ជាតិ
សេដ្ឋកិច្ច
កម្ពុជា-អូស្រា្តលី ដាក់ឱ្យប្រើគោលការណ៍ណែនាំមួយដើម្បី​បន្ថយ​ហានិភ័យ​នៅ​ការដ្ឋាន​សំ​ណង់
25, May 2022 , 9:59 pm        
រូបភាព
រូបតំណាង៖ ការដ្ឋានសំណង់មួយកន្លែងនៅរាជធានីភ្នំពេញ
រូបតំណាង៖ ការដ្ឋានសំណង់មួយកន្លែងនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្ពុជា និងអូស្រ្តាលី​ ប្រកាសឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពី«សុខ​ភាព និងសុវត្ថិ​ភាព​នៅការ​ដ្ឋានសំណង់»​ នាថ្ងៃទី២៤ឧសភា។ គោលការណ៍នេះ នឹងក្លាយជា​ធាតុផ្សំយ៉ាងសំខាន់ នៃច្បាប់សំណង់របស់កម្ពុជា ​ក្នុង​​ការ​ជួយកាត់បន្ថយហានិភ័យ និង​ធ្វើឱ្យ​ប្រសើរឡើង ​​នូវសុវត្ថិភាពក្នុង​វិស័យ​សំណង់នៅកម្ពុជា។

 
វិស័យសំណង់នៅកម្ពុជា គឺមានភាពរីកលូតលាស់យ៉ាង​ឆាប់រហ័ស ដែលទាមទារ​​ឱ្យ​មាន​ការ​​អភិវឌ្ឍ និងការ​អនុវត្តស្តង់ដារ​ផ្លូវការ​​នានា ទាក់ទងនឹងគុណភាពសំណង់​ ការ​រចនា​គ្រឿង​បង្គុំសំណង់ ​ជាពិសេសគឺសុវត្ថិ​ភាពនៅកន្លែងធ្វើការ។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៅ​ការដ្ឋាន​សំណង់នៅកម្ពុជា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអនុម័តឱ្យប្រើប្រាស់គោលការណ៍ណែនាំស្តីពី សុខ​ភាព និងសុវត្ថិ​ភាព​នៅការ​ដ្ឋានសំណង់សំណង់(WHS) ចាប់ពីថ្ងៃទី២៤ឧសភា ឆ្នាំ២០២២ទៅ។ 
 
គោលការណ៍នេះ ​ត្រូវបានចែកចេញជាបីផ្នែក ដែលគ្របដណ្តប់លើទំនួលខុសត្រូវ នៃសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ព្រមទាំងការសង្គ្រោះបឋម និងការការពារកុមារ និងកម្មករវ័យក្មេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា ដោយបន្ថែមថា គោលការណ៍នេះ ក៏ផ្តល់ការការពារបន្ថែម ដល់កម្មករសំណង់ស្ត្រី រួមទាំងនីតិវិធីសម្រាប់ការយល់ដឹង និងដោះស្រាយអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅតាមការដ្ឋានសំណង់ ផងដែរ។ 
 
សម្រាប់ស្ថានទូតអូស្រា្តលីនៅកម្ពុជា គោលការណ៍នេះ នឹងក្លាយជាធាតុដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា ដែលមានភាពចាំបាច់សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា ដែលកំពុងលូតលាស់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។​ លោក Pablo Kang ​ដែលជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ដូច្នេះ ៖«ខ្ញុំរីករាយណាស់ ដែលយើងបានដាក់ឱ្យដំណើរការ នូវឯកសារដ៏មានសារៈសំខាន់នេះ។ វាជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលចូលរួមក្នុងវិស័យសំណង់ ដែលចូលរួមក្នុងវិស័យសំណង់ ដែលជាវិស័យមួយប្រកបដោយសក្តានុពលនៅកម្ពុជា»។ 
 
បើតាម លោក Pablo Kang គោលការណ៍នេះ គឺផ្តោតការយកចិត្តទុកដាក់ លើសុវត្ថិភាពនៅការដ្ឋានសំណង់ ហើយវាក៏គ្របដណ្តប់ លើបញ្ហាសំខាន់ៗនានាផងដែរ ដូចជាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាដើម។ 
 
ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា គោលការណ៍ណែនាំស្តីពី«សុខ​ភាព និងសុវត្ថិ​ភាព​នៅការ​ដ្ឋានសំណង់»នេះ​ នឹងដើរតួនាទីសំខាន់ណាស់ ក្នុងការជួយកាត់បន្ថយហានិភ័យ និងធានាឱ្យបាននូវសុវត្ថិភាពប្រសើរ នៅតាមការដ្ឋានសំណង់ និងទីតាំង ក្បែរការដ្ឋានសំណង់នានា។ « ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំ ដល់វិនិយោគិន និយោជក និងនិយោជិក  បុគ្គល អង្គភាព និងស្ថាប័នពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់លើគោលការណ៍ណែនាំនេះ​ និងជួយអប់រំសមាជិកពាក់ព័ន្ធទាំងឡាយរបស់ខ្លួន ឱ្យយកចិត្តទុកដាក់លើគោលការណ៍នេះ ហើយសូមអនុវត្តគោលការណ៍ណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅការដ្ឋានសំណង់របស់ខ្លួន»។ លោក ជា សុផារ៉ា មានប្រសាសន៍បែបនេះ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា។ 
 
សូមជម្រាបថា ២​ទស្សវត្សន៍ចុងក្រោយនេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ ដល់​ការ​ដ្ឋានសំណង់ ជាង៥៧ ០០០កន្លែង នៅទូទាំងប្រទេស។  ទិន្នន័យ​របស់ក្រសួង​រៀបចំដែនដី បានបង្ហាញថា ការដ្ឋានសំណង់ទាំងនេះ មានតម្លៃទុនវិនិយោគ ជាង៦៦ពាន់លាន​ដុល្លារ  ហើយ​វិស័យនេះ ផ្តល់​ការ​ងារជាមធ្យម​ដល់​ពលរដ្ឋ​​ ប្រមាណ១៥ម៉ឺននាក់ក្នុងមួយថ្ងៃ។
 
រយៈពេលចុងក្រោយនេះ គ្រោះថ្នាក់នៅតាមការដ្ឋានសំណង់ បានកើតឡើងជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី២០ឧសភា  កម្មករសំណង់​ចំនួន៤នាក់បានស្លាប់ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់ ដោយសារ​​​ដាច់​ខ្សែ​កាប​យោង​​ជណ្ដើរ​យន្ត​​ នៅការដ្ឋានសំណង់មួយកន្លែង​ ​​មានកម្ពស់​​១៥ជាន់ នៅក្រុងព្រះសីហនុ៕
 
 
 

Tag:
 ការដ្ឋានសំណង់
© រក្សាសិទ្ធិដោយ thmeythmey.com