ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ៖ អង្កាមជាជីធម្មជាតិមួយប្រភេទ ដែលអាចជួយកសិករកាត់បន្ថយចំណាយលើ ជី​និងថ្នាំគីមី
13, Jun 2022 , 9:59 am        
រូបភាព
លោក មួង ឡាំងអៃ អ្នកជំនាញផ្នែកដាំដុះស្រូវនៃអង្គការហ្រ្គេត (GRET)
លោក មួង ឡាំងអៃ អ្នកជំនាញផ្នែកដាំដុះស្រូវនៃអង្គការហ្រ្គេត (GRET)
ភ្នំពេញ៖ ខណៈជី​និងថ្នាំកសិកម្មគីមី បន្តឡើងថ្លៃខ្ពស់ លោក មួង ឡាំងអៃ អ្នកជំនាញផ្នែកដាំដុះស្រូវនៃអង្គការហ្រ្គេត (GRET) លើកទឹកចិត្តដល់កសិករឱ្យប្រើប្រាស់អង្កាម​ ឬធ្វើជីកំប៉ុស ​នៅក្នុងដំណើរការដាំដុះដំណាំនានា ពិសេសស្រូវដើម្បីកាត់បន្ថយចំណាយលើថ្លៃជីនិងថ្នាំគីមីកសិកម្ម។ លោក បានបញ្ជាក់ថា អង្កាម ជាជីធម្មជាតិមួយប្រភេទដែលផ្តល់ជីវជាតិ និងសំណើមដល់ដីក្នុងការបង្កបង្កើនផលដំណាំ ដែលជួយកសិករក្នុងការសន្សំសំចៃ ជីគីមី បានច្រើន ផងដែរ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកអានកិច្ចសម្ភាសរវាងលោក មួង ឡាំងអៃ អ្នកជំនាញផ្នែកដាំដុះស្រូវនៃអង្គការហ្វ្រីនGRET ជាមួយកញ្ញា អ៊ូ​ សុខមាន នៃសារព័ត៌មានថ្មីៗ(ThmeyThmey) ខាងក្រោមដូចតទៅ៖ 
 
កញ្ញា អ៊ូ សុខមាន៖​ ជី និងថ្នាំគីមីកសិកម្មនៅកម្ពុជា បន្តឡើងថ្លៃឥតឈប់ឈរពីមួយទៅមួយឆ្នាំ។ នេះជាបញ្ហាចម្បងដែលកសិករប្រឈមក្នុងការដាំដុះឬផលិតផលដំណាំនានា។ ដើម្បីកាត់បន្ថយ​ចំណាយលើថ្លៃ​ជីនិងថ្នាំកសិកម្មគីមី តើកសិករ​គួរត្រូវធ្វើដូចម្តេច? 
 
លោក មួង ឡាំងអៃ៖   ច្បាស់ណាស់ការឡើងថ្លៃ នៃជី និងថ្នាំកសិកម្មគីមីនាបច្ចុប្បន្ន កំពុងផ្តល់ភាពលំបាកដល់កសិករក្នុងការបង្កបង្កើនផលដំណាំផ្សេងៗ។  ដើម្បីកាត់បន្ថយចំណាយលើការប្រើប្រាស់ជីនិងថ្នាំគីមី ​នៅក្នុងដំណើរការដាំដុះដំណាំនានា ជាពិសេសដំណាំស្រូវនោះ កសិករអាចប្រើប្រាស់លាមកសត្វ​ ដូចជាសត្វគោ ជ្រូក និងមាន់ទាជាដើម ដើម្បីធ្វើជាធម្មជាតិសម្រាប់ប្រើប្រាស់លើដំណាំស្រូវនិងដំណាំផ្សេងៗ។ 
 
