សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឡាវផ្តល់កម្ចីដល់ស្ថានីយប្រេងឥន្ធនៈរដ្ឋ ទិញប្រេងសាំង ២០០លានលីត្រ
18, Jun 2022 , 9:29 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
ឡាវកំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈ និងអតិផរណាប្រាក់គីប ដោយសារ​ឥទ្ធិពលនៃ​វិបត្តិរុស្ស៊ី-អ៊ុយក្រែន និង​ជំងឺកូវីដ-១៩។ កាលពីពេល​ថ្មីៗកន្លងមក​នេះ រដ្ឋាភិបាល បានចាត់វិធានការណ៍បន្ទាន់មួយ ក្នុងការផ្តល់កម្ចីសម្រាប់សហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ ដើម្បីទិញប្រេងឥន្ធនៈចំនួន ២០០លានលីត្រដើម្បីបំពេញតម្រូវការក្នុងស្រុករយៈពេល៣ខែ ។

 
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ​ ឡាវបានជួបនូវវិបត្តិធំៗចំនួនពីរគឺ​អតិផរណារូបិយប័ណ្ណក្នុងស្រុកដែលអត្រាប្តូរប្រាក់គីបរបស់ឡាវបានធ្លាក់ចុះពី ៩ ៣៧០គីបក្នុង១ដុល្លាក្នុងខែកញ្ញា ឆ្នាំ២០២១ មកត្រឹម១៤ ៥៤៧គីបក្នុង១ដុល្លារនៅថ្ងៃនេះ និងវិបត្តិខ្វះប្រេងសាំងដែលអ្នកបើកបររថយន្តត្រូវបង្ខំចិត្តតម្រង់ជួរដើម្បីចាំចាក់សាំងជារៀងរាល់ថ្ងៃ។ 
 
វិបត្តិទាំងអស់នេះ​កើតឡើង​ពី​ការឡើង​តម្លៃ​ប្រេង​ពិភពលោកដោយសារ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន រួមជាមួយវិបត្តិជំងឺកូវីដ-១៩ រ៉ាំរ៉ៃដែលអូសបន្លាយពេលយ៉ាងយូរនៅក្នុងប្រទេសនេះផងដែរ ។​
 
បណ្តា​កាសែតក្នុងស្រុករបស់ឡាវដូចជា Vientiane Times, The Laotian Times បានចុះអត្ថបទជុំវិញកង្វល់របស់កសិកររស់នៅជនបទ។ អត្ថបទទាំងនោះភាគច្រើនបានរៀបរាប់ពីកង្វះខាតប្រេងសាំង ដែលកសិករកំពុងត្រូវការដើម្បីបំពេញនូវផលិតកម្មកសិកម្ម ហើយពួកគេបានដង្ហោយហៅរដ្ឋាភិបាលឱ្យចាត់វិធានការណ៍ជាបន្ទាន់ចំពោះការខ្វះខាតប្រេងសាំងដែលកំពុងតែបន្តនេះ ។ 
 
ឆ្លើយតបបញ្ហានេះ លោក Bounchom Oubonpaseuth រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុឡាវបានថ្លែងនៅក្នុងរដ្ឋសភាថា ៖ « រដ្ឋាភិបាលបានផ្តល់កម្ចីសម្រាប់សហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ ដើម្បីទិញប្រេងឥន្ធនៈប្រមាណ ២០០លានលីត្ររយៈពេល៣ខែបន្ទាប់»។ លោកបានសង្កត់ធ្ងន់ថា ៖ ​«ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ​នឹង​មាន​ប្រេងឥន្ធនៈ​គ្រប់គ្រាន់​នៅ​ទូទាំង​ប្រទេសចាប់ពីខែមិថុនា កក្កដា និងសីហា ​»។ នេះបើតាមកាសែត The Laotian Times​ ចុះថ្ងៃទី១៥ខែមិថុនា។ 
 
តម្លៃប្រងសាំងនៅ​ប្រទេស​ឡាវ​ឡើងថ្លៃមិនខុសពីកម្ពុជាប៉ុន្មានទេ ដែលក្នុងនោះក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រេងឥន្ធនៈ​ស៊ុប​ពែ​មាន​តម្លៃ​២៨ ៤៣០គីប​(ប្រមាណ៧៨០០រៀល)ក្នុង​មួយ​លី​ត្រ ប្រេងសាំង​ធម្មតា​មាន​តម្លៃ ២០ ១៦០គីប(ប្រមាណ៥៥០០រៀល) និង​ប្រេងម៉ាស៊ូត​មាន​តម្លៃ២០​ ២៦០គីប(ប្រមាណ៥៦០០រៀល)ក្នុង​មួយ​លី​ត្រ​។ នេះបើយោងតាមស្ថានីយ៍ប្រេងឥន្ធនៈPTTឡាវចុះថ្ងៃទី១៧មិថុនា។ 
 
សូមជម្រាបជូនថា នៅកម្ពុជា​ក៏មានការឡើងថ្លៃប្រេងសាំងផងដែរ។ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ដោយសាំងធម្មតាលក់តម្លៃ ៥ ៨០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតត្រូវលក់ ៦ ១០០រៀលក្នុងមួយលីត្រ៕
 
 

Tag:
 ឡាវ ប្រេងសាំង
© រក្សាសិទ្ធិដោយ thmeythmey.com