រថយន្ត
អន្តរជាតិ
អាម៉េរិក៖ ទុកឆ្កែ​ចោលក្នុងរថយន្តបណ្តាល​ឲ្យងាប់ទាំង​៤ក្បាល ស្ត្រីជាម្ចាស់ត្រូវបាន​ចាប់ខ្លួន
30, May 2022 , 8:19 pm        
រូបភាព
ដោយ: ធីតា
ស្ត្រីអាម៉េរិកអាយុ​២៥​ឆ្នាំម្នាក់ ត្រូវបាន​ចោទប្រកាន់ពីបទប្រព្រឹត្ត​អំពើឃោឃៅ​លើសត្វ និងត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​នាងបាន​ទុក​ឆ្កែ​៤ក្បាល​ចោល​ក្នុង​រថយន្ត ពេលចេញ​ទៅ​បរិភោគអាហារថ្ងៃត្រង់។

 
យោងតាម​ការផ្សាយ​របស់ CNN ស្ត្រីឈ្មោះ Tesia White ស្ថិតក្នុងដំណើរពីរដ្ឋ Missouri ទៅ Florida ជាមួយ​មិត្តភក្តិម្នាក់ និង​សុនខ​ចិញ្ចឹម​៤ក្បាល​របស់ខ្លួន​។ ពេលទៅ​ដល់ភោជនីយដ្ឋានមួយនៅឆ្នេរ New Smyrna នាង និងមិត្តភក្តិ បាន​ចេញទៅបរិភោគអាហារ​ថ្ងៃត្រង់ ដោយចាក់​ទុក​ឆ្កែ​ទាំង​៤ក្បាល​ក្នុង​រថយន្តដែលមាន​កំដៅ។
 
នៅពេល​ដែលពួក​គេ​វិល​ត្រឡប់ទៅ​រថយន្ត​វិញ ស្រាប់តែឃើញឆ្កែទាំង​៤​ដេក​ស្តូក​ស្តឹង បន្ទាប់មក​ពួកគេ​បាន​ហៅ​ទូរសព្ទ​ទៅ​លេខ​៩១១ ដើម្បី​រាយការណ៍ និង​សុំជំនួយ។ ម្ចាស់ឆ្កែ និង​អ្នករួមដំណើរ សុទ្ធតែបាន​អះអាងថា ពួកគេ​ចេញពីរថយន្ត ដោយ​រក្សា​ការបើក​ម៉ាស៊ីន​ត្រជាក់ ប៉ុន្តែ​ជាសំណាងអាក្រក់ ម៉ាស៊ីន​ត្រជាក់​បានបិទ​ ខណៈពួក​គេកំពុង​ស្រស់ស្រូបអាហារ។
 
របាយការណ៍​បន្ថែមពី WESH បង្ហាញថា ខណៈកំពុង​ហូបបាយ White ក៏បានឆ្លៀតទៅមើល​ឆ្កែ​ម្តងដែរ ហើយម៉ាស៊ីន​ត្រជាក់នៅ​ដំណើរការធម្មតា ប៉ុន្តែក្រោយមក​វា​ក៏ត្រូវបាន​បិទដោយមិន​ដឹងមូលហេតុ ដែលធ្វើឲ្យរថយន្តឡើងកំដៅ។ ឆ្កែទាំង​៤ក្បាល ដែលមាន​ឆ្កែពូជ Goldendoodle អាយុ​៤ឆ្នាំ​មួយក្បាល ឆ្កែពូជ Boxer អាយុ​២​ឆ្នាំមួយក្បាល និងកូនឆ្កែ Goldendoodle ២ក្បាលទៀត បាន​បាត់បង់ជីវិត។
 
ពីរបីម៉ោងក្រោយមក ស្ត្រីម្ចាស់ឆ្កែ​ត្រូវបាន​ចាប់ខ្លួន ពីបទពាក់ព័ន្ធនឹងការ​ប្រព្រឹត្ត​អំពើ​ឃោឃៅ​លើ​សត្វ។ White ទៅ​ត្រូវបានបញ្ជូន​ទៅពន្ធនាគារ Volusia County Branch ហើយ​ត្រូវបាន​ដោះលែងវិញជាមួយនឹងការតម្កល់​ប្រាក់ធានា​ចំនួន​១ម៉ឺន​ដុល្លារអាម៉េរិក។
 
នាអំឡុង​សវនាការ White ត្រូវបាន​រាយការណ៍ថា ស្ថិតក្នុងស្ថានភាពរំជួល​ចិត្ត ហើយ​នាង​បានអះអាងថា ខ្លួន​លែងមាន​សិទ្ធិ​ចិញ្ចឹម​សត្វទៀតហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com