កសិករដែលចិញ្ចឹមគោ គឺអាចចាក់សាប ឬអាចយកអង្កាមយើងហ្នឹង មកចាក់ក្រាល​នៅកន្លែងគោដេកឱ្យវាជុះ-វានោមកន្លែងហ្នឹងទៅ ហើយទឹកនោមនិងលាមកដែលវាជប់ជាមួយអង្កាមហ្នឹង យើងអាចយកវាធ្វើជីធម្មជាតិប្រើលើដំណាំស្រូវយើងបាន។ ការធ្វើបែបនេះ កសិករគឺអាចកសិករសន្សំសំចៃថវិកាបានច្រើន ពីការប្រើប្រាស់ជីគីមី។  ជីធម្មជាតិដែលបានពីលាមកនិងទឹកនោមគោជាមួយអង្កាមនេះ វានឹងបង្កើនសារធាតុសរីរាង្គនៅក្នុងដី​ដែលធ្វើឱ្យដំណាំកសិករលូតលាស់ល្អ រួមទាំងធននឹងការបំផ្លាញរបស់ពពួកសត្វល្អិតចង្រៃនាន ថែមទៀត។​
 
កញ្ញា អ៊ូ សុខមាន៖ អង្កាម  តើអាចធ្វើជាជីធម្មជាតិ ដោយពុំចាំបាច់លាយជាមួយលាមកសត្វបានឬទេ សម្រាប់ឱ្យកសិករប្រើប្រាស់ក្នុងការដាំដុះដំណាំនានា? 
 
លោក មួង ឡាំងអៃ៖   ចំពោះអង្កាមកសិករអាចយកទៅប្រើប្រាស់សុទ្ធសម្រាប់ការដាំដុះនានាបាន។ ដ្បិត អង្កាម​យើងនៅកប់នៅក្នុងដីសែ្រនៅឆ្នាំទីមួយ ដីនោះមើលទៅវាមិនសូវល្អពិតមែន ប៉ុន្តែសម្រាប់រដូវក្រោយ ឬឆ្នាំក្រោយកសិករយើង នឹងឃើញដីស្រែរបស់ខ្លួនធូរ ហើយដីនោះក៏កាន់តែមានភាពល្អប្រសើរឡើង ផងដែរ​។​​ នេះជាវិធីសាស្ត្រល្អមួយដែលកសិករ​គួរពិចារណាក្នុងការប្រើប្រាស់អង្កាមនៅលើដីស្រែ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីដែលកំពុងឡើងថ្លៃឥតឈប់ឈរ។ 
 
កញ្ញា អ៊ូ សុខមាន៖ ការកប់អង្កាមនៅក្នុងដីសម្រាប់ធ្វើជាជីធម្មជាតិ តើវិធីសាស្ត្រនេះ កសិករអាចប្រើប្រាស់គ្រប់រដូវឬទេ? 
 
លោក មួង ឡាំងអៃ៖    កសិករយើងអាចប្រើប្រាស់អង្កាមនៅក្នុងដីស្រែបានទាំងរដូវប្រាំង និងវស្សា ដោយយើងធ្វើយ៉ាងម៉េចយកអង្កាមហ្នឹងកប់ឬភ្ជួរវាចោលនៅក្នុងដីស្រែចោលទៅ  គឺវានឹងពុកផុយ​ និងរលាយបន្តិចម្តងៗនៅក្នុងដីស្រែយើងហើយ។  អ៊ីចឹង! វានឹង​ធ្វើឱ្យដីស្រែយើងកាន់តែប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។  ​
 
កញ្ញា អ៊ូ សុខមាន៖ ក្រៅពីការប្រើប្រាស់អង្គាម និងលាមកសត្វ តើមានវិធីសាស្ត្រណាដែលជួយកសិករក្នុងការកាត់បន្ថយលើថ្លៃជីនិងថ្នាំគីមី លើដំណាំស្រូវបានឬទេ? 
 
លោក មួង ឡាំងអៃ៖    ក្រៅពីប្រើប្រាស់អង្កាម និងលាមកសត្វហើយនោះ កសិករក៏​អាចអាចមានជម្រើសប្រើប្រាស់ដំណាំគម្របដី​ ដែលយើងហៅថាជាប្រភេទជីស្រស់ សម្រាប់ដំណាំស្រូវយើងបាន ផងដែរ។ ដំណាំគម្របដីទាំងនោះ មានពពួកសណ្តែក ពពួកបន្លែ ត្រសក់ស្រូវ ឪឡឹក ដំឡូងជ្វា និងពពួកដំណាំផ្សេងៗ។ 
 
