អន្តរជាតិ
អាស៊ាន
លោក គង់ ភោគ៖ វត្តមានតំណាងមីយ៉ាន់ម៉ានៅកិច្ចប្រជុំអាស៊ាន គឺភ្ជាប់ការអនុវត្តការឯកភាព៥ចំណុច លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ រូបភាពថតដោយលោក តន ចាន់រិទ្ធារ៉ា
× លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២ ខែសីហា បានអះអាងក្នុងសន្និសីទសារព័ត៌មានមួយថា ពាក់ព័ន្ធនឹងវត្តមានរដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គឺភ្ជាប់នឹងការរីកចម្រើននៃការអនុវត្តការឯកភាព ៥ចំណុចរបស់អាស៊ាន ដែលដាក់ចេញនៅខែមេសា ឆ្នាំ២០២១ កន្លងមក។
កម្ពុជា កំពុងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ រហូតដល់ថ្ងៃទី៥ ខែសីហា។ យ៉ាងណាមិញ កិច្ចប្រជុំលើកនេះ មិនមានវត្តមានប្រមុខការទូតនៃរដ្ឋាភិបាលយោធា រួមទាំងអ្នកតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាឡើយ បន្ទាប់ពីកម្ពុជា ដែលជាប្រធានផ្លាស់វេនអាស៊ាន បានអញ្ជើញត្រឹមអ្នកតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាឱ្យចូលរួមប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងនៅក្រុងភ្នំពេញ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ បានថ្លែងថា អាស៊ាន មិនទាន់អាចអញ្ជើញរដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានឡើយ លុះត្រាតែមានការវិវឌ្ឍដ៏ល្អ នៅក្នុងការអនុវត្តការព្រមព្រៀង ៥ចំណុច ដែលមេដឹកនាំអាស៊ានដាក់ចេញនៅខែមេសា ឆ្នាំ២០២១ កន្លងមក។
«ពាក់ព័ន្ធនឹងបញ្ហាតំណាងមីយ៉ាន់ម៉ា (រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលយោធា) គឺភ្ជាប់នឹងការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច»។ លោក គង់ ភោគ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញបញ្ហាមីយ៉ាន់ម៉ាបែបនេះ ដោយបន្តថា ដោយសារការវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចមិនទាន់ដល់កម្រិតមួយ ទើបកម្ពុជាមិនអាចអញ្ជើញបាន។ ត្រង់ចំណុចនេះ អ្នកនាំពាក្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបន្តថា ការអញ្ជើញរបស់កម្ពុជានៅត្រឹមកម្រិតតំណាងមិនមែនអ្នកនយោបាយ។
លោក គង់ ភោគ ក៏បានបញ្ជាក់ផងថា កម្ពុជា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន ក៏បានអញ្ជើញភាគីមីយ៉ាន់ម៉ាដែរ ប៉ុន្តែមីយ៉ាន់ម៉ា មិនព្រមបញ្ជូនអ្នកតំណាងមិនមែននយោបាយមកចូលរួម។
ត្រង់ចំណុចនេះ មន្ត្រីក្រសួងការបរទេសកម្ពុជា បានពន្យល់ទៀតថា បើទោះប្រមុខការទូតរបស់រដ្ឋាភិបាលយោធា មិនបានចូលរួម ប៉ុន្តែមីយ៉ាន់ម៉ា នៅតែជាផ្នែកមួយរបស់អាស៊ាន។ បានន័យថា កិច្ចប្រជុំនៅកម្រិតបច្ចេកទេស កិច្ចប្រជុំនៅកម្រិតឧត្តមមន្ត្រី គឺសុទ្ធតែមានវត្តមានរបស់មន្ត្រីមីយ៉ាន់ម៉ា។ បើតាមលោក គង់ ភោគ មីយ៉ាន់ម៉ា ដើរតួនាទីសំខាន់មួយនៅអាស៊ាន តាមរយៈការសម្របសម្រួលរវាងទំនាក់ទំនងអាស៊ាន-ចិន។
មកទល់ពេលនេះ ស្ថានភាពនយោបាយមីយ៉ាន់ម៉ា នៅតែមានភាពស្មុគស្មាញ ខណៈនាពេលថ្មីៗនេះ យោធាមីយ៉ាន់ម៉ា បានអនុវត្តទោសប្រហារជីវិតលើអ្នកប្រឆាំងចំនួន ៤រូប ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសក្នុងតំបន់ និងអន្តរជាតិ៕ © រក្សាសិទ្ធិដោយ thmeythmey.com