ជាតិ
បោះឆ្នោត
តើគេ បែងចែកអាសនៈឃុំ-សង្កាត់ យ៉ាងម៉េច?
05, Jun 2022 , 6:00 pm        
រូបភាព
សកម្មភាពរាប់សន្លឹកឆ្នោតនៅការិយាល័យសាលាបឋមសិក្សាច្បារអំពៅទី១ រាជធានីភ្នំពេញ ក្រោយការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានបញ្ចប់ នៅម៉ោង៣រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ សហការី
សកម្មភាពរាប់សន្លឹកឆ្នោតនៅការិយាល័យសាលាបឋមសិក្សាច្បារអំពៅទី១ រាជធានីភ្នំពេញ ក្រោយការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានបញ្ចប់ នៅម៉ោង៣រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ សហការី
ដោយ៖ ទេពញាណ

របៀបបែងចែកអាសនៈឃុំ-សង្កាត់ មិនខុសពីរបៀបបែងចែកការអាសនៈរដ្ឋសភាឡើយ។ អាចនិយាយបានថា យល់ពីរបៀបបែងចែកអាសនៈឃុំ-សង្កាត់ នឹងអាចយល់ពីរបៀបបែងចែកអាសនៈរដ្ឋសភា ឬ យល់ពីរបៀបបែងចែកអាសនៈរដ្ឋសភា នឹងអាចយល់ពីរបៀបបែងចែកអាសនៈឃុំ-សង្កាត់។



ការបែងចែកអាសនៈឃុំ-សង្កាត់ ត្រូវចែកចេញពី២ជំហានធំៗ ដូចខាងក្រោម៖

ជំហានទី១ គឺរកសន្លឹកឆ្នោត ដែលស្មើនឹង១អាសនៈ



ឧទាហរណ៍ថា ឃុំក ត្រូវបានកំណត់ឲ្យមានអាសនៈសរុបចំនួន១១។ ក្រោយបោះឆ្នោតរួច សន្លឹកឆ្នោតបានការសរុប មាន៨៣៥២សន្លឹក។ ដើម្បីដឹងថា ១អាសនៈក្នុងឃុំក ស្មើនឹងសន្លឹកឆ្នោតបានការចំនួនប៉ុន្មាន គេ ត្រូវយកសន្លឹកឆ្នោតបានការសរុបចំនួន៨៣៥២សន្លឹក ទៅចែកជាមួយអាសនៈសរុបទាំង១១។



ដូច្នេះ គណបក្សនីមួយៗ ត្រូវមានសន្លឹកឆ្នោតបានការសរុបចំនួន៧៥៩សន្លឹក ទើបអាចទទួលបាន១អាសនៈក្នុងឃុំក។

ជំហានទី២ គឺរកអាសនៈបឋម ដែលគណបក្សនីមួយៗទទួលបានក្នុងឃុំក



ឧទាហរណ៍ថា មាន៦គណបក្ស ដែលដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំនៅឃុំក ដោយក្នុងនោះ គណបក្ស A ទទួលបានសន្លឹកឆ្នោតបានការចំនួន៣១៣១សន្លឹក គណបក្ស B ទទួលបានសន្លឹកឆ្នោតបានការចំនួន២២៧៥សន្លឹក គណបក្ស C ទទួលបានសន្លឹកឆ្នោតបានការចំនួន១១៧៩សន្លឹក គណបក្ស D ទទួលបានសន្លឹកឆ្នោតបានការចំនួន១០៩១សន្លឹក គណបក្ស E ទទួលបានសន្លឹកឆ្នោតបានការចំនួន៣៨២សន្លឹក និង គណបក្ស F ទទួលបានសន្លឹកឆ្នោតបានការចំនួន២៩៤សន្លឹក។













លទ្ធផលនៃការបែងចែកអាសនៈបមឋនេះ បង្ហាញថា គណបក្ស A ទទួលបាន៤អាសនៈ គណបក្ស B ទទួលបាន២អាសនៈ គណបក្ស C ទទួលបាន១អាសនៈ គណបក្ស D ទទួលបាន១អាសនៈ គណបក្ស E និង គណបក្ស F មិនទទួលបានអាសនៈនឹងគេទេ។ អាសនៈក្នុងឃុំក នៅសល់៣ទៀត។

បើការបែងចែកអាសនៈ អស់នៅក្នុងដំណាក់កាលបមឋ ការបែងចែកអាសនៈ ត្រូវបញ្ចប់តែម្តង ដោយការបែងចែកអាសនៈនេះ ត្រូវឆ្លងកាត់ត្រឹមតែ២ជំហានប៉ុណ្ណោះ។ ប៉ុន្តែ បើការបែងចែកអាសនៈក្នុងដំណាក់កាលបឋម មិនទាន់អស់ គឺត្រូវបែងចែកបន្តទៅទៀត ដោយត្រូវឈានចូលដល់ជំហានទី៣។ ជាក់ស្តែង ការបែងចែកអាសនៈក្នុងឃុំក មិនទាន់អស់នោះទេ គឺសល់៣អាសនៈ។

