ភ្នំពេញ៖ ខណៈជីនិងថ្នាំកសិកម្មគីមី បន្តឡើងថ្លៃខ្ពស់ លោក មួង ឡាំងអៃ អ្នកជំនាញផ្នែកដាំដុះស្រូវនៃអង្គការហ្រ្គេត (GRET) លើកទឹកចិត្តដល់កសិករឱ្យប្រើប្រាស់អង្កាម ឬធ្វើជីកំប៉ុស នៅក្នុងដំណើរការដាំដុះដំណាំនានា ពិសេសស្រូវដើម្បីកាត់បន្ថយចំណាយលើថ្លៃជីនិងថ្នាំគីមីកសិកម្ម។ លោក បានបញ្ជាក់ថា អង្កាម ជាជីធម្មជាតិមួយប្រភេទដែលផ្តល់ជីវជាតិ និងសំណើមដល់ដីក្នុងការបង្កបង្កើនផលដំណាំ ដែលជួយកសិករក្នុងការសន្សំសំចៃ ជីគីមី បានច្រើន ផងដែរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកអានកិច្ចសម្ភាសរវាងលោក មួង ឡាំងអៃ អ្នកជំនាញផ្នែកដាំដុះស្រូវនៃអង្គការហ្វ្រីនGRET ជាមួយកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ(ThmeyThmey) ខាងក្រោមដូចតទៅ៖
កញ្ញា អ៊ូ សុខមាន៖ ជី និងថ្នាំគីមីកសិកម្មនៅកម្ពុជា បន្តឡើងថ្លៃឥតឈប់ឈរពីមួយទៅមួយឆ្នាំ។ នេះជាបញ្ហាចម្បងដែលកសិករប្រឈមក្នុងការដាំដុះឬផលិតផលដំណាំនានា។ ដើម្បីកាត់បន្ថយចំណាយលើថ្លៃជីនិងថ្នាំកសិកម្មគីមី តើកសិករគួរត្រូវធ្វើដូចម្តេច?
លោក មួង ឡាំងអៃ៖ ច្បាស់ណាស់ការឡើងថ្លៃ នៃជី និងថ្នាំកសិកម្មគីមីនាបច្ចុប្បន្ន កំពុងផ្តល់ភាពលំបាកដល់កសិករក្នុងការបង្កបង្កើនផលដំណាំផ្សេងៗ។ ដើម្បីកាត់បន្ថយចំណាយលើការប្រើប្រាស់ជីនិងថ្នាំគីមី នៅក្នុងដំណើរការដាំដុះដំណាំនានា ជាពិសេសដំណាំស្រូវនោះ កសិករអាចប្រើប្រាស់លាមកសត្វ ដូចជាសត្វគោ ជ្រូក និងមាន់ទាជាដើម ដើម្បីធ្វើជាធម្មជាតិសម្រាប់ប្រើប្រាស់លើដំណាំស្រូវនិងដំណាំផ្សេងៗ។
កសិករដែលចិញ្ចឹមគោ គឺអាចចាក់សាប ឬអាចយកអង្កាមយើងហ្នឹង មកចាក់ក្រាលនៅកន្លែងគោដេកឱ្យវាជុះ-វានោមកន្លែងហ្នឹងទៅ ហើយទឹកនោមនិងលាមកដែលវាជប់ជាមួយអង្កាមហ្នឹង យើងអាចយកវាធ្វើជីធម្មជាតិប្រើលើដំណាំស្រូវយើងបាន។ ការធ្វើបែបនេះ កសិករគឺអាចកសិករសន្សំសំចៃថវិកាបានច្រើន ពីការប្រើប្រាស់ជីគីមី។ ជីធម្មជាតិដែលបានពីលាមកនិងទឹកនោមគោជាមួយអង្កាមនេះ វានឹងបង្កើនសារធាតុសរីរាង្គនៅក្នុងដីដែលធ្វើឱ្យដំណាំកសិករលូតលាស់ល្អ រួមទាំងធននឹងការបំផ្លាញរបស់ពពួកសត្វល្អិតចង្រៃនាន ថែមទៀត។
កញ្ញា អ៊ូ សុខមាន៖ អង្កាម តើអាចធ្វើជាជីធម្មជាតិ ដោយពុំចាំបាច់លាយជាមួយលាមកសត្វបានឬទេ សម្រាប់ឱ្យកសិករប្រើប្រាស់ក្នុងការដាំដុះដំណាំនានា?
លោក មួង ឡាំងអៃ៖ ចំពោះអង្កាមកសិករអាចយកទៅប្រើប្រាស់សុទ្ធសម្រាប់ការដាំដុះនានាបាន។ ដ្បិត អង្កាមយើងនៅកប់នៅក្នុងដីសែ្រនៅឆ្នាំទីមួយ ដីនោះមើលទៅវាមិនសូវល្អពិតមែន ប៉ុន្តែសម្រាប់រដូវក្រោយ ឬឆ្នាំក្រោយកសិករយើង នឹងឃើញដីស្រែរបស់ខ្លួនធូរ ហើយដីនោះក៏កាន់តែមានភាពល្អប្រសើរឡើង ផងដែរ។ នេះជាវិធីសាស្ត្រល្អមួយដែលកសិករគួរពិចារណាក្នុងការប្រើប្រាស់អង្កាមនៅលើដីស្រែ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីដែលកំពុងឡើងថ្លៃឥតឈប់ឈរ។
កញ្ញា អ៊ូ សុខមាន៖ ការកប់អង្កាមនៅក្នុងដីសម្រាប់ធ្វើជាជីធម្មជាតិ តើវិធីសាស្ត្រនេះ កសិករអាចប្រើប្រាស់គ្រប់រដូវឬទេ?