ការដាំដំណាំទាំងនេះ ​ក្រៅពីបង្កើនជីវភាពគ្រួសារហើយនោះ  ក៏ផ្តល់ជីវភាពដល់ដីបានខ្ពស់ ផងដែរ។ ពពួកដំណាំទាំងនេះ ជួយកម្ចាត់ពូជស្មៅដែលមាននៅក្នុងស្រែយើងបានមួយចំនួន​​។ ដោយឡែក ដំណាំទាំងនេះនៅពេលដែលប្រមូលផលហើយ យើងភ្ជួរវាកប់ចោលនៅក្នុងដីដោយទុកវាឱ្យពុកផុយ នោះសារធាតុដំណាទាំងនោះ វានឹងក្លាយជាសារធាតុសរីរាង្គ​ដ៏ល្អសម្រាប់ដំណាំស្រូវ។ ដូច្នេះ វាអាចធ្វើឱ្យជីវភាពកសិករយើង បានល្អមួយកម្រិតដែរ តាមរយៈបង្កើនផលដំណាំសម្រាប់ជាប្រភពចំណូលបន្ថែមផង និងសម្រាប់ធ្វើជាជីធម្មជាតិលើផលដំណាំ ផង។ 
 
កញ្ញា អ៊ូ សុខមាន៖ ការប្រើប្រាស់ជីធម្មជាតិបែបនេះ តើអាចផ្តល់ទិន្នន័យបានខ្ពស់ឬច្រើន ដូចការប្រើប្រាស់ជាជីនិងថ្នាំកសិករគីមីឬទេ? 
 
លោក មួង ឡាំងអៃ៖    ចំពោះការប្រើប្រាស់ជីធម្មជាតិលើដំណាំ កសិករត្រូវចំណាយពេលវេលាច្រើន ក្នុងការសន្សំឬប្រមូលជីទាំងហ្នឹង ដែលវាមានលក្ខណៈខុសពីការប្រើជីគីមី ដោយ​ឱ្យតែមានប្រាក់យើងចង់ទិញពេលណា គឺប្រើបានពេលហ្នឹង។  ប៉ុន្តែ ចំពោះកសិករ​ដែលឧស្សាហ៍ព្យាយាម និងមិនចង់ចំណាយច្រើនលើថ្លៃជីនិងថ្នាំកសិកម្មគីមី កសិករនោះអាចយកវិធីសាស្ត្រលាយលាមកនិងនោមគោជាមួយអង្កាម ឬអង្កាម ឬប្រើប្រាស់ដំណាំគម្របដីទៅប្រើប្រាស់បាន។ 
 
ដូចខ្ញុំបានបញ្ជាក់ពីខាងលើអ៊ីចឹង ការប្រើជីធម្មជាតិឬជីសរីរាង្គនៅក្នុងឆ្នាំទីមួយ គឺដំណាំយើងមិនសូវទទួលបានទិន្នផលល្អ ដូចយើងប្រើជីគីមីទេ។  ប៉ុន្តែ បើយើងប្រើជីធម្មជាតិចាប់ពីឆ្នាំពីរឡើងទៅ នោះដីស្រែយើង នឹងមានភាពល្អប្រសើរឡើងៗ​ ហើយនៅពេលដីស្រែចម្ការកសិករមានគុណភាព នោះកសិករនឹងកាត់បន្ថយចំណាយលើថ្លៃជីគីមី បានច្រើនទៅតាមហ្នឹង ផងដែរ។​  
 
ប្រសិនបើកសិករមិនអនុវត្តតាមវិធីសាស្រ្តនេះឬមិនប្រើប្រាស់ជីធម្មជាតិនានាទេ នោះកសិករគឺនៅតែចំណាយខ្ពស់លើជីគីមីនិងថ្នាំកសិកម្មគីមី ពីមួយឆ្នាំទៅមួយឆ្នាំ​ ព្រោះ ធាតុចូលនៃវិស័យកសិកម្ម ជាពិសេសជីនិងថ្នាំកសិកម្ម គឺយើងចូលពីបរទេស​៕ 
 

Tag:
 កសិកម្ម
  ជី-ថ្នាំកសិកម្មគីមី
© រក្សាសិទ្ធិដោយ thmeythmey.com