ជាតិ
រថយន្ត
លោក សូវៀត ទិញរថយន្ត ម៉ូតូ និងកង់បុរាណសរុបជាង១០គ្រឿង មកថែរក្សា និងប្រើប្រចាំថ្ងៃ
07, Feb 2022 , 8:19 pm        
រូបភាព
សៀមរាប៖ លោក អៀម សូវៀត ជាអ្នកស្នេហា យានយន្តបុរាណមួយរូប។ សព្វថ្ងៃលោក រស់នៅខេត្តសៀមរាប។ លោកមានរថយន្តបុរាណ២គ្រឿង ក្នុងនះប្រភេទ M151 A2 និងរថយន្ដម៉ាក LAND ROVER ១គ្រឿង។ ក្រៅពីរថយន្ត  លោកក៏មានទោចក្រយានបុរាណៗចំនួន១៣គ្រឿងទៀតដែរ ដែលយានយន្តខ្លះ ត្រូវបានអ្នកស្នេហាយានយន្តបុរាណរូបនេះ ប្រើប្រាស់ជាប្រចាំថ្ងៃផង។

 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក អៀម សូវៀត ដូចតទៅ៖ 
 
កាលពីកុមារភាព លោក អៀម សូវៀត ធ្លាប់ឪពុកនាំជិះរថយន្ដ M151 ម៉ូឌែល A2។ ដោយគាត់នឹករលឹកអតីតកាល គាត់ទិញឡាន M151 ម៉ូឌែល A2 ១គ្រឿង នៅឆ្នាំ២០១៥ ពីអ្នករស់នៅខេត្តសៀមរាបដូចគ្នា។ រថយន្ដ M151 គេឧស្សាហ៍ហៅថា JEEP ព្រោះវាជាប្រភេទឡានស្រដៀងរថយន្ដម៉ាក JEEP ប្រភេទដើម។ តាមពិតអ្វីដែលខុសគ្នាជាងគេរវាង M151 និង JEEP CJ គឺឆ្នូតខាងមុខ នៅចន្លោះហ្វារទាំង២។ នៅលើ JEEP CJ ឆ្នូតខាងមុខបញ្ឈរ ប៉ុន្តែនៅលើ M151 វាមានឆ្នូតផ្ដេក។ លោក សូវៀត បានកែច្នៃ M151 A2 របស់ខ្លួន ដោយដូរប្រអប់លេខ ដាក់អូតូវិញ ដើម្បីឱ្យភរិយាស្រួលក្នុងការបើកបរជូនកូនទៅសាលារៀន។  


 
ក្រៅពីរថយន្ដ M151 លោក អៀម សូវៀត ក៏មានគាត់ក៏មានយានយន្តបុរាណជាច្រើនគ្រឿងទៀតដែរ  ដែលយានយន្តខ្លះ ត្រូវបានអ្នកស្នេហាយានយន្តបុរាណរូបនេះ ប្រើប្រាស់ជាប្រចាំថ្ងៃផង។  ក្នុងចំណោមយាមយន្តទាំងនោះ មានរថយន្ដម៉ាក LAND ROVER ១គ្រឿង និងទោចក្រយាន ១៣គ្រឿង។ ក្រៅពីកង់ម៉ាក PHOENIX ដែលមានអាយុកាលជិត ៦០ឆ្នាំ លោក សូវៀត មានម៉ូតូម៉ាក VESPA ប្រភេទ 150 Sprint ផលិតក្នុងចន្លោះឆ្នាំ១៩៦៥ និង១៩៧៦។ ម៉ូតូម៉ាក HONDA ប្រភេទ Dream 250cc ផលិតប្រហែលឆ្នាំ១៩៧០ និងប្រភេទ Super 90 ផលិតឆ្នាំ១៩៦៧។ ម៉ាក HONDA ដូចគ្នា គាត់ក៏មានកង់ម៉ាស៊ីនប្រភេទ PC50 ពី៥០ឆ្នាំមុន។ គាត់ក៏មានកង់ម៉ាស៊ីនបារាំងច្រើនដែរ ដូចជាម៉ាក VÉLOSOLEX ប្រភេទ 3800 ផលិតឆ្នាំ១៩៧៧ ដោយក្រុមហ៊ុន MOTOBÉCANE ដែលពេលនោះទើបតែទិញក្រុមហ៊ុន SOLEX វិញ។ គាត់មានកង់ម៉ាស៊ីនម៉ាក MOBYLETTE ៦គ្រឿង ដូចជាប្រភេទ AV (អាវេ) 36 ផលិតឆ្នាំ១៩៥៥ ប្រភេទ AV54 ផលិតឆ្នាំ១៩៥៦ ប្រភេទ AU (អាអុយ) 85 (ក៏ហៅ AV85 ដែរ) ផលិតឆ្នាំ១៩៦៥ ប្រភេទ C1PRT (ក៏ហៅ Cady) ផលិតឆ្នាំ១៩៦៩។ ល។


