ជាតិ
លោក សុខ ទូច ៖ ដូនតាសម័យអង្គរ ជីកស្រះ បារាយណ៍ ដើម្បីរក្សាទឹក ឯអ្នកមានសម័យថ្មី លុបបឹងដើម្បីលុយដុល្លារ
23, Jun 2022 , 5:17 pm        
រូបភាព
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកមានសម័យថ្មីនេះ គិតតែពីផលប្រយោជន៍ផ្ទាល់ ដើម្បីប្រាក់ចំណេញ ដោយមិនគិតពីប្រយោជន៍រួម។  លោក សុខ ទូច ថ្លែងបែបនេះ ក្រោយឃើញសកម្មភាពឡានដឹកដីចាក់លុបបឹកតាមោក។

 
 
លោក សុខ ទូច ហាក់ដូចជាមានការព្រួយបារម្ភយ៉ាងខ្លាំង លើការលុបបឹងតាមោក ដែលជាបឹងចុងក្រោយនៅក្នុងរាជធានីភ្នំពេញ។ ក្នុងដំណើរតាមរថយន្តទៅកន្លែងធ្វើការនោះ លោក សុខ ទូច បានថតរូបភាពរថយន្តដឹកដី បើកបរជាជួរ កំពុងមមាញឹកជញ្ជូនដី យកទៅចាក់លុបបឹងមោក ដោយលាយលំជាមួយសំណេបែបសំនួរថា តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?
 
អមជាមួយសំណេពោរពេញដោយក្តីបារម្ភនេះ ប្រធានរាជបណ្ឌិត្យសភារូបនេះ បានលើកទឡ្ហីករណ៍ នៅលើហ្វេសប៊ុកខ្លួន ដូច្នេះថា៖«ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធ ដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ។ ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹង ដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថាធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ។ តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរណា ដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើម កន្លែងណាមួយដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក?»។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសុំការអត្ថាធិប្បាយបន្ថែម លើបញ្ហាលុបបឹងតាមោកនេះបានឡើយ ដោយលោកមិនទទួលទូរសព្ទ។


 
ប៉ុន្តែយ៉ាងណាការរិះគន់លើករណីលុបបឹងនេះ ពុំមែនជាលើកទីមួយរបស់លោក សុខ ទូច ឡើយ ខណៈសង្គមស៊ីវិល ក៏តែងតែទាមទារឲ្យរដ្ឋាភិបាល ពិចារណាឡើងវិញ លើសម្រេចកាត់ដី និងផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន សាងសង់គម្រោងលើបឹងតាមោកនេះ។ វាសនាបឹងតាមោក ដែលមានទំហំជាង៣ពាន់ហិកតា និងជាបឹងចុងក្រោយនៅរាជធានីភ្នំពេញ បានបាត់រូបរាងបន្តិចម្ដងៗ អស់ជាង២ពាន់ហិកតារួចទៅហើយ ។ បឹងនេះ ក៏ប្រឈមមុខបាត់បង់ដូចជាបឹងដទៃទៀតដែរ។ 
 
ជុំវិញការលុបបឹងនេះ កាលពីថ្ងៃទី២០មិថុនា ពលរដ្ឋប្រមាណ២០០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានជជែកគ្នាយ៉ាងតឹងសរសៃក ខណៈអាជ្ញាធរបញ្ជាឡានដឹកឲ្យដីលុបបឹងតាមោក ជាបន្តបន្ទាប់។ អ្នកស្រី ផន សុខុម ដែលជាតំណាងសហគមន៍នៃគ្រួសាររងផលប៉ះពាល់នៅទីនោះ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២២មិថុនា ថា ប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរបានដាក់ដីលុបបឹងតាមោក ដែលប៉ះពាល់ដល់កន្លែងចិញ្ចឹមត្រីរបស់អ្នកស្រី អស់ប្រមាណ៣ហិកតា ដែលក្នុងនោះមានត្រី ១៥ម៉ឺនក្បាល។ ដូច្នេះ ពលរដ្ឋដែលចិញ្ចឹមនៅក្បែរគ្នាប្រមាណ៥០គ្រួសារទៀត បារម្ភខ្លាចលុបដល់កន្លែងចិញ្ចឹមត្រីរបស់ពួកគេ។ 
 
អ្នកស្រី ផន សុខុម បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនសង្ឃឹមថ្ងៃមុនទៅ អាជ្ញាធរទុកបឹងនេះទេ តែយ៉ាងណាត្រូវតែមានសំណងសមរម្យតាមតម្លៃទីផ្សារទៅបានហើយ ព្រោះកន្លែងចិញ្ចឹមត្រីនេះ ពួកខ្ញុំប្រកបមុខរបរជាង១០ទៅ២០ឆ្នាំមកហើយ»។ 
 
បើតាមតំណាងសហគមន៍រូបនេះ ការលុបបឹកតមោកនៅតំបន់ចិញ្ចឹមត្រីរបស់សហគមន៍អ្នកស្រី អាជ្ញាធរមិនបានជូនដំណឹងមុនឡើយ។ 
 
ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានឡើយ។ 
 
បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា។ គិតត្រឹមចុងឆ្នាំ២០២១នេះ រដ្ឋាភិបាលបាន​កាត់ផ្ទៃដីបឹកតាមោក ប្រគល់​ទៅឱ្យបុគ្គលឯកជន និងស្ថាបនសាធារណៈយ៉ាងតិច៤៦ដង គឺមានទំហំ២០៩៤ហិកតា ឬស្នើនឹង៦៥ ភាគរយនៃផ្ទៃបឹងទាំងមូល។ ជុំវិញបឹងនេះ មាន​ប្រជា​ពលរដ្ឋប្រហែល៣០០គ្រួសារ ហើយភាគច្រើនពួកគាត់ប្រកបមុខរបរ នេសាទ ចិញ្ចឹមត្រី ដាំឈូក និងលក់ដូរ តាមផ្ទះតិចតួចជាដើម។ នេះបើតាមរបាយការណ៍របស់សមាគមនធាងត្នោត និងបណ្ដាសង្គមស៊ីវិលដទៃទៀត។ 
 
វាសនាបឹងនេះ ដែលនៅសល់ប្រមាណ១ពាន់ហិកតាទៀតនេះ តើរដ្ឋាភិបាលនឹងមានគម្រោងកាត់ដីបឹង ឲ្យបណ្ដាស្ថាប័នរដ្ឋនិងឯកជនបន្ថែមទៀតទេ? ​ លោក ទិត សុធា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រី្ត លោកសុំមិនអធិប្បាយតបសំនួរឡើយ ដោយសារលោកមិនបានក្ដាប់លើគម្រោងបឹងតាមោក។ ទន្ទឹមនឹងនេះ លោកស្នើឲ្យសារព័ត៌មាន សាកសួរទៅខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់វិញ។ 
 
ចំណែក លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី ក៏សុំមិនបកស្រាយដែរ ដោយប្រាប់ថា លោកកំពុងជាប់ប្រជុំ។ 
 
ចំពោះការចាក់ដីលុបបឹងតាមោកជាបន្តបន្ទាប់ ពិសេសលើកន្លែងចិញ្ចឹមត្រី ឬលុបកន្លែងចិញ្ចឹមត្រីរបស់ពលរដ្ឋ គឺបង្ហាញពីភាពខ្វះខាតក្នុងការដោះស្រាយបញ្ហារបស់អាជ្ញាធរ ខណៈពលរដ្ឋអាស្រ័យផលនៅលើបឹងនោះ។ ការបំផ្លាញប្រភពចំណូលរបស់ពលរដ្ឋ គឺស្មើនឹងការវាយបំបែកឆ្នាំងបាយរបស់ពួកគេ។ នេះជាការមើលឃើញរបស់លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត ។
 
លោក បានសង្កត់ធ្ងន់ថា៖ «នាមជាអាជ្ញាធរ ជាអ្នកបម្រើប្រជាពលរដ្ឋអត់គួរធ្វើបែបនេះទេ យ៉ាងហោចណាស់ ត្រូវគិតថាបើបាត់បង់មុខរបរ។ តើពួកគាត់ត្រូវធ្វើអ្វីជំនួស ដើ​ម្បីបានចំណូល? ត្រូវទុកពេលសមស្របមួយ ឱ្យគាត់សម្រាប់រើចេញ ព្រោះអ្នកខ្លះខ្ចីជំពាក់បំណុល។ ដូច្នេះ វាជំរុញឲ្យពួកគាត់កាន់តែពិបាក»។ 
 
ជុំវិញការលុបបឹងនេះ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) មើលឃើញពីការមិនគិតគូពីផលប៉ះពាល់លើពលរដ្ឋ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដែលកើតមានជាហូរហែ​ ដោយពុំមែនមានតែករណីលុបបឹងឡើយ។ ចំពោះការអភិវឌ្ឍនេះ លោក គីមហុង យល់ថា រដ្ឋាភិបាលគួរគិតឲ្យបានវែងឆ្ងាយ ដោយរក្សាបឹងទុក ដើម្បីជួយទប់ទឹកភ្លៀង ជាពិសេសទឹកជំនន់។ 
 
«រដ្ឋាភិបាលគួរពិចារណា ស្វែងរកដំណោះស្រាយដោយរក្សាបឹងទុក មិនគួរឲ្យមានការអភិវឌ្ឍណាមួយឡើយ។ យើងដឹងហើយថាផ្ទៃដីបឹងតាមោក សំខាន់ក្នុងការរក្សាស្តុកទឹកទុក ហើយក៏ជាផ្នែកមួយសម្រាប់ឲ្យពលរដ្ឋអាស្រ័យផលនៅតំបន់បឹងបានផងដែរ»។ នេះជាការលើកឡើងរបស់លោក ហេង គីមហុង ដោយបន្ថែមថា ការអភិវឌ្ឍណាបង្កផលប៉ះពាល់នោះ គឺជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋ ខណៈអ្នកវិនិយោគចំណេញ។ 
 
ទោះមានការមតិរិះគន់ ជុំវិញការលុបបឹង និងការអភិវឌ្ឍ យ៉ាងណាក្ដី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកបានបង្ហាញពីមោទកភាពចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ «ខ្ញុំស្អប់បំផុតពេលទឹកជំនន់ម្តងៗ ជេរនោះជេរ ថាឯងលុបបឹង»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល នាពេលសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕ 
 
 
 

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com