ជាតិ
ក្រោយ​មរណភាព លោក ហ៊ុន ណេង ត្រូវ​បានផ្ដល់​គោរមងារ​ជា «​សម្ដេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង​»
07, May 2022 , 9:33 pm        
រូបភាព
រូបភាពពីទទក
រូបភាពពីទទក
​ភ្នំពេញ​៖ លោក ហ៊ុន ណេង បងប្រុស​បង្កើត​សម្ដេច ហ៊ុន សែន ត្រូវបាន​ព្រះមហាក្សត្រ​ផ្ដល់​គោរមងារ​ជា «​សម្ដេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង​»​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៧ ឧសភា​នេះ​។


 
«​សម្ដេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង​» ជា​គោរមងារ​របស់លោក ហ៊ុន ណេង ដែល​ព្រះមហាក្សត្រ​បានផ្ដល់​ឱ្យ​ក្រោយ​ទទួលមរណភាព​កាលពី​ថ្ងៃទី​៥ ឧសភា​។ ព្រះរាជក្រឹត្យ​របស់​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បញ្ជាក់ថា​៖ «​ឯកឧត្តម ហ៊ុន ណេង ជា​អ្នកដឹកនាំ​មាន​ស្វាមីភក្ដិ​ចំពោះ​រាជបល្ល័ង្គ ការពារ និង​គោរព​ព្រះពុទ្ធសាសនា ការពារ​យុត្តិធម៌​សង្គម ដើម្បី​និរន្តរភាព​រាជានិយម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ក្រោយ​លោក ហ៊ុន ណេង ទទួលបាន​គោរមងារ​ជា «​សម្ដេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង​» សម្ដេច ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ពី​ការចូលរួម​ថែរក្សា ការពារ និង​ស្មោះត្រង់​ចំពោះ​ព្រះមហាក្សត្រ ចំពោះ​រាជបល្ល័ង្គ និង​របបរាជានិយម របស់​ក្រុមគ្រួសារ​ត្រ​កូន​ហ៊ុន​។ សម្ដេច ហ៊ុន សែន លើកឡើង​ដូច្នេះ​៖ «​បងប្រុស​ទោះបី​បង​បាន​ចែក​ឋាន​ទៅហើយ​ក្តី​តែ​កេរ្តិ៍ឈ្មោះរ​បស់បង​បាន​ស្ថិតនៅ​ជាមួយ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​ជានិច្ច​។ មុននេះ​បន្តិច​ព្រះមហាក្សត្រ​ជាទីគោរព​សក្ដា​រៈ​របស់​យើង​បាន​ប្រោស​ប្រទាន​នូវ​គោរមងារ​សម្រាប់​បង​គឺជា​(​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង​)»​។​

​ទន្ទឹមនឹងនេះ សម្ដេច ក៏​រំឭក​ពី​ការចូលរួម​របស់លោក ហ៊ុន ណេង ក្នុងការ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ និង​ទាមទារ​ប្រគល់​តំណែង​ថ្វាយ​សម្តេចឪ កាលពី​ថ្ងៃ​២៣ មីនា ១៩៧០​។ សំណេរ​របស់​សម្ដេច ហ៊ុន សែន លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក បន្តថា​៖ «​ប្អូន​ជឿជាក់ថា​កូនចៅ​យើង​ទាំងអស់ នឹង​ដើរ​តាមផ្លូវ​ដែល​យើង​បាន​ដើរ​កន្លងមក​ដោយ​ធានា​ដល់​កិច្ចការពារ​របបរាជានិយម​ការពារ​ព្រះមហាក្សត្រ និង​ព្រះរាជបល្ល័ង្គ ដោយ​ការស្មោះត្រង់​»។

អត្ថបទទាក់ទង


សូមបញ្ជាក់ថា លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា បានទទួលមរណភាពក្នុងអាយុ ៧២ឆ្នាំ ដោយ​សារជំងឺបេះដូង៕



© រក្សាសិទ្ធិដោយ thmeythmey.com