 
 
អត្ថបទទាក់ទង
 
 
 
ក្រុមហ៊ុនអាម៉េរិកាំង FORD បានបង្កើតរថយន្ដ M151 ឆ្នាំ១៩៥៩ ក៏ប៉ុន្តែត្រូវបានផ្ទេរការផលិត ទៅឱ្យក្រុមហ៊ុន KAISER ហើយទៅឱ្យក្រុមហ៊ុន AM General ដែលបញ្ចប់ផលិត M151 ឆ្នាំ១៩៨២។ រយៈពេលជិត៣០ឆ្នាំ រថយន្ដ M151 ត្រូវបានផលិតឡើងប្រមាណ ១០ម៉ឺនគ្រឿង។ 151 គឺជាប្រភេទ ហើយអក្សរ M មកពីអក្សរកាត់ MUTT ដែលមានន័យថា Military Utility Tactical Truck។ ដូច្នេះវាគឺជាឡានសម្រាប់យោធា។ វាបង្វិលកង់ទាំង៤ ដើម្បីជិះលើផ្លូវមានឧបសគ្គ ឬក្រៅផ្លូវ។ អាចទុកឈ្មោះ M ថាជាម៉ាកក៏បាន។ ក៏ប៉ុន្តែវាមិនមែនជាម៉ាកចុះបញ្ជីត្រឹមត្រូវ ដូចម៉ាករថយន្ដស៊ីវិលនោះទេ។ រថយន្ដ M151 របស់លោក សូវៀត គឺជាម៉ូឌែល A2 ដែលពីដើមមានទម្ងន់ ១ ១០០គីឡូក្រាម។ ម៉ូឌែល A2 បានជំនួសម៉ូឌែល A1 ឆ្នាំ១៩៦៨។ ក្រៅពីប្រភេទ M151 ដែលជាប្រភេទសាមញ្ញធម្មតា ក៏គេបានបង្កើតប្រភេទផ្សេងៗ ដែលបំពាក់ដំបូលក្រណាត់កៅស៊ូ ស្ទើរតែទាំងអស់ ដូចជា M718 (សង្គ្រោះបន្ទាន់) M825 (ដឹកកាំភ្លើងធំ) MRC108 (ដឹកឧបករណ៍គមនាគមន៍)។ ល។ 


 
ពាក្យអ៊ីតាលី ម៉ាក vespa មានន័យថា ឱម៉ាល់។ ក្រុមហ៊ុន PIAGGIO បានជ្រើសរើសឈ្មោះនេះ ដោយសាររូបរាងម៉ូតូដំបូង ស្រដៀងសត្វឱម៉ាល់។ ប្រភេទ 150 Sprint មានកម្លាំង ១៥០ CC ហើយត្រូវបានផលិតពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧៦។ ក្រុមហ៊ុនអ៊ីតាលី PIAGGIO ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ ហើយគឺក្រុមហ៊ុននេះហើយ ដែលបានបង្កើតម៉ូតូលេខអូតូមុនគេ។
 
ក្រុមហ៊ុន ហុងដា ត្រូវបានបង្កើតឡើងឆ្នាំ១៩៤៨ នៅប្រទេសជប៉ុន។ ក្រុមហ៊ុននេះ ផលិតរថយន្ដ ម៉ូតូកង់បួន ម៉ូតូគ្រប់ធន់ ម៉ាស៊ីនភ្លើង។ ល។ 


 
ក្រុមហ៊ុន MOTOBECANE បានចាប់ផ្ដើមដំណើរការឆ្នាំ១៩២៤ នៅប្រទេសបារាំង។ គឺក្រុមហ៊ុននេះហើយ ដែលបានបង្កើតកង់ម៉ាស៊ីនដំបូងគេបង្អស់ឆ្នាំ១៩៤៩ ដោយផលិតវាក្នុងរោងចក្រមួយស្ថិតនៅឃុំ Pantin ៕
 

Tag:
 យានយន្ត
  យានយន្តបុរាណ
 រថយន្ត
 ម៉ូតូ
 កង់
  អៀម សូវៀត
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com