កីឡាអន្តរជាតិ
អន្តរជាតិ
Richarlison ត្រូវបានរើសអើងដោយការគប់ផ្លែចេក ខណៈ Neymar គៀកកំណត់ត្រា ​Pele
28, Sep 2022 , 4:31 pm        
រូបភាព
Richarlison រងការប្រមាថរើសអើងជាតិសាសន៍ ដោយការគប់ផ្លែចេកពីក្រុមអ្នកគាំទ្រ នាការប្រកួតដែលប្រេស៊ីលឈ្នះទុយនីស៊ី ៥-១ នាជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី២៧ ខែកញ្ញា។ Neymar ដែលរកបាន១គ្រាប់នាជំនួបនោះ កំពុងខិតជិតតាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសបាល់ទាត់ប្រេស៊ីលលោក ​Pele។



ការប្រកួតនាកីឡដ្ឋាន Parc des Princes ត្រូវបានបង្ខំចិត្តផ្អាកបណ្តោះអាសន្ននៅវគ្គទីមួយ បន្ទាប់ពីមានអ្នកគាំទ្របាញ់ភ្លើងកាំរស្មី Laser លើកីឡាករប្រេស៊ីល។
 
រឿងដែលនឹកស្មានមិនដល់​ ខណៈពេលការប្រកួតកំពុងផ្អាក​ ស្រាប់តែមានការចោលផ្លែចេកចូលទីលានសំដៅលើខ្សែប្រយុទ្ធ Richarlison ក្រោយរូបគេស៊ុតគ្រាប់ទី២ ឱ្យក្រុមប្រេស៊ីល។ 
«ជារឿងនឹកស្មានមិនដល់ ផ្លែចេកមួយត្រូវបានចោលចូលមកក្នុងទីលានសំដៅទៅកាន់ ​Richarlison ដែលជាកីឡាករដែលរកបានគ្រាប់ទី២ ឱ្យប្រេស៊ីល។ ​CBF នឹងបង្ហាញជំហរប្រយុទ្ធប្រឆាំងចំពោះទង្វើនៃការរើសអើងជាតិសាសន៍ និងបដិសេធរាល់ទង្វើរើសអើងគ្រប់រូបភាព»។ នេះបើតាមសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) និយាយលើ Twitter។
 
នាជំនួបនោះក្រុមប្រេស៊ីល បានបង្ហាញភាពលេចធ្លោខ្លាំង ដោយត្រឹមវគ្គទីមួយពួកគេអាចរកបាន ៤គ្រាប់រួចទៅហើយ ចំណែកគ្រាប់ទី៥ រកបានក្នុងវគ្គទីពីរ។ គ្រាប់បាល់ទី១ រកបានដោយ​ Raphinha នៅនាទី១១ ហើយរូបគេជាអ្នកស៊ុតគ្រាប់ទី៤របស់ប្រេស៊ីល​ នៅនាទី៤០ Richarlison ស៊ុតគ្រាប់ទី២ នាទី១៩ Neymar ស៊ុតបាល់ពិន័យ ១១ម៉ែត្រនាទី២៩ និង ​Pedro ស៊ុតគ្រាប់ទី៥ នាទី៧៤។ ទុយណេស៊ីរកបាន១គ្រាប់មកវិញតាំងពីនាទី១៨ ដោយកីឡាករ Montassar Talbi។
 
ដោយឡែក Neymar វិញ ១គ្រាប់ដែលរូបគេរកបានក្នុងជំនួបនោះជាគ្រាប់ទី៧៥សម្រាប់ប្រេស៊ីលពីការបង្ហាញខ្លួន ១២០ប្រកួត។ នេះមានន័យថា ខ្សែប្រយុទ្ធ PSG រូបនេះខិតកាន់តែជិតកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតរបស់លោក Pele ដែលគេចាត់ទុកជាវីរបុរសបាល់ទាត់ប្រេស៊ីលដែលរកបាន ៧៧គ្រាប់ពីការបង្ហាញខ្លួន ៩២លើក។ 
 
ក្រោយការប្រកួតទល់ទុយនីស៊ីបញ្ចប់​ ប្រេស៊ីលក៏នឹងត្រូវធ្វើដំណើរបន្តចាកចេញពីទឹកដីបារាំងទៅកាន់ប្រទេសកាតាដែលជាគោលដៅបន្ទាប់ និងជាប្រទេសដែលត្រូវរៀបចំព្រឹត្តិការណ៍ World Cup 2022។ សម្រាប់ World Cup ប្រេស៊ីលជាក្រុមស្ថិតក្នុងពូល G ដោយនឹងត្រូវប្រកួតបើកឆាកក្នុងពូលដំបូងទល់ ស៊ែប៊ីថ្ងៃទី២៤ ខែវិច្ចិកា ហើយត្រូវប៉ះស្វីសថ្ងៃទី២៨ ខែវិច្ឆិកា មុនជួបកាម៉េរូន ៥ថ្ងៃបន្ទាប់៕
 
 
 

Tag:
 Brazil
  Richarlison
© រក្សាសិទ្ធិដោយ thmeythmey.com