រថយន្ត
អន្តរជាតិ
Perodua Alza ជាផលិតផលរថយន្តក្នុងស្រុក ដែលពេញនិយមជាងគេនៅម៉ាឡេស៊ី
× រថយន្តរបស់ក្រុមហ៊ុន Perodua នៅតែរក្សាជាម៉ាករថយន្តដែលលក់ដាច់ជាងគេនៅក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសប្រភេទរថយន្តបែបគ្រួសារ ដោយគ្មានការប្រកួតប្រជែងពីជប៉ុន និងកូរ៉េ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានយានយន្ត Zig Wheels។
Perodua ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេនៅម៉ាឡេស៊ី ដោយមានក្រុមហ៊ុនជប៉ុន Daihtsu Motor of Japan ជាដៃគូវិនិយោគ។ នារយៈពេលចុងក្រោយនេះ Perodua បានយកឈ្នះគូប្រជែងជាច្រើន ដូចជា Datsun, Proton, Hyundai, Kia, Mazda, Mitsubishi និង Subaru ជាដើម ជាពិសេសលើតម្លៃនៅទីផ្សារ។
នាត្រីមាសទី១ឆ្នាំ២០២២ នេះ ការលក់ចេញ Perodua កើនឡើងជាង៦ភាគរយ ពោលគឺបានប្រមាណជាង៦ម៉ឺនគ្រឿង។ ម៉ូដែលពេញនិយមបំផុតនោះ គឺ Alza ដែលមាន៧កៅអី។ Nissan Livina ជាគូប្រជែងមួយផងដែរ ប៉ុន្តែថ្លៃជាង៤០ភាគរយដោយសារការបង់ពន្ធនាំចូល។
Alza មានការពេញនិយមខ្លាំងនៅម៉ាឡេស៊ី ជាពិសេសអ្នកប្រើប្រាស់អាចផ្ទុកឥវ៉ាន់បានច្រើននៅកន្លែងអង្គុយផ្នែកទីបី។ រថយន្តដំបូង បានបង្ហាញវត្តមានចាប់ខែវិច្ឆិកា ឆ្នាំ២០០៩ ជាមួយនឹងតម្លៃចន្លោះពីជិត១៣០០០ដុល្លារ ដល់ជិត១៥០០០ដុល្លារអាម៉េរិក។
បច្ចុប្បន្ន រថយន្ត Alza ជាង៣៧ម៉ឺនគ្រឿងហើយ ដែលត្រូវបានលក់ចេញនៅទូទាំងប្រទេសម៉ាឡេស៊ី ហើយនៅឆ្នាំ២០២៣ ខាងមុខ Perodua នឹងបន្តបញ្ចេញផលិតផលបន្ថែមទៀត ជាមួយពណ៌ដ៏ស្រស់ឆើតឆាយ ដូចជាប្រភេទ Vintage Brown, Garnet Red, Elegant Black, Ivory White និង Glittering Silver ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com