រថយន្ត
អន្តរជាតិ
Perodua Alza ជាផលិតផលរថយន្តក្នុងស្រុក ដែលពេញនិយមជាងគេនៅម៉ាឡេស៊ី
06, Jun 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
រថយន្តរបស់​ក្រុមហ៊ុន Perodua នៅតែ​រក្សា​ជាម៉ាក​រថយន្តដែល​លក់ដាច់ជាងគេនៅ​ក្នុង​ប្រទេសម៉ាឡេស៊ី ជាពិសេស​ប្រភេទរថយន្តបែបគ្រួសារ ដោយគ្មាន​ការប្រកួតប្រជែងពីជប៉ុន និង​កូរ៉េ។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មានយានយន្ត Zig Wheels។

 
Perodua ជាក្រុមហ៊ុន​ផលិត​រថយន្តដ៏ធំជាងគេនៅម៉ាឡេស៊ី ដោយមាន​ក្រុមហ៊ុនជប៉ុន Daihtsu Motor of Japan ជាដៃគូវិនិយោគ។ នារយៈពេល​ចុងក្រោយនេះ Perodua បានយកឈ្នះគូប្រជែងជាច្រើន ដូចជា Datsun, Proton, Hyundai, Kia, Mazda, Mitsubishi និង Subaru ជាដើម ជាពិសេស​លើ​តម្លៃនៅទីផ្សារ។
 
នាត្រីមាសទី១ឆ្នាំ២០២២ នេះ ការ​លក់ចេញ Perodua កើនឡើង​ជាង​៦ភាគរយ ពោលគឺ​បាន​ប្រមាណ​ជាង​៦ម៉ឺនគ្រឿង។ ម៉ូដែល​ពេញនិយម​បំផុត​នោះ គឺ Alza ដែលមាន​៧កៅអី។ Nissan Livina ជាគូប្រជែងមួយផងដែរ ប៉ុន្តែ​ថ្លៃជាង​៤០​ភាគរយ​ដោយ​សារ​ការបង់ពន្ធនាំចូល។
 


Alza មាន​ការពេញ​និយម​ខ្លាំងនៅ​ម៉ាឡេស៊ី ជាពិសេស​អ្នកប្រើ​ប្រាស់អាចផ្ទុកឥវ៉ាន់បានច្រើន​នៅកន្លែងអង្គុយ​ផ្នែកទីបី។ រថយន្តដំបូង បាន​បង្ហាញវត្តមាន​ចាប់ខែវិច្ឆិកា ឆ្នាំ២០០៩ ជាមួយ​នឹងតម្លៃចន្លោះពីជិត១៣០០០ដុល្លារ ដល់​ជិត​១៥០០០​ដុល្លារអាម៉េរិក។​
 
បច្ចុប្បន្ន រថយន្ត Alza ជាង​៣៧ម៉ឺនគ្រឿងហើយ ដែលត្រូវបាន​លក់ចេញនៅទូទាំង​ប្រទេស​ម៉ាឡេស៊ី​ ហើយនៅ​ឆ្នាំ​២០២៣ ខាងមុខ Perodua នឹងបន្ត​បញ្ចេញ​ផលិត​ផល​បន្ថែមទៀត ជាមួយពណ៌​ដ៏ស្រស់ឆើតឆាយ ដូចជាប្រភេទ Vintage Brown, Garnet Red, Elegant Black, Ivory White និង​ Glittering Silver ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com