លោក មួង ឡាំងអៃ៖ កសិករយើងអាចប្រើប្រាស់អង្កាមនៅក្នុងដីស្រែបានទាំងរដូវប្រាំង និងវស្សា ដោយយើងធ្វើយ៉ាងម៉េចយកអង្កាមហ្នឹងកប់ឬភ្ជួរវាចោលនៅក្នុងដីស្រែចោលទៅ គឺវានឹងពុកផុយ និងរលាយបន្តិចម្តងៗនៅក្នុងដីស្រែយើងហើយ។ អ៊ីចឹង! វានឹងធ្វើឱ្យដីស្រែយើងកាន់តែប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។
កញ្ញា អ៊ូ សុខមាន៖ ក្រៅពីការប្រើប្រាស់អង្គាម និងលាមកសត្វ តើមានវិធីសាស្ត្រណាដែលជួយកសិករក្នុងការកាត់បន្ថយលើថ្លៃជីនិងថ្នាំគីមី លើដំណាំស្រូវបានឬទេ?
លោក មួង ឡាំងអៃ៖ ក្រៅពីប្រើប្រាស់អង្កាម និងលាមកសត្វហើយនោះ កសិករក៏អាចអាចមានជម្រើសប្រើប្រាស់ដំណាំគម្របដី ដែលយើងហៅថាជាប្រភេទជីស្រស់ សម្រាប់ដំណាំស្រូវយើងបាន ផងដែរ។ ដំណាំគម្របដីទាំងនោះ មានពពួកសណ្តែក ពពួកបន្លែ ត្រសក់ស្រូវ ឪឡឹក ដំឡូងជ្វា និងពពួកដំណាំផ្សេងៗ។
ការដាំដំណាំទាំងនេះ ក្រៅពីបង្កើនជីវភាពគ្រួសារហើយនោះ ក៏ផ្តល់ជីវភាពដល់ដីបានខ្ពស់ ផងដែរ។ ពពួកដំណាំទាំងនេះ ជួយកម្ចាត់ពូជស្មៅដែលមាននៅក្នុងស្រែយើងបានមួយចំនួន។ ដោយឡែក ដំណាំទាំងនេះនៅពេលដែលប្រមូលផលហើយ យើងភ្ជួរវាកប់ចោលនៅក្នុងដីដោយទុកវាឱ្យពុកផុយ នោះសារធាតុដំណាទាំងនោះ វានឹងក្លាយជាសារធាតុសរីរាង្គដ៏ល្អសម្រាប់ដំណាំស្រូវ។ ដូច្នេះ វាអាចធ្វើឱ្យជីវភាពកសិករយើង បានល្អមួយកម្រិតដែរ តាមរយៈបង្កើនផលដំណាំសម្រាប់ជាប្រភពចំណូលបន្ថែមផង និងសម្រាប់ធ្វើជាជីធម្មជាតិលើផលដំណាំ ផង។
កញ្ញា អ៊ូ សុខមាន៖ ការប្រើប្រាស់ជីធម្មជាតិបែបនេះ តើអាចផ្តល់ទិន្នន័យបានខ្ពស់ឬច្រើន ដូចការប្រើប្រាស់ជាជីនិងថ្នាំកសិករគីមីឬទេ?
លោក មួង ឡាំងអៃ៖ ចំពោះការប្រើប្រាស់ជីធម្មជាតិលើដំណាំ កសិករត្រូវចំណាយពេលវេលាច្រើន ក្នុងការសន្សំឬប្រមូលជីទាំងហ្នឹង ដែលវាមានលក្ខណៈខុសពីការប្រើជីគីមី ដោយឱ្យតែមានប្រាក់យើងចង់ទិញពេលណា គឺប្រើបានពេលហ្នឹង។ ប៉ុន្តែ ចំពោះកសិករដែលឧស្សាហ៍ព្យាយាម និងមិនចង់ចំណាយច្រើនលើថ្លៃជីនិងថ្នាំកសិកម្មគីមី កសិករនោះអាចយកវិធីសាស្ត្រលាយលាមកនិងនោមគោជាមួយអង្កាម ឬអង្កាម ឬប្រើប្រាស់ដំណាំគម្របដីទៅប្រើប្រាស់បាន។
ដូចខ្ញុំបានបញ្ជាក់ពីខាងលើអ៊ីចឹង ការប្រើជីធម្មជាតិឬជីសរីរាង្គនៅក្នុងឆ្នាំទីមួយ គឺដំណាំយើងមិនសូវទទួលបានទិន្នផលល្អ ដូចយើងប្រើជីគីមីទេ។ ប៉ុន្តែ បើយើងប្រើជីធម្មជាតិចាប់ពីឆ្នាំពីរឡើងទៅ នោះដីស្រែយើង នឹងមានភាពល្អប្រសើរឡើងៗ ហើយនៅពេលដីស្រែចម្ការកសិករមានគុណភាព នោះកសិករនឹងកាត់បន្ថយចំណាយលើថ្លៃជីគីមី បានច្រើនទៅតាមហ្នឹង ផងដែរ។
ប្រសិនបើកសិករមិនអនុវត្តតាមវិធីសាស្រ្តនេះឬមិនប្រើប្រាស់ជីធម្មជាតិនានាទេ នោះកសិករគឺនៅតែចំណាយខ្ពស់លើជីគីមីនិងថ្នាំកសិកម្មគីមី ពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះ ធាតុចូលនៃវិស័យកសិកម្ម ជាពិសេសជីនិងថ្នាំកសិកម្ម គឺយើងចូលពីបរទេស៕