អាស៊ានគឺជាតំបន់ដែលមានសេដ្ឋកិច្ចធំលំដាប់ទី៥ នៅលើពិភពលោក ដោយមានទំហំពាណិជ្ជកម្ម ប្រមាណ ៣,៤២៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់អាស៊ានមានតម្លៃ ១,៧៩៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ១,៦៣៣ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។
ផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ានមានតម្លៃប្រមាណ ៣,៣ទ្រីលានដុល្លារក្នុងឆ្នាំ២០២១ ដែលធ្វើឱ្យតំបន់មួយនេះ អាចឈរនៅលំដាប់ទី៥ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។
អាម៉េរិកជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត ហើយតម្លៃ GDP ក្នុងប្រទេសមួយនេះមានចំនួន ២៣ទ្រីលានដុល្លារ ខណៈដែលចិនមានជិត ១៨ទ្រីលានដុល្លារ បន្ទាប់មកមានជប៉ុន ៤,៩ទ្រីលានដុល្លារ និងអាឡឺម៉ង់ ៤,២ទ្រីលានដុល្លារ។ នេះបើតាមធនាគារពិភពលោក (World Bank)។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាស៊ានរួមមាន ចិនឈរនៅលំដាប់កំពូល ដែលមានទំហំពាណិជ្ជកម្ម ប្រមាណ ៧៣២,៩៦ពាន់លានដុល្លារ ដែលស្មើនឹង ២១,៣៨ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន ខណៈដែលអាម៉េរិកមានត្រឹមតែ ៣៧៣,៧៨ ពាន់លានដុល្លារស្មើនឹង ១០,៩០ភាគរយ។ នេះបើតាមព្រឹត្តបត្រពាណិជ្ជកម្មខាងលើ។
ទន្ទឹមនេះ ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាស៊ានមានតម្លៃ ២៨២,០១ពាន់លានដុល្លារស្មើនឹង ៨,២៣ភាគរយនៃទំហំពាណិជ្ជកម្មសរុប ស្របពេលដែលជប៉ុនមានតម្លៃ ២៣៨,៩ពាន់លានដុល្លារស្មើនឹង ៦,៩៧ភាគរយ, កូរ៉ខាងត្បូង ១៩១,២៥ពាន់លានដុល្លារស្មើរនឹង៥,៥៨ភាគរយ និងបណ្តាប្រទេសផ្សេងទៀតស្មើនឹង ៤៦,៩៤ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។
បើតាមព្រឹត្តិបត្រដដែល អាស៊ានមានកិច្ចព្រៀមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់សំខាន់ជាច្រើនក្នុងនោះ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិន បានចុះហត្ថលេខាដំបូងគេក្នុងឆ្នាំ ២០០២ ខណៈអាស៊ាន-ឥណ្ឌាបានចុះហត្ថលេខានៅឆ្នាំ ២០០៣។ បន្តមកទៀត អាស៊ានក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណកូរ៉េក្នុងឆ្នាំ ២០០៥ និងជប៉ុននៅឆ្នាំ ២០០៨។
រីឯកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ បានយល់ព្រមចុះហត្ថលេខាក្នុងឆ្នាំ ២០០៩ និងអាស៊ាន-ហុងកុងនៅឆ្នាំ ២០១៨។ ជាពិសេសអាស៊ានបានចុះហត្ថលេខាជាមួយកិច្ចព្រៀមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)នៅឆ្នាំ ២០២០ ដែលមានបរទេសជាសមាជិកចំនួន ១៥ ក្នុងនោះអាស៊ាន ១០ប្រទេស និងកូរ៉េខាងត្បូង ជប៉ុន ចិន អូស្ត្រាលី និងនូវែលសេឡង់។
ដោយឡែក អាស៊ានក៏បានចចារជាមួយសហភាពអឺរ៉ុប ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ប៉ុន្តែការចចារនេះត្រូវបានផ្អាកចាប់ពីឆ្នាំ២០០៩ ខណៈដែលប្រទេសកាណាដាកំពុងស្ថិតនៅដំណាក់កាលកចរចានៅឡើយ៕