ជំហានទី៣ គឺបែងចែកអាសនៈដែលនៅសល់

ដើម្បីបែងចែកអាសនៈដែលនៅសល់ គេ ត្រូវយកសន្លឹកឆ្នោតបានការសរុបរបស់គណបក្សនីមួយៗ ទៅចែកនឹងចំនួនអាសនៈបឋម ដែលគណបក្សនោះ ទទួលបាន ដោយត្រូវបូកជាមួយ ១អាសនៈបន្ថែម នៅក្នុងភាគបែង។ បើគណបក្សណា ទទួលបានផលចែកច្រើនជាងគេ ឬក៏ហៅថា «មធ្យមភាគខ្ពស់បំផុត» គឺ១អាសនៈ ដែលនៅសល់ ត្រូវបានទៅលើគណបក្សនោះ។ គេ មិនយកអាសនៈ ដែលនៅសល់ទាំង៣ មកបែងចែកតែម្តងឲ្យអស់នោះទេ គឺគេ យកមកបែងចែកម្តង១អាសនៈៗ រហូតដល់អស់ ពោលគឺ អាសនៈទាំង៣ ដែលនៅសល់ ត្រូវយកមកបែងចែកចំនួន៣ដងដែរ។













លទ្ធផល គឺគណបក្ស B ទទួលបានចំនួន៧៥៨,៣៣ ដែលជាចំនួនមធ្យមភាគខ្ពស់បំផុត។ ដូច្នេះ គណបក្ស B ទទួលបាន១អាសនៈបន្ថែម ដោយកើនអាសនៈដល់៣។

អាសនៈនៅសល់២ទៀត ត្រូវយកមកបែងចែកតាមរបៀបខាងលើដដែល។










៦២៦,២០ ជាចំនួនមធ្យមភាគខ្ពស់បំផុតរបស់គណបក្ស A ដែលធ្វើឲ្យគណបក្ស A ទទួលបាន១អាសនៈទៀត។ អាសនៈរបស់គណបក្សនេះ កើនដល់៥។

នៅសល់១អាសនៈចុងក្រោយ ត្រូវធ្វើតាមក្បួនដដែល។ 








បើតាមលទ្ធផលនេះ គណបក្ស C ទទួលបានចំនួន៥៨៩,៥០ ដែលជាចំនួនមធ្យមភាគខ្ពស់បំផុត។ ១អាសនៈចុងក្រោយ ត្រូវធ្លាក់ទៅលើគណបក្ស C ដែលបង្កើនអាសនៈរបស់គណបក្សនេះ បានដល់២។

អាសនៈទាំង៣ ដែលនៅសល់ ត្រូវបានយកមកបែងចែកអស់ហើយ។ លទ្ធផលជារួម គឺ គណបក្ស A ទទួលបានអាសនៈសរុបចំនួន៥ គណបក្ស B ទទួលបានអាសនៈសរុបចំនួន៣ គណបក្ស C ទទួលបានអាសនៈសរុបចំនួន២ គណបក្ស D ទទួលបានអាសនៈសរុបចំនួន១ គណបក្ស E និង គណបក្ស F ពុំទទួលបានអាសនៈឡើយ។

អង្គភាព ដែលបែងចែកអាសនៈឃុំ-សង្កាត់ គឺគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធខប)។ បន្ទាប់មក គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ត្រូវបញ្ជូនលទ្ធផលនៃការបែងចែកអាសនៈឃុំ-សង្កាត់ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពិនិត្យបន្ត។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ថា ពេលត្រូវបានបញ្ជូនទៅដល់ គ.ជ.ប ហើយ លទ្ធផលនៃការបែងចែកអាសនៈឃុំ-សង្កាត់ នឹងត្រូវបែងចែកឡើងវិញ ដោយមន្រ្តីជំនាញ គ.ជ.ប ហើយបន្ទាប់មក គឺត្រូវឆ្លងកាត់ការបែងចែកដោយប្រព័ន្ធកំព្យូទ័រថែមទៀត ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ការបែងចែកការអាសនៈឃុំ-សង្កាត់ ពិតជាត្រឹមត្រូវមែន។ 

សូមបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី គឺអាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ មានគណបក្ស១៧ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ 


Tag:
 បោះឆ្នោត
  របៀបបែងចែកអាសនៈឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com