អន្តរជាតិ
អាស៊ាន
លោក​ គង់ ភោគ​៖ វត្តមាន​តំណាង​មី​យ៉ាន់​ម៉ា​នៅ​កិច្ចប្រជុំ​អាស៊ាន គឺ​ភ្ជាប់​ការអនុវត្ត​ការឯកភាព​៥​ចំណុច​
02, Aug 2022 , 8:44 pm        
រូបភាព
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពថតដោយលោក តន ចាន់រិទ្ធារ៉ា
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពថតដោយលោក តន ចាន់រិទ្ធារ៉ា
លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ រួមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ថ្ងៃទី​២ ខែសីហា បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ពាក់ព័ន្ធ​នឹង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា គឺ​ភ្ជាប់​នឹង​ការរីកចម្រើន​នៃ​ការអនុវត្ត​ការឯកភាព ៥​ចំណុច​របស់​អាស៊ាន ដែល​ដាក់ចេញ​នៅ​ខែមេសា ឆ្នាំ​២០២១ កន្លងមក​។



កម្ពុជា កំពុង​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ រហូតដល់​ថ្ងៃទី​៥ ខែសីហា​។ យ៉ាងណាមិញ កិច្ចប្រជុំ​លើក​នេះ មិនមាន​វត្តមាន​ប្រមុខ​ការទូត​នៃ​រដ្ឋាភិបាល​យោធា រួមទាំង​អ្នកតំណាង​មិនមែន​នយោបាយ​មី​យ៉ាន់​ម៉ា​ឡើយ បន្ទាប់ពី​កម្ពុជា ដែលជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន បាន​អញ្ជើញ​ត្រឹម​អ្នកតំណាង​មិនមែន​នយោបាយ​មី​យ៉ាន់​ម៉ា​ឱ្យ​ចូលរួម​ប៉ុណ្ណោះ​។ 

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំឡើង​នៅ​ក្រុងភ្នំពេញ លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ រួមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ បាន​ថ្លែងថា អាស៊ាន មិនទាន់​អាច​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​បានឡើយ លុះត្រា​តែមាន​ការវិវឌ្ឍ​ដ៏​ល្អ នៅក្នុង​ការអនុវត្ត​ការព្រមព្រៀង ៥​ចំណុច ដែល​មេដឹកនាំ​អាស៊ាន​ដាក់ចេញ​នៅ​ខែមេសា ឆ្នាំ​២០២១ កន្លងមក​។ 

«​ពាក់ព័ន្ធ​នឹង​បញ្ហា​តំណាង​មី​យ៉ាន់​ម៉ា (​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋាភិបាលយោធា​) គឺ​ភ្ជាប់​នឹង​ការរីកចម្រើន​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​»​។ លោក គង់ ភោគ បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ជុំវិញ​បញ្ហា​មី​យ៉ាន់​ម៉ា​បែបនេះ ដោយ​បន្តថា ដោយសារ​ការវាយតម្លៃ​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច​មិនទាន់​ដល់​កម្រិត​មួយ ទើប​កម្ពុជា​មិនអាច​អញ្ជើញ​បាន​។ ត្រង់ចំណុច​នេះ អ្នកនាំពាក្យ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​បន្តថា ការអញ្ជើញ​របស់​កម្ពុ​ជា​នៅត្រឹម​កម្រិត​តំណាង​មិនមែន​អ្នកនយោបាយ​។ 

លោក គង់ ភោគ ក៏បាន​បញ្ជាក់​ផង​ថា កម្ពុជា ក្នុងនាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន ក៏បាន​អញ្ជើញ​ភាគី​មី​យ៉ាន់​ម៉ា​ដែរ ប៉ុន្តែ​មី​យ៉ាន់​ម៉ា មិន​ព្រម​បញ្ជូន​អ្នកតំណាង​មិនមែន​នយោបាយ​មក​ចូលរួម​។​

ត្រង់ចំណុច​នេះ មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា បាន​ពន្យល់​ទៀតថា បើ​ទោះ​ប្រមុខ​ការទូត​របស់​រដ្ឋាភិបាល​យោធា មិនបាន​ចូលរួម ប៉ុន្តែ​មី​យ៉ាន់​ម៉ា នៅតែ​ជា​ផ្នែក​មួយ​របស់​អាស៊ាន​។ បានន័យថា កិច្ចប្រជុំ​នៅ​កម្រិត​បច្ចេកទេស កិច្ចប្រជុំ​នៅ​កម្រិត​ឧ​ត្ត​ម​មន្ត្រី គឺ​សុទ្ធ​តែមាន​វត្តមាន​រប​ស់​មន្ត្រី​មី​យ៉ាន់​ម៉ា​។ បើតាម​លោក គង់ ភោគ មី​យ៉ាន់​ម៉ា ដើរតួនាទី​សំខាន់​មួយ​នៅ​អាស៊ាន តាមរយៈ​ការសម្របសម្រួល​រវាង​ទំនាក់ទំនង​អាស៊ាន​-​ចិន​។ 

មកទល់ពេលនេះ ស្ថានភាព​នយោបាយ​មី​យ៉ាន់​ម៉ា នៅតែមាន​ភាពស្មុគស្មាញ ខណៈ​នាពេល​ថ្មីៗ​នេះ យោធា​មី​យ៉ាន់​ម៉ា បាន​អនុវត្ត​ទោស​ប្រហារជីវិត​លើ​អ្នកប្រឆាំង​ចំនួន ៤​រូប ដែល​ធ្វើឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com