ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្រ្តីកសិកម្ម៖ មៀនប៉ៃលិន ឆ្នាំនេះ ផ្ដល់ទិន្នផល ១១ម៉ឺនតោន
22, Aug 2021 , 4:49 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖​ MAFF
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖​ MAFF
ភ្នំពេញ៖ កម្ពុជាមានផ្ទៃដីដាំដុះមៀនប៉ៃលិនឬតាង៉ែន​ ជិត៧ពាន់ហិកតា ដែលចាប់ផ្តើមផ្តល់ទិន្នផលឱ្យប្រជាកសិករនៅទូទាំងប្រទេស។ បើតាមលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ចំនួនផ្ទៃដីទាំងនេះ នឹងផ្តល់ទិន្នផលមៀនប៉ៃលិនឱ្យកសិករ បានរហូតចំនួន១១ម៉ឺនតោន នារដូវប្រមូលផលប្រចាំឆ្នាំ២០២១។

 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះតាង៉ែនទូទាំងប្រទេស សរុប ១៣,៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ដោយឡែក ខេត្តដែលមានកសិករដាំដុះប្រភេទនេះច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនៈគិរី និងបន្ទាយមានជ័យ។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិនឬតាង៉ែនជាង១,៣ម៉ឺនហិកតានេះ គឺមាន៦,៩២៧ហិកតា​ ដែលកសិករត្រូវទទួលបានទិន្នផលនៅក្នុងឆ្នាំ២០២១​។ បើតាមលោក វេង សាខុន ទិន្នផលនៃផ្លែតាង៉ែន បើគិតជាមធ្យមមានចំនួន១៦តោន ក្នុងផ្ទៃដីមួយហិកតា។ 
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២០សីហា រដ្ឋមន្ត្រីកសិកម្មរូបនេះមានប្រសាសន៍ដូច្នេះ ៖ « តាមអ្វីដែលយើងប៉ាន់ស្មាន ផ្ទៃដីដែលអាចប្រមូលផល[ផ្លែតាង៉ែន]បាននៅក្នុងឆ្នាំ២០២១នេះ  គឺ មានប្រមាណ១១ម៉ឺនតោន ដែលយើងត្រូវប្រមូលផល»។ 
 
លោក វេង សាខុន បន្តវាយតម្លៃ ថា ជាមធ្យមផ្លែតាង៉ែនក្នុងមួយគីឡូក្រាម គឺតម្លៃ១,៨០០រៀល។ លោកបញ្ជាក់ថា៖«តម្លៃនេះ គឺមិនទាបពេក ហើយក៏មិនខ្ពស់ពេកទេ ដែលយើងអាចទទួលយកបាន។ ដូច្នេះ យើងត្រូវការថវិកាប្រមាណជា ៤៩លានដុល្លារ ដើម្បីផ្លែតាង៉ែននេះ»។ នេះជាអ្វីដែលយើងវាយតម្លៃជាបឋមរបស់យើងទៅលើដំណាំតាង៉ែននេះ»។ 
 
សូមជម្រាបថា ក្រោយទទួលដំណឹងថាប្រជាកសិករដែលជាដាំមៀនប៉ៃលិន​ឬតាង៉ែន កំពុងជួយបញ្ហាទីផ្សារ សម្ដេច ហ៊ុន សែន បានបញ្ជាដល់លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យចុះប្រមូលទិញមៀន ពីកសិករ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារពួកគេ ក្នុងអំឡុងពេលថៃបិទខ្ទប់ទីផ្សារនាំចូល ដោយសារកូវីដ-១៩ ចាប់ពីថ្ងៃទី១៨សីហា ឆ្នាំ២០២១។ ក្រោយសម្តេច ប្រកាសប្រមូលទិញមៀនប៉ៃលិនពីការសិករ នោះ និន្នាការនៃការបញ្ជាទិញមៀនប៉ៃលិនពីសំណាក់អ្នកជំនួញ និងពីអ្នកទ្រព្យធនជាដើម ក៏បានកើតឡើងជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន ៕ 
 

មៀនប៉ៃលិន ឬ តាង៉ែន របស់ប្រជាកសិករ នៅខេត្តប៉ៃលិន។


Tag:
 មៀនប៉ៃលិន
  លោក វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com