កីឡាអន្តរជាតិ
អន្តរជាតិ
Richarlison ត្រូវបានរើសអើងដោយការគប់ផ្លែចេក ខណៈ Neymar គៀកកំណត់ត្រា Pele
× Richarlison រងការប្រមាថរើសអើងជាតិសាសន៍ ដោយការគប់ផ្លែចេកពីក្រុមអ្នកគាំទ្រ នាការប្រកួតដែលប្រេស៊ីលឈ្នះទុយនីស៊ី ៥-១ នាជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី២៧ ខែកញ្ញា។ Neymar ដែលរកបាន១គ្រាប់នាជំនួបនោះ កំពុងខិតជិតតាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele។
ការប្រកួតនាកីឡដ្ឋាន Parc des Princes ត្រូវបានបង្ខំចិត្តផ្អាកបណ្តោះអាសន្ននៅវគ្គទីមួយ បន្ទាប់ពីមានអ្នកគាំទ្របាញ់ភ្លើងកាំរស្មី Laser លើកីឡាករប្រេស៊ីល។
រឿងដែលនឹកស្មានមិនដល់ ខណៈពេលការប្រកួតកំពុងផ្អាក ស្រាប់តែមានការចោលផ្លែចេកចូលទីលានសំដៅលើខ្សែប្រយុទ្ធ Richarlison ក្រោយរូបគេស៊ុតគ្រាប់ទី២ ឱ្យក្រុមប្រេស៊ីល។
«ជារឿងនឹកស្មានមិនដល់ ផ្លែចេកមួយត្រូវបានចោលចូលមកក្នុងទីលានសំដៅទៅកាន់ Richarlison ដែលជាកីឡាករដែលរកបានគ្រាប់ទី២ ឱ្យប្រេស៊ីល។ CBF នឹងបង្ហាញជំហរប្រយុទ្ធប្រឆាំងចំពោះទង្វើនៃការរើសអើងជាតិសាសន៍ និងបដិសេធរាល់ទង្វើរើសអើងគ្រប់រូបភាព»។ នេះបើតាមសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) និយាយលើ Twitter។
នាជំនួបនោះក្រុមប្រេស៊ីល បានបង្ហាញភាពលេចធ្លោខ្លាំង ដោយត្រឹមវគ្គទីមួយពួកគេអាចរកបាន ៤គ្រាប់រួចទៅហើយ ចំណែកគ្រាប់ទី៥ រកបានក្នុងវគ្គទីពីរ។ គ្រាប់បាល់ទី១ រកបានដោយ Raphinha នៅនាទី១១ ហើយរូបគេជាអ្នកស៊ុតគ្រាប់ទី៤របស់ប្រេស៊ីល នៅនាទី៤០ Richarlison ស៊ុតគ្រាប់ទី២ នាទី១៩ Neymar ស៊ុតបាល់ពិន័យ ១១ម៉ែត្រនាទី២៩ និង Pedro ស៊ុតគ្រាប់ទី៥ នាទី៧៤។ ទុយណេស៊ីរកបាន១គ្រាប់មកវិញតាំងពីនាទី១៨ ដោយកីឡាករ Montassar Talbi។
ដោយឡែក Neymar វិញ ១គ្រាប់ដែលរូបគេរកបានក្នុងជំនួបនោះជាគ្រាប់ទី៧៥សម្រាប់ប្រេស៊ីលពីការបង្ហាញខ្លួន ១២០ប្រកួត។ នេះមានន័យថា ខ្សែប្រយុទ្ធ PSG រូបនេះខិតកាន់តែជិតកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតរបស់លោក Pele ដែលគេចាត់ទុកជាវីរបុរសបាល់ទាត់ប្រេស៊ីលដែលរកបាន ៧៧គ្រាប់ពីការបង្ហាញខ្លួន ៩២លើក។
ក្រោយការប្រកួតទល់ទុយនីស៊ីបញ្ចប់ ប្រេស៊ីលក៏នឹងត្រូវធ្វើដំណើរបន្តចាកចេញពីទឹកដីបារាំងទៅកាន់ប្រទេសកាតាដែលជាគោលដៅបន្ទាប់ និងជាប្រទេសដែលត្រូវរៀបចំព្រឹត្តិការណ៍ World Cup 2022។ សម្រាប់ World Cup ប្រេស៊ីលជាក្រុមស្ថិតក្នុងពូល G ដោយនឹងត្រូវប្រកួតបើកឆាកក្នុងពូលដំបូងទល់ ស៊ែប៊ីថ្ងៃទី២៤ ខែវិច្ចិកា ហើយត្រូវប៉ះស្វីសថ្ងៃទី២៨ ខែវិច្ឆិកា មុនជួបកាម៉េរូន ៥ថ្ងៃបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com