ពីនេះ អ្នកស្រី ហារី​ស ក៏​លើក​ពី​ភាពមិន​ចុះសម្រុង​រវាង​លោក ត្រាំ និង​សមាជិក​អង្គការ​ណា​តូ ព្រមទាំង​ការដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អ្នកស្រី​អះអាងថា ជា​ទង្វើ​ឯកតោ​ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​គ្មាន​សុវត្ថិភាព​។ អនុប្រធាន​ធិបតី ម៉ៃ ផេ​ន ក៏​តប​វិញ​ថា លោក ត្រាំ បាន​រក្សា​ពាក្យសន្យា​លោក​ចំពោះ​ពលរដ្ឋ​អាមេរិក ដោយ​ផ្លាស់ប្តូរ​ស្ថានទូត​អាមេរិក​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ 
 
​លោក ផេ​ន លើកឡើង​ទៀតថា សមាជិក​អង្គការ​ណា​តូ បានធ្វើ​វិភាគទាន​ច្រើនជាង​មុន​ដើម្បី​រក្សា​សន្តិសុខ​ក្នុង​តំបន់ បន្ទាប់ពី​ការទាមទារ​របស់លោក ត្រាំ ហើយ​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ត្រាំ ក៏​កម្ចាត់​ក្រុម​ឧទ្ទាម​នៅ​មជ្ឈិមបូព៌ា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក​ផងដែរ​។​
 
​ពេល​សួរ​ដល់​ទំនាក់ទំនង​អាមេរិក​-​ចិន អនុ​ប្រធានាធិបតី ផេ​ន ដូច​លោក ត្រាំ ដែរ ក៏​ទម្លាក់កំហុស​លើ​ចិន​ដែល​បណ្ដែតបណ្ដោយ​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​ក្នុង​សហរដ្ឋអាមេរិក​។ លោក​អះ​អះអាងថា លោក​នឹង​ទាមទារ​ឲ្យ​ក្រុង​ប៉េកាំង​ទទួលខុសត្រូវ​ចំពោះ​ជំងឺ​កាច​សាហាវ​នេះ ដែល​បច្ចុប្បន្ន​សម្លាប់​ប្រជាជន​អាមេរិក​ជាង​២០​ម៉ឺន​នាក់​។ 
 
​ត្រង់​សំណួរ​ដដែល អ្នកស្រី ហារី​ស បាន​បង្វែរ​ការទម្លាក់​កំហុស​លើ​ចិន​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ ថា​ជា​កំហុស​របស់​រដ្ឋបាល​លោក​ត្រាំ​។ អ្នកស្រី​និយាយ​ដូច្នេះ​ថា​៖«​ការឆ្លើយតប​របស់រ​ដ្ឋ​បាល​លោក​ត្រាំ​ចំពោះ​ចិន បានធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​បាត់បង់​ជីវិត បាត់បង់​ការងារ​ធ្វើ និង​បាត់បង់​ជំហរ​ខ្លួន​»​។​
 
​បន្ថែម​ពីលើ​បញ្ហា​កូ​វីដ​-១៩ បេក្ខជន​អនុ​ប្រធានាធិបតី ហារី​ស និយាយថា លោក ត្រាំ ចាញ់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ អ្នកស្រី​បាន​លើក​តួលេខ​មួយ​ថា អាមេរិក​បាត់បង់​ការងារ​ផ្នែក​ឧស្សាហកម្ម​ផលិត​៣០​ម៉ឺន​កន្លែង​។ ចំណែក លោក ផេ​ន ហៅ​លោក ចូ បៃ​ឌិន ថា​ជា​អ្នកគាំទ្រ​របស់​បក្ស​កុម្មុយនីស្ត​ចិន ហើយ​លោក​នឹងមិន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ចិន​ឡើយ​។ 
 
​ការជជែក​ដេញដោល​របស់​បេក្ខភាព​អនុ​ប្រធានាធិបតី​ដែល​ធ្វើឡើង​តែមួយ​លើក​គត់​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​អនុលោម​តាម​វិធានការ​សុខាភិបាល​តឹងរ៉ឹង​បំផុត​។ បេក្ខជន​ទាំងពីរ ពុំបាន​អនុញ្ញាត​ឲ្យ​ចាប់ដៃគ្នា ហើយ​ត្រូវ​អង្គុយ​ឃ្លាត​ពីគ្នា​ជាង​៣​ម៉ែត្រ ហើយ​ត្រូវ​ឃាំង​ដោយ​ផ្ទាំង​កញ្ចក់ ។ ទាំង​លោក ផេ​ន និង​អ្នកស្រី ហារី​ស តម្រូវ​ឲ្យ​ធ្វើតេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ មុន​ឡើង​ឆាក​ផងដែរ​។ 
 
​ការបោះឆ្នោត​អាមេរិក នឹងត្រូវ​រៀបចំឡើង​នា​ថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខ​។ ការបោះឆ្នោត​មុនពេល​កំណ​តើ ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​រដ្ឋ​មួយចំនួន​នៃ​សហរដ្ឋអាមេរិក​ផងដែរ​។ ក្រោយ​បញ្ចប់​ការជជែក​ដេញដោល​លើក​ទី​១​កាលពី​សប្ដាហ៍​មុន ការស្ទង់មតិ​របស់ CNN បង្ហាញថា លោក បៃ​ឌិន បាន​នាំ​មុន​លោក​ត្រាំ​ជាង​១០​ពិន្ទុ​។ ខណៈ​ការតស៊ូ​មតិ​ប្រធានាធិបតី​លើក​ទី​២ នឹង​រៀបចំឡើង​នា​ថ្ងៃទី ១៥ ខែតុលា​ខាងមុខ លោក បៃ​ឌិន បានស្នើ​ឲ្យ​ផ្អាក​សិន បើ​លោក ត្រាំ មិនទាន់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩៕ 
 

Tag:
 ​ម៉ៃ ផេ​ន​
  ខា​ម៉ា​ឡា ហារី​ស​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com